អាហារពិតជាមានឥទ្ធិពលសុខភាពរាងកាយ និងផ្លូវចិត្តណាស់។ បើអ្នកហូបអាហារកែច្នៃ និងភេសជ្ជៈផ្អែមៗ ជាប្រចាំថ្ងៃនោះ នាំឱ្យអ្នកងាយឆាប់អស់កម្លាំង និងងាយកើតជំងឺច្រើនដូចជាបញ្ហាក្រពះ ស្បែកឆាប់ចាស់ និងជំងឺទឹកនោមផ្អែម។ អ្នកគួរហូបអាហារមួយនេះជាប្រចាំថ្ងៃដើម្បីពង្រឹងសុខភាពរាងកាយរឹងមាំឡើងវិញ គឺស៊ុតនេះ។
ព្រោះនៅក្នុងស៊ុតសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីនគុណភាពខ្ពស់ ខ្លាញ់ដែលមានសុខភាពល្អ និងសារធាតុចិញ្ចឹមជាច្រើនទៀត។ ស៊ុតមួយគ្រាប់មាន ៧៧កាឡូរី ប្រូតេអ៊ីន ៦ក្រាម ខ្លាញ់ ៥ក្រាម និងបរិមាណកាបូអ៊ីដ្រាតតិចតួច។ ហើយស៊ុតផ្តល់ជាតិវីតាមីន A, B12, B2, B5, E, B7, មានជាតិកាល់ស្យូម, ជាតិដែក, ប៉ូតាស្យូម, ស័ង្កសី, ម៉ង់ហ្គាណែស...។ សារធាតុចិញ្ចឹមទាំងអស់នេះមាននៅក្នុងស៊ុតនេះឯង។
១. ការហូបស៊ុតមានផលប៉ះពាល់កម្រិតកូឡេស្តេរ៉ុលទាបក្នុងរាងកាយរបស់អ្នក តែវាបានផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍ជួយពង្រឹងសុខភាពបេះដូងផងដែរ។ ស៊ុតមានសមត្ថភាពបង្កើនកូលេស្តេរ៉ុលល្អ HDL និងបង្កើនទំហំនៃភាគល្អិត LDL ដើម្បីសុខភាពជំងឺបេះដូងបានល្អបំផុត។
២. ទម្លាប់ញ៉ាំស៊ុតនៅពេលព្រឹកជួយបំបែកជាតិខ្លាញ់ឱ្យអ្នកឆាប់គីឡូលឿន។ ស៊ុតមានផ្ទុកនូវកាបូអ៊ីដ្រាតតិចតួច ប៉ុន្តែមានប្រូតេអ៊ីន និងខ្លាញ់ច្រើនល្អដើម្បីបង្កើតអារម្មណ៍ឆ្អែត។ អ្នកសម្រកគីឡូពេញនិយមគេហូបស៊ុតនេះឯង។
៣. ស៊ុតមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលចំនួនពីរនៅក្នុងស៊ុតពណ៌លឿងគឺ lutein និង zeaxanthin ។ វាជាផ្នែកមួយជួយការពារភ្នែកពីពន្លឺព្រះអាទិត្យ។ ចំពោះសារធាតុនេះជួយកាត់បន្ថយជំងឺភ្នែកឡើងបាយផងដែរ។
៤. សារធាតុ Choline ជាសារធាតុចិញ្ចឹមសុខភាពមុខងារខួរក្បាល។ ហើយកម្រិត Choline ទាបត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺថ្លើម ជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃប្រសាទ។ ហើយនៅក្នុងស៊ុតពណ៍លឿនមានសារធាតុ choline ច្រើនដើម្បីសុខភាពខួរក្បាលកុំឱ្យបំបាត់ការចងចាំពេលអ្នកចាស់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព