ឪពុកម្តាយមួយចំនួនតែងតែបណ្តាយតាមការចង់របស់កូនដូចជា កូនចង់បានកូនឡាន កូនចង់បានកង់ កូនចង់បានខោវអាវថ្មី កូនចង់បាន... ការមានទម្លាប់បែបនេះ ពេលកូនធំឡើងចាំតែពឹងឪពុកម្តាយជួយតែប៉ុណ្ណោះ។ វាធ្វើឱ្យកូនទាន់ជ្រាយ មិនចេះពឹងខ្លួនឯងនោះទេ។ នេះជាក្បួនរបស់ខ្លាចាស់ទាំង ៣ ឱ្យកូនចេះពឹងខ្លួនឯងពេលធំឡើង។
១. កុំផ្តល់នូវអ្វីគ្រប់យ៉ាងឱ្យកូនតាមចិត្ត៖ តាមលោកតា Warren Buffett បានប្រាប់ទៅគេហទំព័រ Fortune ថា “ខ្ញុំមានគម្រោងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ខ្ញុំចូលទៅក្នុងមូលនិធិ Buffett ជាជាងឱ្យកូនរបស់ខ្ញុំទាំងអស់”។ គាត់បានបន្ថែមថា “កូនៗ របស់ខ្ញុំនឹងមានភាពក្លាហានក្នុងការច្នែសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេឱ្យខ្លាំងឡើងជាងមុន ចំណែកខ្ញុំរង់ចាំជួយដោះស្រាយជាមួយពួកគេនៅពេលដែលត្រូវការជំនួយជាជាងការផ្តល់លុយកាក់ដែលមានសម្រាប់”។ ដំបូន្មានរបស់លោកតា Warren ចង់អប់រំថា ទោះបីគាត់មានលុយរាប់ពាន់ដុល្លារក៏ដោយ បើឱ្យលុយកូនមានស្រាប់ វាធ្វើឱ្យកូនក្លាយជាមនុស្សទាន់ជ្រាយ គ្មានសមត្ថភាពពឹងខ្លួនឯង ហើយទោះបីកូនរបស់គាត់មានលុយគរដូចជាភ្នំក៏រលាយអស់ដែរ។ លុយអាចគង់បានយូរនិងរស់នៅមានក្តីសុខតម្រូវឱ្យកូនគាត់មានសមត្ថភាពខ្លាំង។
២. ឪពុកម្ដាយត្រូវមានវត្តមាននៅក្នុងជីវិតកូនៗ៖ តាមលោក លីក្វាន់យូ ជាអតីតមេដឹកនាំដ៏គំរូសង្ហបុរីមានប្រសាសន៍ថា ក្នុងនាមអ្នកជាឪពុកម្ដាយត្រូវចំណាយពេលខ្លះ (ពីរ បីនាទី)ដើម្បីអង្គុយលេង ហើយនិយាយជាមួយកូនៗរបស់អ្នកដែរ ព្រោះវាជាឱកាសដ៏ល្អសម្រាប់ឪពុកម្តាយបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយកូនៗ ហើយបានផ្តល់ដំបូន្មានលើវិធីដើម្បីដោះស្រាយបញ្ហាដែលពួកគេកំពុងប្រឈមមុខផង។ ក្នុងនាមអ្នកជាឪពុកម្ដាយ ទោះបីជាមានរឿងអ្វីក៏ដោយ ចូរអ្នកបង្រៀន និងចិញ្ចឹមពួកគេដោយផ្ដោតទៅលើក្ដីសង្ឃឹមឱ្យទៅមុខ កុំរស់នៅក្នុងអតីតកាលក្នុងជីវិតអន់ថយ។ ការចំណាយពេលបែបនេះ កូនរបស់អ្នកធំឡើងមិនចាំបាច់ខ្លាចកូនជាមនុស្សអាក្រក់ ឬអសមត្ថភាពនោះ គឺកូនរបស់អ្នកនឹងមានសមត្ថភាព។ ចូរបណ្តុះកូនពីតូច ធំឡើងកូនអ្នកនឹងចេះពឹងខ្លួនឯង ចេះរស់នៅដោយខ្លួនឯងបានល្អហើយ។
៣. កុំឱ្យកូនដើរតាមគំនិតចាស់៖ កុំយកផ្នត់គំនិតចាស់ហួសសម័យមកបំពាក់ឱ្យក្មេងជំនាន់ក្រោយឱ្យមានអារម្មណ៍ភ័យខ្លាច។ ប្រជាជនខ្មែរមួយភាគធំ ការចិញ្ចឹមកូនមិនទាន់បានល្អប៉ុន្មានទេ មានដូចជា ស្រែកដាក់កូន បំភ័យកូន សម្លុតកូន និងនិយាយកុហកកូនជាដើម វាធ្វើឱ្យកូនធំឡើងខ្លាចគេខ្លាចឯងពេលធំឡើង មកពីបាក់ស្បាតកាលពីតូចនេះឯង។ សម្រាប់លោកយាយ Esther Wojcicki បានប្រាប់ថា “ខ្ញុំចិញ្ចឹមកូនបានជោគជ័យបែបនេះ ព្រោះតែខ្ញុំបង្រៀនកូនៗ ឱ្យយល់ពីការបរាជ័យក្នុងវិថីជីវិត។” គាត់តែងណែនាំកូនៗ មានចិត្តក្លាហានធ្វើរឿងឱ្យច្រើន ទោះបីបរាជ័យ កុំឱ្យកូនគិតថា វាជារឿងអាក្រក់ តែជារឿងល្អទៅវិញ ហើយលើកទឹកចិត្តកូនឱ្យដើរទៅមុខរហូត...៕ អត្ថបទដោយ៖ ទ្រ សុភាព
អ្នកអាចទិញតាមហេងឆេង២៤នេះ https://t.me/hangchhengH24