នៅពេលនោមមកមានអារម្មណ៍ថា ការក្រហាយ ឬមានការឈឺចាប់ ឬភាពមិនស្រួលណាមួយខុសប្រក្រតី អាចបង្ហាញថា នេះជាអាការមួយដែលពាក់ព័ន្ធទៅនឹងជំងឺរុំារ៉ៃដែលផ្សារភ្ជាប់ទៅនឹងផ្លូវទឹកនោម។
តាមរយៈការពន្យល់របស់វេជ្ជបណ្ឌិត ob-gyn Lakeisha Richardson, MD បានប៉ាន់ប្រមាណថា ក្នុងចំណោមអ្នកមានបញ្ហាឈឺ ឬក្រហហាយអំឡុងពេលនោម មានប្រមានជា ៣០% គឺមានអាការឈឺពីខាងក្នុងមក។ ដោយរោគសញ្ញាមួយនេះ ត្រូវបានក្រុមគ្រូពេទ្យអាចសន្និដ្ឋានទៅលើស្ថានភាពជំងឺមួយចំនួនរួមមាន៖
១. ឆ្លងមេរោគផ្លូវទឹកនោម៖ ការឆ្លងមេរោគ គឺកើតឡើងនៅពេលដែលបាក់តេរីចូលទៅក្នុងបង្ហួរនោម បន្ទាប់មកចូលទៅក្នុងប្លោកនោម ដោយការកើនឡើងនៃបាក់តេរីនេះ អាចធ្វើឱ្យទឹកនោមមានជាតិអាស៊ីត ជាហេតុនៅពេលនោមមានអារម្មណ៍ថា ក្រហាយ ឬឈឺ។ ម្យ៉ាងវិញទៀតលក្ខណៈនៃការឆ្លងមេរោគផ្លូវទឹកនោមនេះ ក៏ជាកត្តាធ្វើឱ្យនោមញឹកញាប់ (ប៉ុន្តែទឹកនោមមានបរិមាណតិចតួច) ទឹកនោមមានពណ៌ស្រអាប់មិនថ្លា ឬទឹកនោមដែលមានក្លិនមិនល្អ។
២. ជំងឺឆ្លងតាមការរួមភេទ៖ វេជ្ជបណ្ឌិត Richardson ក៏បាននិយាយថា បញ្ហានៃការឈឺអំឡុងពេលនោម ក៏ជារោគសញ្ញាមួយនៃជំងឺកាមរោគដូចជា៖ ជំងឺ Chlamydia , ជំងឺប្រមេះទឹកបាយ, ជំងឺ trichomoniasis និងជំងឺពងបែកលើប្រដាប់បន្តពូជ។ ចំពោះបញ្ហាជំងឺកាមរោគនេះ ក៏អាចគួបផ្សំនឹងអាការផ្សេងទៀតដែររួមមាន រមាស់ ផ្លាស់ប្តូរការបញ្ចេញទឹករំអិលតាមទ្វារមាសខុសពីធម្មតា ពងបែក ឬដំបៅលើប្រដាប់ភេទ។
៣. ឆ្លងមេរោគតម្រងនោម៖ ការឆ្លងមេរោគលើតម្រងនោម ហៅថា pyelonephritis ក៏បង្កឱ្យមានរោគសញ្ញាឈឺចាប់ ក្រហាយ និងពិបាកក្នុងការនោមផងដែរ ប៉ុន្តែត្រូវគួបផ្សំជាមួយអាការគ្រុនក្តៅ ញាក់ និងឈឺពោះ....។
៤. ក្រួសក្នុងតម្រងនោម ឬប្លោកនោម៖ នៅពេលសារធាតុរ៉ែនៅក្នុងទឹកនោមប្រមូលផ្តុំគ្នា ក្លាយជាក្រួសនៅក្នុងតម្រងនោម ឬប្លោកនោម។ ក្រួសនោះនឹងធ្វើឱ្យរលាកស្រទាប់ប្លោកនោម ឬកើតជាដុំក្រួសក្នុងតំរងនោម អាចនឹងធ្វើឱ្យលំហូរទឹកនោមស្ទះ ឈឺចាប់ និងអាចពិបាកនោមខ្លាំង។
៥. ទ្វារមាសឆ្លងបាក់តេរី៖ ការឆ្លងមេរោគទ្វារមាសជាញឹកញាប់ត្រូវបានគេរកឃើញអាចកើតមានចំពោះ ស្ត្រីដែលមានអាយុចន្លោះពី ១៥ ទៅ ៤៤ឆ្នាំ។ ការឆ្លងមេរោគនេះ ច្រើនកើតឡើងតាមរយៈការរួមភេទ កង្វះអនាម័យ បង្កជាអាការ ពិបាកនោម ក្រហាយ ឬឈឺចាប់អំឡុងពេលនោម រួមជាមួយនឹងការរមាស់ទ្វារមាស ការបញ្ចេញទឹករំអិលខុសប្រក្រតី ឬទឹករំអិលប្រែជាពណ៌ស ឬពណ៌ប្រផេះ និងមានក្លិន។
ក្នុងករណីប្រសិនណា បើមានបញ្ហាពិបាកក្នុងការនោម ក្រហាយ ឬឈឺចាប់អំឡុងពេលនោម ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាសូមកុំទុកនៅយូរ ព្រោះករណីនេះ អាចនឹងបង្កឱ្យជំងឺរីករាយដាលលឿន ឬគ្រោះថ្នាក់ខ្លាំងអាចឈានដល់ការប៉ះពាល់ដល់អាយុជីវិត៕
អត្ថបទដោយ៖ ប៉ាវ ភក្តី