អ្នកលក់អនឡាញជាច្រើនតែងនិយាយថា បើចង់ឱ្យលក់ផលិតផលដាច់ អតិថិជនស្គាល់ច្រើន ចាំបាច់ត្រូវតែឡាយវីដេអូលក់ និងបង្ហាញពីផលិតផលទាំងនោះរាល់ថ្ងៃ មិនអាចឡាយមួយថ្ងៃខានមួយខែបានទេ។ ប្លែកអីតែ CEO ប្រេនមិសបុរាណ មួយនេះគាត់មានយុទ្ធសាស្រ្តលក់ខុសពីគេ គាត់អាចដឹកនាំផលិតផលមិសបុរាណឱ្យឈរជើងបាននៅលើទីផ្សារអស់រយៈពេលជាង ៦ឆ្នាំមកនេះដោយមិនដែលពឹងពាក់ទៅលើការឡាយលក់នោះទេ។ ចង់ដឹងថាក្រៅពីមិនឡាយលក់ តើ CEO រូបនេះមានយុទ្ធសាស្រ្តលក់ផលិតផលយ៉ាងដូចម្តេច?
អ្នកស្រី សិទ្ធ លីដា ជា CEO ប្រេនមិសបុរាណអ្នកស្រីបានចែករំលែកមកក្រុមការងារចាបបៃតងថា “ប្រេនមិសបុរាណ ជាផលិតផលដែលផលិតចេញពីរូបមន្តខ្មែរបុរាណ ដែលមានការរៀនសូត្ររូបមន្តពីគ្រូឱសថបុរាណខ្មែរ ប្រើប្រាស់វត្ថុធាតុដើមដែលទទួលទិញមកពីកសិករខ្មែរនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា និងមានសិប្បកម្មផលិតនៅខេត្តព្រៃវែង ក្នុងប្រទេសកម្ពុជា។ ប្រេនមិសបុរាណ បានបើកដំណើរការលក់នៅលើទីផ្សារអនឡាញចាប់តាំងពី២០១៧ មកម្ល៉េះ រហូតមកទល់ពេលនេះគឺរយៈពេលជាង ៦ឆ្នាំមកហើយ”។
បច្ចុប្បន្ន ទោះជាមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារអនឡាញ ប៉ុន្តែការលក់របស់មិសបុរាណនៅតែរក្សាអតិថិជនបានដដែល។ CEO ប្រេនមិសបុរាណប្រាប់ថា ផលិតផលមិសបុរាណ អាចលក់ដាច់ខ្លាំងរហូតដល់សព្វថ្ងៃនេះគឺដោយសារ អ្នកស្រីបានប្រើយុទ្ធសាស្រ្តលក់តាមប្រេនល្បីៗនៅក្រៅប្រទេសគឺលក់នៅលើទីផ្សារ Offline មានន័យថាទោះមិនឡាយរាល់ថ្ងៃ មិនប្រម៉ូតផលិតផលរាល់ថ្ងៃក៏ផលិតផលនោះមានអ្នកស្គាល់ ហើយលក់ដាច់មិនចាញ់អ្នកដែលឡាយនោះដែរ។
ចំណុចខ្លាំងរបស់ មិសបុរាណ ដែលទាក់ទាញចិត្តអតិថិជនឱ្យប្រើប្រាស់ និងធ្វើឱ្យមានអ្នកស្គាល់ច្រើនរហូតមកទល់ពេលនេះគឺ គុណភាព ភាពស្មោះត្រង់។ អ្នកស្រី លីដា បានប្រាប់ថា ២ចំណុចនេះជាចំណុចសំខាន់ខ្លាំងដែលអ្នកលក់អនឡាញគ្រប់រូបមិនអាចខ្វះបាន។ បើទោះជាផលិតផលនៅលើទីផ្សារមានការប្រកួតប្រជែងគ្នាច្រើនក៏ពិតមែន ប៉ុន្តែបើផលិតផលយើងល្អ និងមានគុណភាពពិតប្រាកដ អតិថិជន ឬអ្នកប្រើប្រាស់នឹងក្លាយជាអ្នកផ្សព្វផ្សាយបន្តបន្ទាប់បានល្អជាងយើងអង្គុយឡាយខ្លួនឯងផង។
មួយវិញទៀតគឺ តម្លៃ អ្នកលក់មួយចំនួនគាត់គិតថាការធ្វើប្រម៉ូសិនលក់បញ្ចុះតម្លៃជា យុទ្ធសាស្រ្តដែលធ្វើឱ្យលក់ផលិតផលដាច់ អតិថិជនទិញច្រើន។ ពិតមែនតែការប្រម៉ូសិនធ្វើឱ្យផលិតផលយើងលក់ដាច់ ប៉ុន្តែអាចលក់បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ពីព្រោះទាំងយើងទាំងគេ មុនពេលទិញផលិតផលណាមួយទៅប្រើគឺរំពឹងថាផលិតផលនោះល្អ និងប្រើត្រូវ ប៉ុន្តែបើទិញទៅហើយលាបមិនត្រូវ មិនល្អដូចអ្នកលក់និយាយ ទោះប្រម៉ូសិនថោកប៉ុណ្ណោក៏អតិថិជនមិនមកត្រឡប់ទិញទៀតដែរ។
បន្ថែមពីលើនេះទៀត មុនពេលសម្រេចចិត្តបង្កើតប្រេនណាមួយ អ្នកលក់ត្រូវដឹងថាផលិតផលរបស់ខ្លួនបង្កើតឡើងសម្រាប់អតិថិជនគោលដៅប្រភេទណា។ ឧទាហណ៍ សព្វថ្ងៃនេះ អតិថិជនគោលដៅរបស់ ប្រេនមិសបុរាណ ចាប់តាំងពីពេលបង្កើតដំបូងរហូតមកដល់សព្វថ្ងៃនេះគឺជា ក្រុមមនុស្សដែលស្រឡាញ់ការថែរក្សាសម្រស់បែបធម្មជាតិ ស្រឡាញ់ស្បែកពិតប្រាកដ និងមិនចង់សលឿន។ ដូច្នេះនៅពេលដែលផលិតផលមួយ មានអតិថិជនគោលដៅច្បាស់លាស់នៅក្នុងដៃ ទោះមិនបាច់ទៅឡាយលក់រាល់ថ្ងៃក៏អតិថិជនរបស់យើងមករកយើងដែរ។
ដូច្នេះ ចេញបីការណែនាំរបស់អ្នកស្រី សិទ្ធ លីដា CEO មិសបុរាណទៅអ្នកលក់អនឡាយថ្មីៗជំនាន់ក្រោយ បើចង់ឱ្យអាជីវកម្មរបស់ខ្លួនជោគជ័យ អាចឈរជើងនៅលើទីផ្សារបានយូរអង្វែង ទីមួយត្រូវផលិតឬនាំយកផលិតផលណាដែលមានគុណភាពល្អពិតប្រាកដមកលក់ ទីពីរត្រូវរក្សាតម្លៃឱ្យនៅថេរ រក្សារូបមន្តដើមឱ្យបានល្អ ទីបីត្រូវស្គាល់បីអតិថិជនគោលដៅឱ្យបានច្បាស់មុននឹងសម្រេចចិត្តផលិតឬនាំចូលផលិតផលមកលក់៕
អត្ថបទដោយ៖ មឿន គន្ធា