មីគឺជាចំណីរអាហារដ៏ពេញនិយមមួយនៅកម្ពុជា ដែលមិនប្រកាន់វ័យនោះទេ តែជាពិសេសនោះគឺវ័យជំទង់ មានអ្នកខ្លះអាចញ៉ាំបានញឹកញ៉ាប់ណាស់ដល់ទៅ៤ ៥ ដងក្នុងមួយសប្តាហ៍។ ចំណែកឯអ្នកខ្លះទៀត ពួកគេមិនចូលចិត្តប៉ុន្មានទេ ប៉ុន្តែមីមានតម្លៃសមរម្យល្មម ដូចនេះការញ៉ាំមីញឹកញ៉ាប់អាចជួយសម្រួលការចំណាយបានមួយចំនួន ប៉ុន្តែអ្វីដែលពួកគេមិនដែលនឹកស្មានដល់នោះគឺ មីមានហានិភ័យចំពោះសុខភាពធ្ងន់ធ្ងរណាស់ ប្រសិនបើពួកគេមិនបានដឹងហើយញ៉ាំវាញឹកញ៉ាប់នោះ។
លោក បេ អ៊ិញហ៊ាន ម្ចាស់សិប្បកម្ម មីដាម (មីរសជាតិល្ពៅ) បានផ្តល់បទសម្ភាសជាមួយក្រុមការងារHealthy Cambodiaថា៖ វាមានមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកញ៉ាំមីញឹកញ៉ាប់ប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដោយឡែកក្នុងជីវភាពប្រចាំថ្ងៃខណៈពេលដែលយើងមិនអាចឈប់ញាំបានតែយើងអាចជ្រើសរើសប្រភេទមីដែលយើងញ៉ាំបាន។ មីដែលឆ្លងកាត់ការកែច្នៃរយូរនិងច្រើនដងវាអាចមានហានិភ័យ តែក៏មានមីមួយចំនួនដែលយើងអាចហូបបានដោយមិនប៉ះពាល់សុខភាពដូចគ្នា។
ខាងក្រោមនេះគឺជាការលើកឡើងរបស់ម្ចាស់សិប្បកម្មមីដាម អំពីមូលហេតុដែលការបរិភោគមីធ្វើឱ្យប៉ះពាល់សុខភាព ហើយអ្នកបរិភោគគួរដឹងនិងចេះរើសមីញ៉ាំនៅពេលក្រោយ៖
សង្វាក់ផលិតកម្មក្នុងតម្លៃមួយតាមតម្រូវការអតិថិជន៖ សម្រាប់ក្រុមហ៊ុនមួយចំនួនគាត់ត្រូវផលិតតាមតម្រូវការរបស់អតិថិជនដែលចង់បានមីក្នុងតម្លៃថោក ដូចនេះការប្រើប្រាស់វត្ថុធាតុដើមក៏ត្រូវសមស្របតាមតម្លៃលក់ចេញ ដែលជាហេតុនាំឱ្យការជ្រើសរើសម្សៅផលិតមិនសូវមានធាតុប្រូតេអ៊ីន ខ្វះសារធាតុចិញ្ចឹម។
ដាក់សារធាតុធ្វើឱ្យសរសៃមីស្វិត៖ ជាទូទៅម្សៅដែលផលិតមីមិនអាចមានសារធាតុធ្វើឱ្យស្វិតខ្លាំងបាននោះទេ លុះត្រាតែមានសារធាតុគីមីចូលទៅបំពេញទើបអាចធ្វើឱ្យសរសៃមីស្វិតបាន។ បើចង់ដឹងថា មីមានសារធាតុគីមីធ្វើឱ្យស្វិតឬអត់នោះ យើងអាចតេស្តបានតាមរយៈការចម្អិនហើយមីនៅមានសរសៃស្វិតខ្លាំង។
មីដែលដាក់សារធាតុគីមីឱ្យទុកបានយូរ៖ សម្រាប់ការផលិតដែលជាតម្រូវការធំផ្គត់ផ្គង់លើទីផ្សារ តម្រូវឱ្យផលិតចំនួនច្រើន ហើយអាយុកាលនៃមីមិនអាចទុកចោលបានយូរតាមតម្រូវការរបស់អតិថិជនបាននោះទេ ដូចនេះហើយពួកគេចាំបាច់ត្រូវដាក់សារធាតុដែលអាចរក្សាទុកយូក្នុងការផ្គត់ផ្គង់ទៅខាងក្រៅ។ សម្រាប់ការពិសោធន៍ថា មីមានសារធាតុព៌ណឬមានធាតុរក្សាទុកឬអត់ អ្នកអាចមើលតាមរយៈការស្រុះ បន្ទាប់ពីស្រុះរួចប្រសិនបើមានព៌ណចេញពីសាច់មីនោះមីនោះមានសារធាតុគីមីហើយ ចំណែកឯមីដែលគ្មានសារធាតុគីមី គ្មានព៌ណនោះទេទោះបីជាស្រុះទឹកក្តៅប៉ុណ្ណាក៏ដោយ។
នេះគ្រាន់តែជា តិចនិចមួយចំនួនក៏ដូចជាចំណេះដឹងទូទៅបន្ថែម ដែល លោក បេ អ៊ិញហ៊ាន ម្ចាស់សិប្បកម្ម មីដាម (មីរសជាតិល្ពៅ) ចង់ឱ្យប្រជាជនកម្ពុជាបានដឹង បានយល់ ដើម្បីអាចការពារសុខភាពខ្លួនពីការរើសចំណីរអាហារខុសលើកក្រោយ។ គួររម្លឹកផងដែរថា សម្រាប់សិប្បកម្មមីដាម របស់លោកគឺផ្តោតសំខាន់បំផុតលើសុខភាពអ្នកបរិភោគជាពិសេសព្រោះការបរិភោគជាកត្តាធំមួយដែលអាចប៉ះពាល់ឬផ្តល់សុខភាពឱ្យប្រជាជនបាន៕
សម្រាប់ទំនាក់ទំនងបន្ថែមទាំងចំណេះដឹងរើសមីដែលត្រឹមត្រូវ អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ ០៩២ ៤០២ ៤៨៣/ ០១០ ៤០២ ៤៨៣។
អត្ថបទដោយ៖ អឿ ស្រីហួយ