កន្លងមកមនុស្សភាគច្រើនតែងតែចាប់អារម្មណ៍យកចិត្តទុកដាក់ខ្លាំងលើទម្លាប់ពេលព្រឹក ដែលជាពេលបើកទំព័រថ្មី។ គ្រប់គ្នាតែងចង់ដឹងថា ព្រឹកឡើងគួរញ៉ាំអាហារណាល្អ គួរមានទម្លាប់បែបណា ធ្វើម៉េចទើបអារម្មណ៍ល្អ មានសិរីសួស្ដី មានសុខភាពល្អព្រឹកឡើងគួរធ្វើអ្វីខ្លះជាដើម។ ទម្លាប់ពេលព្រឹកល្អហើយ ប៉ុន្តែក៏សូមកុំភ្លេចទម្លាប់ពេលល្ងាច ដែលជាការបិទបញ្ចប់ពេលវេលា១ថ្ងៃរបស់អ្នកផងដែរ។
ថ្ងៃនេះចាបបៃតងសូមលើកយកត្រណមទាំង៦ ហាមធ្វើពេលល្ងាច បើមិនចង់ជួបរឿងសយ ខាតទាំងប្រយោជន៍ ខូចទាំងសុខភាព ដែលដកស្រក់ចេញពីគេហទំព័រRuntastic៖
ត្រណមទី១៖ មនុស្សភាគច្រើនមិនថាសិស្សសាលា អ្នកធ្វើការ បានចំណាយអង្គុយយូររយៈពេល៦ទៅ៨ ឬលើសពីនេះទៅទៀត ហេតុនេះភាគច្រើនត្រឡប់មកផ្ទះវិញ បន្ទាប់ពីញ៉ាំអាហាររួចគពួកគេច្រើនចំណាយពេលអង្គុយលេងច្រើនម៉ោងបន្ថែមទៀត លើសាឡុងឬកៅអី ឬក្នុងផ្ទះជាដើម ដើម្បីសម្រាក់លំហែរ។ នេះជាអ្វីដែលអ្នកមិនគួរធ្វើទៀតនោះទេ ព្រោះអ្នកមានអង្គុយច្រើនម៉ោងមកហើយពេញ១ថ្ងៃ បើបន្តអង្គុយទៀត នឹងធ្វើឱ្យឥរិយាបថរាងកាយខ្សោយ ប៉ះពាល់ឆ្អឹងខ្នង និងប្រព័ន្ធសរសៃបេះដូងផងដែរ។ អ្នកគួរតែធ្វើចលនារាងកាយ ដោយការដើរតិចតួច ហាត់ប្រាណ ហាត់យោគៈ ដើម្បីសម្រួលសាច់ដុំ និងសរសៃឈាមឱ្យរត់ស្រួល ល្អសម្រាប់សុខភាពបេះដូងផងដែរ។
ត្រណមទី២៖ កុំញ៉ាំអាហារធ្ងន់ៗ និងឆ្អែតពេកនៅពេលល្ងាច។ អាហារធ្ងន់ៗសំដៅលើអាហារដែលពិបាករំលាយ សម្បូរជាតិស្ករ កាបូនអ៊ីនត្រាតខ្ពស់ ខ្លាញ់បំពង និងប្រៃ ដូចជាបាយ គុយទាវ មី ភីហ្សា ប៊ឺគឺ សាច់អាំង អាហារបំពង អាហារដែលមានសាច់ច្រើន។ គួរទទួលទានវាតិចល្មម បន្ថែមអាហារណាដែលសម្បូរជាតិកាកសរសៃឱ្យច្រើនជំនួយវិញ។ កាលណាអ្នកញាំច្រើនពេក ហើយសុទ្ធតែអាហារពិបាករំលាយវានឹងដាក់បន្ទុកទៅប្រព័ន្ធរំលាយអាហារ ធ្វើឱ្យរំខានដំណេក ពិបាកគេង គេងមិនលក់ លក់មិនស្ងប់ជាដើម។ បើមានទម្លាប់មកពីសាលា ឬធ្វើការវិញ ញ៉ាំច្រើនតាមឃ្លានរហូតហល់ គួរតែបញ្ឈប់ទៅ។
ត្រណមទី៣៖ កុំលេងបណ្ដាញសង្គមច្រើនពេកចាប៉ពីល្ងាចទៅដល់យប់។ នៅពេលអ្នកនៅមុខអេក្រង់ នៅលើបណ្ដាញសង្គមពីព្រឹកទល់ល្ងាច ភ្នែកនិងខួរក្បាលរបស់អ្នកវាក៏ប្រឹងធ្វើការបង្កើនល្បឿនតាមហ្នឹងដែរ។ ពេលវាលើសកម្រិត ទទួលបានរឿងជាច្រើនចូលមក នឹងធ្វើឱ្យអ្នកពិបាកធ្វើចិត្តស្ងប់ ពិបាកផ្ដោតអារម្មណ៍ ឈឺក្បាល គេងមិនលក់ គិតច្រើន ប៉ះពាល់សុខភាព។ អាចប្តូរពីការលេងបណ្ដាញសង្គម មកពីការជជែកជាមួយគ្រួសារ ឬអានសៀវភៅជំនួសវិញ។
ត្រណមទី៤៖ កុំញ៉ាំភេសជ្ជៈនិងអាហារមានជាតិកាហ្វេអ៊ីន អាចធ្វើឱ្យអ្នកមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ ហើយក្រោកឡើងមកអស់កម្លាំងក្នុងខ្លួន។ អាហារនិងភេសជ្ជៈមានជាតិកាហ្វេអ៊ីន មាននៅក្នុងកាហ្វេ តែមួយចំនួន ភេសជ្ជៈកំប៉ុង សូកូឡា និងអាហារចំនួនទៀត។ គួរប្តូរមកជាការញ៉ាំតែខ្ញីក្ដៅៗជំនួសវិញ ជំនួយទាំងសុខភាពនិងសម្រស់។
ត្រណមទី៥៖ ហាមគេងនៅពេលល្ងាច។ បញ្ចេញកម្លាំង ថាមពលពេញ១ថ្ងៃ ធ្វើឱ្យល្ងាចឡើងមកពីធ្វើការវិញងងុយគេង។ អ្នកមិនគួរបណ្ដោយឱ្យខ្លួនឯងគេលក់នៅពេលល្ងាចទេ ជាពិសេសបើគេងកាន់តែច្រើនម៉ោង កាន់តែធ្វើឱ្យអ្នកមានបញ្ហាជាមួយការគេងនៅពេលយប់ ពេលខ្លះអាចធ្វើឱ្យអ្នកកាន់តែល្វើយ អស់កម្លាំងពេលក្រោកមកវិញថែមទៀត។
ត្រណមទី៦៖ កុំខ្ចប់ការងារ សម្ពាធចូលផ្ទះវិញច្រើនពេក។ មកដល់ផ្ទះវិញ អ្នកគួរតែលំហែអារម្មណ៍ រំដោះសម្ពាធ ធ្វើឱ្យខួរក្បាលស្រឡះ តាមរយៈការចំអិនម្ហូប ស្តាប់ចម្រៀង អានសៀវភៅ គូរគំនូរ ហាត់ប្រាណ និយាយគ្នាលេង។ នៅពេលដែលខួរក្បាលអ្នកកំពុងតែស្មុគខ្លាំង គិតអ្វីមិនចេញ បើអ្នកនៅតែបន្ថែមបន្ទុកឱ្យវាទៀត រឹតតែគិតមិនចេញ។ គំនិតថ្មីៗ វានឹងចេញមកនៅពេលដែលខួរក្បាលសប្បាយ លំហែរបន្តិចចាំសម្រុកធ្វើការបន្ត។ មួយវិញទៀត ជីវិតការងារ និងជីវិតគ្រួសារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកត្រូវគួរតែមានតុល្យភាព ទើបអ្នកអាចរស់នៅយ៉ាងមានក្ដីសុខបាន។
ត្រណមទាំងនេះ បើអាចធ្វើបានសុទ្ធតែអាចជួយឱ្យអ្នកមានសុខភាពល្អ រឹងមាំ មិនងាយឈឺ កាលណាមិនឈឺមនុស្សសប្បាយចិត្ត ជីវិតក៏រីករាយ មិនងាយមានរឿងស៊យ និងរឿងមិនល្អកើតឡើងនោះទេ៕
អត្ថបទដោយ៖ Senghong