ជំងឺ
ប្រយ័ត្នផង! ទម្លាប់ប្រចាំថ្ងៃ ៥ កំពុងបំផ្លាញប្លោកនោមរបស់អ្នកដោយមិនដឹងខ្លួន
Pov Saru
October 7 2025
3 views

ប្លោកនោមជាសរីរាង្គមួយដែលតូច ប៉ុន្តែមានតួនាទីសំខាន់ក្នុងការរក្សាសុខភាពរបស់រាងកាយ។ វាជួយរក្សាទុក និងបញ្ចេញទឹកនោម ដើម្បីបញ្ចេញកាកសំណល់ និងរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន។ មនុស្សមួយចំនួនមិនសូវយកចិត្តទុកដាក់ចំពោះសុខភាពប្លោកនោមរបស់ខ្លួនទេ ទាំងដែលប្លោកនោមគឺងាយរងផលប៉ះពាល់ខ្លាំងបំផុតដូចជា ការឆ្លងមេរោគតាមផ្លូវទឹកនោម ឬអាចកើតមហារីកប្លោកនោម ជាដើម។ នេះបើតាមគេហទំព័រ Independent ហានិភ័យទាំងអស់នេះវាកើតឡើងបណ្ដាលមកពីទម្លាប់ប្រចាំថ្ងៃរបស់យើងដូចជា៖ 

១. ទប់នោមយូរ៖ ដោយសារកត្តាការងារច្រើន ពិបាករកកន្លែងសមរម្យ ធ្វើឱ្យអ្នកមួយចំនួនតែងមើលរំលងហានិភ័យចំពោះប្លោកនោម។ ប៉ុន្តែត្រូវដឹងថានៅពេលយើងខំប្រឹងទប់នោមខ្លាំងពេកវាអាចបង្កឱ្យមានផលប៉ះពាល់ដល់សាច់ដុំប្លោកនោម ហើយបាត់បង់សមត្ថភពក្នុងការបញ្ចេញទឹកនោមទាំងស្រុង។ យូរទៅវានឹងកាន់តែធ្ងន់ធ្ងរ ធ្វើឱ្យបាក់តេរីនៅក្នុងទឹកនោមកាន់តែកើនឡើង ដែលនាំឱ្យមានការឆ្លងមេរោគតាមផ្លូវទឹកនោម។ ហើយដើម្បីរក្សាប្លោកនោមឱ្យមានសុខភាពល្អ អ្នកគួរតែបញ្ចេញទឹកនោមរៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង ហើយពេលទៅបង្គន់គួរអង្គុយឱ្យបានស្រួល ដើម្បីឱ្យសាច់ដុំអាងត្រគាកអាចធ្វើការបញ្ចេញបានពេញលេញ។ បន្ទាប់ពីបញ្ចប់ ក៏គួររង់ចាំបន្តិច ហើយបញ្ចេញម្តងទៀត ដើម្បីធានាថាប្លោកនោមបានបញ្ចេញទឹកនោមអស់។ 

២. ផឹកទឹកមិនគ្រប់គ្រាន់៖ នៅពេលរាងកាយខ្វះជាតិទឹក ទឹកនោមនឹងក្លាយជាចំណុះខ្ពស់ និងមានជាតិអាស៊ីតខ្លាំង ដែលអាចធ្វើឱ្យស្រទាប់ខាងក្នុងនៃប្លោកនោមរលាក និងងាយឆ្លងមេរោគ។ ជារឿយៗការខ្វះជាតិទឹកក៏អាចបង្កការទល់លាមក ដែលប៉ះពាល់ទៅលើសម្ពាធនៅតំបន់អាងត្រគាក និងធ្វើឱ្យបញ្ហាប្លោកនោមកាន់តែធ្ងន់ដែរ។ ដូច្នេះ អ្នកគួរផឹកទឹកប្រហែល ២.៥ ទៅ ៣ លីត្រក្នុងមួយថ្ងៃ ឬច្រើនជាងនេះប្រសិនបើអ្នកសកម្ម ឬកន្លែងអាកាសធាតុក្តៅ។

៣. ញុំាជាតិកាហ្វេអ៊ីន និងជាតិអាល់កុលច្រើនពេក៖ ជាតិកាហ្វេអ៊ីន និងជាតិអាល់កុលក៏ជាអាវុធសម្ងាត់ដែលអាចបំផ្លាញ់ប្លោកនោមដែរ។ ទាំងពីរគឺជាសារធាតុដែលមានឥទ្ធិពលខ្លាំងក្នុងការបញ្ចុះទឹកនោម ធ្វើឱ្យរាងកាយបាត់ជាតិទឹក និងបង្កការរលាកប្លោកនោម។ ការផឹកកាហ្វេលើសកម្រិត ឬការផឹកស្រាជាញឹកញាប់អាចធ្វើឱ្យប្លោកនោមអស់សមត្ថភាពក្នុងការគ្រប់គ្រង និងបន្ថែមហានិភ័យនៃជំងឺមហារីកប្លោកនោម។ ដូច្នេះ ការកាត់បន្ថយបរិមាណកាហ្វេ និងស្រាអាចជួយទាំងការពារប្លោកនោម និងសុខភាពទូទៅផងដែរ។

៤. ការជក់បារី៖ ការជក់បារីគឺជាមូលហេតុធំបំផុតនៃជំងឺមហារីកប្លោកនោម។ សារធាតុគីមីនៅក្នុងបារីត្រូវបានតម្រងតាមតម្រងនោម ហើយរក្សាទុកនៅក្នុងទឹកនោម មុននឹងប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃប្លោកនោម។ ការរលាក និងការប៉ះពាល់ជាបន្តបន្ទាប់អាចនាំឱ្យកោសិកាផ្លាស់ប្តូរទ្រង់ទ្រាយ និងក្លាយជាមហារីក។ ជាផ្នែកមួយនៃការថែទាំសុខភាពប្លោកនោម អ្នកគួរបញ្ឈប់ការជក់បារីបើសិនជាអាចទៅរួច។ 

៥. របបអាហារមិនល្អ និងកង្វះការធ្វើលំហាត់ប្រាណ៖ ចុងក្រោយនេះ ប្លោកនោមរបស់អ្នកក៏អាស្រ័យលើរបបអាហារនិងកម្រិតសកម្មភាពរាងកាយផងដែរ។ ការញ៉ាំអាហារមានជាតិខ្លាញ់ និងស្ករខ្ពស់ ឬគ្មានការធ្វើលំហាត់ប្រាណអាចនាំឱ្យទម្ងន់ឡើង ហើយសម្ពាធនៅតំបន់អាងត្រគាកកើនឡើង ប៉ះពាល់ដល់សមត្ថភាពប្លោកនោម។ លំហាត់ប្រាណទៀងទាត់ជួយឱ្យសាច់ដុំអាងត្រគាករឹងមាំ កាត់បន្ថយហានិភ័យនៃការលេចធ្លាយទឹកនោម និងជួយដល់ការរំលាយអាហារ។

សុខភាពប្លោកនោមគឺអាចថែរក្សាបាន តែត្រូវការការយកចិត្តទុកដាក់ក្នុងជីវិតប្រចាំថ្ងៃ។ ការផ្លាស់ប្តូរទម្លាប់តិចតួចដូចជាការផឹកទឹកគ្រប់គ្រាន់ ការទៅបង្គន់ឱ្យបានទៀងទាត់ ការរក្សាអនាម័យ និងការឈប់ជក់បារី អាចជួយឱ្យប្លោកនោមរបស់អ្នកដំណើរការបានល្អ និងរក្សាសុខភាពល្អបានយូរអង្វែង។ បន្ថែមពីនេះអ្នកគួរតែទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឱ្យបានជាប្រចាំផងដែរ ដើម្បីធានាថាសុខភាពរបស់អ្នកគឺរឹងមាំ ឬបើមានបញ្ហាណាមួយអ្នកក៏អាចព្យាបាលទាន់ពេលវេលាផងដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 39

អត្ថបទថ្មីៗ
#ជំងឺOctober 7 2025
ប្រយ័ត្នផង! ទម្លាប់ប្រចាំថ្ងៃ ៥ កំពុងបំផ្លាញប្លោកនោមរបស់អ្នកដោយមិនដឹងខ្លួន
#ចិត្តសាស្ត្រOctober 7 2025
លោកយាយវ័យ ១០២ឆ្នាំ៖ បើរស់នៅបែបនេះ គ្មានបញ្ហាផ្លូវចិត្ត មិនអស់សង្ឃឹមក្នុងជីវិត
#ជំងឺOctober 7 2025
កត់សម្គាល់! ៤រោគសញ្ញាលើសជាតិខ្លាញ់ក្នុងសរសៃឈាម បង្កឱ្យគាំងបេះដូង និងដាច់សរសៃខួរក្បាល
#កុមារOctober 7 2025
ឪពុកម្ដាយត្រូវដឹងចំណុចទាំងនេះ មុនផ្ដល់អាហារបំប៉នដល់កូន បើមិនចង់ឱ្យកូនខូចសុខភាព
#អត្ថបទ PROctober 6 2025
អបអរសាទរ! សំឡីអនាម័យកូនខ្មែរ ម៉ូលី ឃែរ (Molly Care Cambodia)ជាផលិតផលថែរក្សាអនាម័យស្រ្តី បានដាក់លក់ជាផ្លូវការហើយ
#ជំងឺOctober 6 2025
មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា កត្តាទាំងនេះនាំឱ្យកើតដុំមហារីកបំពង់ក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia