ថ្លើមគឺជាសរីរាង្គធំមួយនៅក្នុងរាងកាយរបស់មនុស្សយើងហើយមានតួនាទីសំខាន់ៗជាច្រើនរាប់មិនអស់នោះឡើយ ដូចជា ច្រោះយកជាតិពុល កាកសំណល់អាក្រក់ចេញពីឈាម ជួយផ្ទុកប្រូតេអ៊ីន ស្ដុងឈាមជាដើម។ ជាការពិតណាស់សរីរាង្គនេះ បើខូចហើយគឺមិនអាចវះកាត់ផ្លាស់ប្ដូរបាន ដូចជាក្រលៀននោះទេ មានន័យថាបើវាខូចកម្រិតធ្ងន់ធ្ងរ អ្នកអាចស្លាប់បាត់បង់ជីវិតបាន។
ដូច្នេះហើយសូមថែរក្សាសុខភាពថ្លើមរបស់អ្នកឱ្យបានល្អ តាមរយៈការចាក់រ៉ាក់សាំងការពារជំងឺរលាកថ្លើម ការធ្វើអនាម័យក្នុងការរស់នៅ ហូបស្អាត ផឹកស្អាតជាដើម។ ពីព្រោះសរីរាង្គនេះអាចមានជំងឺបានប្រសិនណាមិនប្រយ័ត្ន ចំពោះជំងឺដែលអាចកើតមានលើថ្លើម មានដូចជា រលាកថ្លើម ខ្លាញ់រុំថ្លើម បូសថ្លើម ក្រិនថ្លើមជាដើម។
ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង នឹងលើកយក រោគសញ្ញាបង្ហាញថាថ្លើមរបស់អ្នកកំពុងប្រកាសអាសន្ន ព្រោះមានជាតិពុលច្រើនពេក និងអាចប្រឈមជំងឺត្រូវប្រយ័ត្នឱ្យមែនទែននេះបើយោងតាមរយៈគេហទំព័រ mayoclinic។
- លឿងនៃស្បែកនិងពណ៌សនៃភ្នែក (ខាន់លឿង)
-រមាស់
-ឈឺពោះនៅផ្នែកខាងស្តាំខាងលើនៃពោះ
- អស់កម្លាំង
-គ្រុនក្ដៅ
-បាត់បង់ចំណង់អាហារ
- ចង្អោរនិងក្អួត
-ទឹកនោមប្រែពណ៌។ ដូច្នេះដើម្បីការពារថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ អ្នកគួរតែ ចៀសវាងក្រុមអាហារ ស្រា បារី អាហារកែច្នៃ អាហារខ្លាញ់ អាហារផ្អែមៗលើសកម្រិតត្រូវការ។ គួរតែបែរមករកក្រុម បន្លែផ្លែឈើ អាហារខ្លាញ់ល្អៗ ព្រោះអាហារទាំងនេះអាចប៉ូវសុខភាពថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ ចៀសវាងជំងឺផ្សេងៗជាពិសេសជំងឺមហារីកថ្លើម ព្រោះជំងឺនេះគឺជាជំងឺស្ងៀមស្ងាត់ បើមិនប្រយ័ត្នអាចនបាត់ជីវិតបាន ដូច្នេះបើសិនបងប្អូនមានការសង្ស័យណាមួយប្រញាប់ពិគ្រោះយោបល់ឱ្យបានលឿន៕