កុមារ
ឪពុកម្ដាយត្រូវដឹងចំណុចទាំងនេះ មុនផ្ដល់អាហារបំប៉នដល់កូន បើមិនចង់ឱ្យកូនខូចសុខភាព
Pov Saru
October 7 2025
122 views

បំណងប្រាថ្នារបស់ឪពុកម្ដាយគ្រប់រូបគឺចង់ឃើញកូនៗរបស់ខ្លួនរស់នៅដោយមានសុខភាពល្អ ធំឡើងដោយប្រាជ្ញាឈ្លាសវៃ ទើបតែងស្វែងរកផលិតណាដែលល្អជួយបំប៉នកូនតាំងពីពួកគេនៅក្មេង ដោយរំពឹងថាផលិតផលទាំងនោះនឹងជួយបង្កើនប្រព័ន្ធភាពសុំា ជំរុញដល់ការលូតលាស់ និងជួយអភិវវឌ្ឃខួរក្បាលឱ្យកាន់តែប្រសើរឡើង។ កត្តាទាំងនេះហើយដែលធ្វើឱ្យអ្នកជាឪពុកម្ដាយជឿថា ការផ្ដល់អាហារបំប៉នគឺជារឿងចាំបាច់សម្រាប់កូន។ ជាពិសេសសម្រាប់កុមារដែលញ៉ាំអាហាររើស ឪពុកម្តាយមួយចំនួនយល់ថា អាហារបំប៉នគឺជាវិធីងាយស្រួល ដើម្បីធានាថាកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ទោះជាយ៉ាងណាផ្នែកតាមវេបសាយ Independent មានចំណុចមួយចំនួនដែលអ្នកគួរពិចារណាមុនផ្ដល់អាហារបំប៉នដល់កូន៖ 

១. តើកុមារពិតជាត្រូវការវាមែនទេ? ជាក់ស្ដែងទៅ កុមារពិតជាត្រូវការវីតាមីន និងសារធាតុរ៉ែជាច្រើនសម្រាប់ការលូតលាស់ ដូចជាវីតាមីន A, B, C, D, E និង K រួមទាំងកាល់ស្យូម ជាតិដែក អ៊ីយ៉ូត ស័ង្កសី និង folate ទាំងអស់នេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល ប្រព័ន្ធសរសៃប្រសាទ ចក្ខុវិស័យ កម្លាំងឆ្អឹង និងប្រព័ន្ធភាពស៊ាំ។ ដែលសារធាតុចិញ្ចឹមទាំងនេះកុមារអាចទទួលគ្រប់គ្រាន់តាមរយៈអាហារប្រចាំថ្ងៃ។

២. ការសិក្សាវិទ្យាសាស្ត្រច្រើនបង្ហាញថា ការទទួលបានវីតាមីនពីអាហារពិតៗ មានប្រសិទ្ធភាពល្អជាងការទទួលយកវាតាមរយៈថ្នាំគ្រាប់។ អាហារធម្មជាតិនៅជុំវិញយើងផ្តល់ជាតិសរសៃ អង់ស៊ីម និងសារធាតុផ្សេងៗ ដែលជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អ។ តែជាមួយថ្នាំគ្រាប់ ឬអាហារបំប៉នបែបសិប្បនិម្មិត គឺអាចធ្វើឱ្យការស្រូបយកនិងការប្រើប្រាស់សារធាតុចិញ្ចឹមរបស់រាងកាយមិនមានប្រសិទ្ធភាពដូចអាហារធម្មជាតិទេ។

៣. ហានិភ័យមួយទៀតដែលមាតាបិតាអាចមិននឹកស្មានដល់គឺ ផលប៉ះពាល់ផ្លូវចិត្ត។ ប្រសិនបើឪពុកម្តាយផ្តល់អាហារបំប៉នជាប្រចាំ ដើម្បីជំនួសអាហារធម្មតា កុមារអាចរៀនយល់ថា ថ្នាំគ្រាប់គឺជាអ្វីដែលចាំបាច់សម្រាប់សុខភាព ហើយវាអាចប៉ះពាល់ដល់ទម្លាប់ញ៉ាំអាហារដែលមានតុល្យភាពនៅពេលក្រោយ។

ជាក់ស្តែង វិធីល្អបំផុតក្នុងការផ្តល់សារធាតុចិញ្ចឹមដល់កុមារគឺ តាមរយៈរបបអាហារចម្រុះ និងសមស្រប។ នោះមានន័យថា ការរួមបញ្ចូលអាហារពីក្រុមផ្សេងៗ ដូចជាទឹកដោះគោ សាច់ ត្រី បសុបក្សី ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិទាំងមូល។ សូម្បីតែកុមារដែលញ៉ាំរើសក៏អាចសាកល្បងអាហារថ្មីៗតាមវិធីសាមញ្ញៗដែរ។ ឧទាហរណ៍៖ អាចលាយបន្លែឬសណ្តែកចូលទៅក្នុងអាហារដែលពួកគេចូលចិត្តដូចជាដំឡូងបារាំងកិន ឬបន្ថែមបន្លែនិងសាច់លាយគ្នាខ្លះ។ ការផ្លាស់ប្ដូរម្ដងបន្តិចៗបែបនេះ ធ្វើឱ្យកុមារអាចបន្សាំខ្លួនជាមួយអាហារដែលមានប្រយោជន៍ ហើយបង្កើតទំនាក់ទំនងវិជ្ជមានជាមួយអាហារបានល្អ។

យ៉ាងណាមិញ ករណីខ្លះអាហារបំប៉នអាចត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព ប្រសិនបើមានការណែនាំពីអ្នកជំនាញ។ ឧទាហរណ៍៖ កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ ឬមានជំងឺពិសេសដែលរារាំងការស្រូបយកសារធាតុចិញ្ចឹម។ ក្នុងស្ថានភាពបែបនេះ ឪពុកម្តាយគួរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារបំប៉នកុមារ មុនពេលផ្តល់អាហារបំប៉នណាមួយដល់កូន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia