រាល់ថ្ងៃនេះ ខ្ញុំធ្វើការស្មុគស្មាញណាស់! ព្រោះតែមានសំឡេងរំខានអារម្មណ៍របស់ខ្ញុំរហូត គ្មានពេលផ្តោតអារម្មណ៍សោះ។ ល្ងាចមិនទាន់ទេ! ខ្ញុំស្រ្តេសបាត់ទៅហើយ... យើងច្បាស់ជាធ្លាប់ឮពាក្យនេះ។ បើអ្នកបណ្តោយអារម្មណ៍បែបនេះកាន់តែយូរ ចិត្តរបស់អ្នកកាន់តែធ្លាក់ ឬអាចកើតជំងឺផ្លូវចិត្តផងដែរ។ ខាងក្រោមនេះជាក្បួនធ្វើការឱ្យចិត្តរីករាយ។
១.សម្រួលដង្ហើមដើម្បីបន្ធូរអារម្មណ៍តានតឹងចេញពីចិត្ត៖ តាមលោក Leo Babautu ជាអ្នកចិត្តវិទ្យានិយាយថា ជីវិតយើងពោរពេញទៅដោយបញ្ហាស្មុគស្មាញ និងការងារបន្ទាន់ភ្លាមៗ ហើយអារម្មណ៍អ្នកច្របូកច្របល់ មិនដឹងថា ធ្វើមួយណា ទុកមួយណាទេ។ វិធីសាស្រ្តសាមញ្ញ ដកខ្លួនចេញពីការងារទាំងអស់ រួចដកដង្ហើមចេញចូលមួយៗ ប្រហែលពីរបីនាទី ដើម្បីបន្ធូរអារម្មណ៍ធូរស្រាល សូម្បីការគិតរបស់អ្នក ក៏ឆាប់គិតបានល្អដែរ គឺដឹងថា កិច្ចការមួយណាសំខាន់បំផុត ដើម្បីចាប់ផ្តើមធ្វើមុនគេ។ ហើយអ្នកត្រូវរៀបតាមលំដាប់កិច្ចសំខាន់នីមួយៗ រួចធ្វើតែម្តង វាជួយឱ្យអារម្មណ៍ស្រលះ និងគ្មានភាពស្មុគស្មាញនោះទេ៕
២. ប្តូរមកថែសុខភាពផ្លូវចិត្ត៖ រាងកាយនឹងផ្លូវចិត្តផ្សារភ្ជាប់គ្នា ជារឿងអកុលបំផុតបើអ្នកមិនអើពើឬគិតថាសុខភាពផ្លូវចិត្តមិនសំខាន់។ គួរព្យាយាមគ្រប់គ្រងស្ត្រេស ដោយការសមាធិ ហាត់ប្រាណ ឆ្លៀតពេលវេលាឱ្យខ្លួនឯងបានសម្រាក បានរីករាយជាមួយមិត្តភក្តិ គ្រួសារ មនុស្សជាទីស្រឡាញ់ជាដើម។ ម្យ៉ាងទៀត អ្នកក៏អាចស្វែងរកជំនួយពីជំនាញផ្លូវចិត្ត ឬក្រុមគ្រូពេទ្យជំនាញ ដើម្បីប្រឹក្សាផងដែរ។ ការទៅជួបអ្នកជំនាញមិនមែនមានន័យថា អ្នកជាមនុស្សបញ្ហាផ្លូវចិត្តឬនិយាយឱ្យអាក្រក់ស្ដាប់ថាឆ្កួតទេ ប៉ុន្តែជាការនាំខ្លួនឯងទៅរកដំណោះស្រាយដ៏ល្អទៅវិញទេ។
៣. យកចិត្តគេដាក់ក្នុងចិត្តខ្លួនឯង៖ ការយល់ចិត្តអ្នកដទៃគឺជាសមាសធាតុសំខាន់នៃភាពវៃឆ្លាតខាងអារម្មណ៍ឬEQ។ ព្យាយាមពិចារណាថា បើស្ថិតក្នុងស្ថានភាពដូចជាអ្នកដទៃ នោះអ្នកវិញនឹងមានអារម្មណ៍បែបណា អ្នកដទៃក៏មិនខុសអ្វីពីគ្នាដែរ។ នៅពេលអ្នកចេះពិចារណាបែបនេះ អ្នកនឹងមិនងាយមានទំនាស់ជាមួយនរណា មិនមានបញ្ហាផ្លូវចិត្ត ហើយនឹងជួយឱ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ចាំថា មនុស្សនឹងចូលចិត្តនឹងបើកចិត្តចំពោះតែមនុស្សណាដែលអាចយល់ពីគេប៉ុណ្ណោះ៕ អត្ថបទដោយ៖ ទ្រ សុភាព