ស្បូនគឺជាសរីរាង្គដ៏សំខាន់បំផុតនៅក្នុងរាងកាយរបស់ស្ត្រី ទន្ទឹមជាមួយគ្នានោះសរីរាង្គមួយនេះក៏ជាកន្លែងដែលងាយប្រឈមនឹងជំងឺផ្សេងៗជាច្រើន។ ជំងឺខ្លះមិនទាំងធ្វើឱ្យស្ត្រីដឹងខ្លួនផងថាពួកគេកំពុងមានជំងឺ ហេតុដូច្នេះហើយទើបការពិនិត្យសុខភាពស្បូនគឺជារឿងដែលសំខាន់បំផុត ដែលស្ត្រីគ្រប់រូបមិនគួររំលង។
យោងតាមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញថា ជំងឺស្អិតស្បូនជាមូលហេតុចម្បងមួយដែលធ្វើឱ្យស្ត្រីជួបវិបត្តិគ្មានកូន និងជួបប្រទះនូវបញ្ហាផ្សេងៗដូចជា មករដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្ដាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នា។ ចំណែកឯមូលហេតុដែលធ្វើឱ្យស្ត្រីកើតជំងឺប្រភេទនេះគឺអាចកបណ្ដាលមកពី៖
- ការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
- ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
- ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)
ហើយរោគសញ្ញានៃជំងឺស្អិតស្បូនមានដូចជា៖
- ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
- ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
- ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
- ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
- ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
- ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។
ចំពោះការព្យាបាល៖ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន អ្នកអាចព្យាបាលយ៉ាងមានប្រសិទ្ធភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។
ដូច្នេះ ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ ត្រូវតែប្រញាប់ទៅជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស និងជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និងរករោគវិនិច្ឆ័យច្បាស់លាស់ ដែលឈានដល់ការព្យាបាល ជំនួយដោយឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប (Hysteroscopy for diagnosis and operative procedure) ដែលមានប្រសិទ្ធិភាព សុវត្ថិភាពខ្ពស់ និងទទួលបាននូវលទ្ធផលគាប់ប្រសើរ៕