ក្រោយចំណាយជីវិតជិត៤០ឆ្នាំ ដើម្បីប្រវត្តិសាស្ត្រខ្មែរ ពេលនេះលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពហើយ នៅម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជុន្មាយុ៦៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរោគាពាធ។
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ជាអ្នកប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ ជាអតីតសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញនិងជាសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជាផងដែរ។ លោក សំបូរ មាណ្ណារ៉ា បានកើតក្នុងគ្រួសារមានឪពុកជាគ្រូបង្រៀនហើយមាននិស្ស័យស្រលាញ់ចូលចិត្តការសិក្សាតាំងពីក្មេងៗ រហូតមកដង្ហើមចុងក្រោយ។ លោកបានក្លាយជាគ្រូបង្រៀនក្នុងឆ្នាំ១៩៨០ បានជ្រើសយកភាសាអង់គ្លេសមកបង្រៀន។ ហើយពេលក្រោយមកគាត់ក៏បានចាប់ផ្ដើមការងារជាគ្រូបង្រៀនផ្នែកប្រវត្តិសាស្ដ្រវិញម្ដង។ ព្រោះការងារនេះលោកចង់ឱ្យកូនខ្មែរដឹងពីដើមកំណើតជាតិសាសន៍របស់ខ្លួនគឺអស្ចារ្យណាស់។ ដូចជាប្រវត្តិសាស្រ្តកសាងអង្គវត្តជាដើម។
ជាច្រើនឆ្នាំក្រោយមកព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់របស់សម្ដេច ហ៊ុន សែន ជាមានឋានៈស្មើរដ្ឋមន្ត្រីផងដែរ។ លោកលោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា នេះជារង្វាន់កិត្តិយយ៉ាងធំធេងសម្រាប់ជីវិតលោកណាស់។ នេះជាគំនិតទស្សនៈដ៏មានតម្លៃរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ឱ្យកូនចៅជំនានក្រោយគួរចងចាំ៖
១. ដំណោះស្រាយបញ្ហារបស់ជាតិយើងនេះ គឺត្រូវការការអប់រំ។
២. សុំឱ្យយុវជនកុំជាតិនិយមជ្រុលពេក ហើយកុំភ្លេចសិក្សាពីប្រវត្តិសាស្រ្តខ្លួនឯងផង។
៣. កុំយំឱ្យគេអាណិត ត្រូវប្តេជ្ញាចិត្តធ្វើឱ្យគេកោត
៤. គុណធម៌ជាគុណតម្លៃដែលកូនត្រូវអនុវត្តនិងធ្វើជាប្រចាំថ្ងៃ
៥. ខ្ញុំអាចធ្វើឱ្យមនុស្សរាប់សែននាក់ក្លាយជាមនុស្សមានតម្លៃក្នុងសង្គមហើយពួកគេជាអ្នកទទួលបានផលពីការអប់រំនេះឯង។ ខ្ញុំបានព្យាយាមធ្វើរឿងនេះ តាំងពីខ្ញុំមិនទាន់មានតួនាទីអ្វីសោះម្ល៉េះ! ប៉ុន្តែតួនាទីនេះបានជម្រុញផ្លូវចិត្តរបស់ខ្ញុំបន្ថែមឱ្យខំប្រឹងប្រែងបន្ថែមទៀតដើម្បីប្រទេសជាតិមួយនេះ។ ហើយការផ្ដល់តួនាទីនេះក៏បានបញ្ជាក់ថា ការងាររបស់ខ្ញុំកន្លងមកគឺខ្ញុំបានដើរលើកំណាត់ផ្លូវដ៏ត្រឹមត្រូវហើយ។
៦. ខ្ញុំមិនដឹងថា ខ្ញុំត្រូវឈប់បង្រៀននៅពេលណានោះទេ ប៉ុន្តែខ្ញុំនឹងបន្តបង្រៀនរហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់ខ្ញុំ។
សូមវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព!
អត្ថបទដោយ៖ ទ្រ សុភាព


