ពាក្យថា “មុនស្តេរ៉យ” បើបងប្អូនឆែកនៅក្នុងវចនានុក្រមពេទ្យប្រហែលជារកមិនឃើញទេ ព្រោះថា មុនស្តេរ៉យនេះគឺជាជំងឺមុខមួយដោយវេជ្ជបណ្ឌិត សូរ ធឿន បានដាក់ឈ្មោះឱ្យដើម្បីអ្នកជំងឺងាយស្រួលចងចាំ ងាយស្រួលចំណាំ និងឆាប់យល់។ លោកវេជ្ជបណ្ឌិត បានប្រាប់ចាបបៃតងថា លោកហៅបែបនេះ ដោយសារតែនេះគឺជាមូលហេតុនៃការកើតមានជំងឺមុននៃអ្នកជំងឺភាគច្រើនដោយសារតែពួកគាត់ប្រើម្សៅឬផលិតផលដែលមានជាតិស្តេរ៉យខ្លាំងលើសកម្រិត ហើយស្ទើរតែ៨០%នៃអ្នកជំងឺដែលលោកវេជ្ជបណ្ឌិតបានជួប មានមុនស្តេរ៉យនេះ។
មុនស្តេរ៉យ សម្រាយឱ្យកាន់តែងាយយល់ទៀត អាចហៅឬសម្គាល់បានថាជា មុនម្សៅលាយ។ មុនម្សៅលាយ គឺជាប្រភេទមុនដែលកើតឡើងដោយសារតែការលាបផលិតផលម្សៅលាយខុសបច្ចេកទេស ឬម្សៅលាយដែលគ្មានប្រភពត្រឹមត្រូវ ហើយមុនម្សៅលាយនេះគឺជាមុនដែលពិបាកព្យាបាលជាងគេបំផុតតាមរយៈអ្នកជំងឺដែលមកព្យាបាលជាមួយវេជ្ជបណ្ឌិត សូរ ធឿន នៅក្នុងគ្លីនិក SkinMedics។
លោកវេជ្ជបណ្ឌិតបានបន្តថា “មិនមែនគ្រប់ផលិតផលសុទ្ធតែមិនល្អនោះទេ វាមានផលិតផលល្អដែរ តែសម្រាប់ផលិតម្សៅលាយគឺសុទ្ធតែមានសារធាតុស្តេរ៉យគ្មានប្រភពច្បាស់លាស់ គ្មានការបញ្ជាក់ពីគ្រឿងផ្សំរូបមន្តនៅលើផលិតផលទេនោះ វាអាចនឹងជាការប្រថុយសម្រាប់អ្នកប្រើប្រាស់ណាស់។ បងប្អូនត្រូវដឹងថា ធម្មជាតិនៃផលិតផលវាមិនអាច៣ថ្ងៃ ៧ថ្ងៃ សស្អាតបាត់មុនបាត់ជាំនោះទេ វាប្រាកដជាមានសារធាតុដែលចូលទៅកាត់ស្បែកជាំ ផ្ចិតរន្ធញើសកុំឱ្យឡើងមុន ដែលភាគច្រើនគឺជាសារធាតុស្តេរ៉យនេះឯង។”
វេជ្ជបណ្ឌិត សូរ ធឿន បានលើកឧទាហរណ៍បញ្ជាក់ថា មានអ្នកជំងឺច្រើនណាស់ដែលនិយាយថាលាបផលិតផលស្អាត តែពេលឈប់លាបអាក្រក់ហើយឡើងមុនខ្លាំងលើសដើម រហូតដល់ខ្ទុះក៏មាន។ ជាក់ស្តែងអ្នកជំងឺ នៅពេលដែលលាបចូលទៅមិនមែនបាត់មុនទេ តែមុននោះលិបចូលទៅក្នុងសាច់ ទៅសម្ងំក្នុងសាច់ដោយសារ សារធាតុស្តេរ៉យទៅបិទកុំឱ្យគ្រាប់មុនចេញមកក្រៅ។ ដូចនេះហើយ កាលណាតែយើងឈប់ប្រើផលិតផលដែលមានស្តេរ៉យ មុននឹងចាប់ផ្តើមចេញមកក្តាំងៗពេញមុខទាំងអស់ ខ្លាំងឬតិចអាស្រ័យលើចំនួនបរិមាណនិងរយៈពេលដែលយើងប្រើ។ ករណីមួយទៀត ពេលដែលយើងប្រើម្សៅលាយមានស្តេរ៉យយូរៗទៅ មុនដែលក្រាបនៅក្រោមស្បែកនឹងធំទៅៗ រហូតដល់សមត្ថភាពស្បែកយើងទ្រាំលែងបាន វានឹងផ្ទុះចេញមកដែលយើងឃើញនឹងភ្នែកថាជាមុនខ្ទុះតូចឬធំ អ្នកខ្លះខ្ទុះប៉ុនម្រាមដៃឈឺពេញមុខ ស្ទើរតែរលួយមុខក៏មាន។
ទោះបីជាមុននេះពិបាកព្យាបាលជាងគេបន្តិចមែន ប៉ុន្តែវេជ្ជបណ្ឌិត សូរ ធឿន ប្រាប់ចាបបៃតងថានៅក្នុងគ្លីនិក SkinMedics ផ្ទាល់ដែលមានលោកវេជ្ជបណ្ឌិតផ្ទាល់ និងវេជ្ជបណ្ឌិតឯកទេសច្រើនរូបទៀត ព្យាបាលអ្នកជំងឺជាសះស្បើយ អាចមានផ្ទៃមុខស្រស់ស្អាតឡើងវិញច្រើននាក់រួចមកហើយ។ ជួបអ្នកជំងឺមុខស្តេរ៉យកាន់តែច្រើន លោកវេជ្ជបណ្ឌិតកាន់តែជឿជាក់ថា មិនថាមុនធ្ងន់ធ្ងរកម្រិតណា ខ្ទុះកម្រិតណា ឱ្យតែជួបជាមួយវេជ្ជបណ្ឌិត យ៉ាងយូរបំផុតព្យាបាលត្រឹម១ខែទៅ៣ខែនឹងធូរស្រាល ឬអាចជាសះស្បើយវិញហើយ។
សូមរម្លឹកផងដែរថា វេជ្ជបណ្ឌិត សូរ ធឿន មានជំនាញផ្នែកឯកទេសជំងឺសើស្បែក និង សម្ផស្ស ជាង១០ឆ្នាំមកហើយ ដែលបញ្ចប់ការសិក្សាទាំងក្នុងប្រទេស និង ក្រៅប្រទេស។ បច្ចុប្បន្ន លោកវេជ្ជបណ្ឌិត សូរ ធឿន គឺជាវេជ្ជបណ្ឌិតឯកទេសផង, ជាស្ថាបនិក គ្លីនិក SkinMedicsផង ព្រមទាំងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅគ្លីនិកអន្តរជាតិដ៏ល្បីមួយនៅទីក្រុងភ្នំពេញផងដែរ៕
អត្ថបទដោយ៖ កញ្ញា លីហួយ