ជំងឺដំបៅក្រពះ ឈរនៅលំដាប់ទី៥ជាំជំងឺដែលឧស្សាហ៍កើតមានលើមនុស្សគ្រប់រូបទូទាំងពិភពលោក។ យ៉ាងណាមិញនៅក្នុងឆ្នាំ២០១៨ គេរកឃើញមនុស្ស១,០៣៣,៧០១នាក់មានជំងឺដំបៅក្រពះ ក្នុងនោះអ្នកជំងឺ៧៨២,៦៨៥នាក់បានស្លាប់ដោយសារជំងឺនេះ។ ជំងឺដំបៅប្រពះកើតមាននៅក្នុងតំបន់អាស៊ីច្រើនជាងខាងអ៊ឺរ៉ុប ជាពិសេសនៅប្រទេស ចិន កូរ៉េ និងជប៉ុន នេះបើយោងតាមការសិក្សាពីផលពិបាកនៃជំងឺមហារីករបស់NCIB ។
ជំងឺដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីតក្រពះ។ ជំងឺនេះអាចធ្វើអោយអ្នកជំងឺសម្រាកពេទ្យ មិនអាចធ្វើការងារបាន និងអាចធ្វើអោយបាត់បង់អាយុជីវិត នេះតាមការឱ្យដឹងពីពេទ្យកាល់ម៉ែត។
១.រោគសញ្ញានៃជំងឺដំបៅក្រពះមានដូចជា៖
- ឈឺចាប់ពោះផ្នែកចុងដង្ហើម ឬផ្នែកខាងស្តាំខាងលើ
- ឈឺចាប់នៅផ្នែកខាងខ្នង ឬបោះដៃផុត
- ឈឺនៅពេលឃ្លាន ហើយថយការឈឺចាប់ពេលទទួលទានអាហាររួចហើយ
- អាចមានការក្អួតចង្អោរ
- មានអារម្មណ៍ថាពិបាកក្នុងការរំលាយអាហារ
ពេលខ្លះអ្នកជំងឺអាចមានមេរោគសញ្ញា ឬគ្មានរោគសញ្ញា ក្នុងករណីមួយចំនួនវិញអ្នកជំងឺអាចដឹងថាមានបញ្ហាដំបៅក្រពះលុះត្រាតែមានផលវិបាកដូចជា ការហូរឈាម ឬការធ្លាយក្រពះជាំដើម ។
ដើម្បីដឹងច្បាស់ពីបញ្ហាជំងឺដំបៅក្រពះនេះទាមទារឱ្យមានការធ្វើរោគវិនិច្ឆ័យ៖ ការឆ្លុះក្រពះ (Gastroscopy) ជាវិធីដ៏ល្អក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដំបៅក្រពះ ហើយអាចច្រឹបយកបំនែកតូចនៃកោសិកាត្រង់ដំបៅក្រពះ ឬកោសិកាល្អដើម្បីធ្វើការវិភាគកោសិកានោះ ថាជាដំបៅក្រពះធម្មតា ឬដំបៅមហារីក ហើយអាចរកមេរោគក្រពះទៀតបានដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ។ អ្នកជំងឺអាចធ្វើការឆ្លុះក្រពះ ដោយមិនដាក់ថ្នាំសណ្តំ ឬដាក់ថ្នាំសណ្តំ ។
២. ផលវិបាកនៃជំងឺដំបៅក្រពះ មាន ២ ធំៗ៖
- ការហូរឈាមក្រពះ: ស្តែងឡើងដោយមានការក្អួតឈាម, បន្ទោរបង់លាមកមានឈាមខ្មៅ ស្លេកស្លាំង វិលមុខ ។ល។ ក្នុងករណីនេះ អ្នកជំងឺត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឃាត់ឈាមដែលហូរ តាមរយៈការឆ្លុះក្រពះ ហើយប្រើថ្នាំ និងបញ្ចូលឈាមអោយបានត្រឹមត្រូវ។
- ការធ្លាយក្រពះ៖ អ្នកជំងឺមានអាការៈដូចជា ឈឺចាប់ខ្លាំង អត់ផោម អត់បន្ទោរបង់ ពេលស្ទាបពោះមានសភាពរឹងដូចឈើ។ អ្នកជំងឺត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវជាមុន នឹងធ្វើការវះកាត់ជាបន្ទាន់ ព្រោះអ្នកជំងឺអាចស្លាប់ភ្លាមៗ បើមិនបានព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ។
៣.មូលហេតុចំបង ២ ដែលអាចអោយមានដំបៅក្រពះ៖
មេរោគក្រពះ (មេរោគ Helicobater Pylori) មានច្រើនទៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ដោយប្រទេសទាំងនេះ ភាពមានអនាម័យនៅមានកម្រិតនៅឡើយ ដែលអាចឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ពេលដែលអ្នកជំងឺបរិភោគអាហារដែលមានមេរោគនេះចូលទៅក្នុងក្រពះ មេរោគនោះនឹងទំនៅលើកោសិកាក្រពះ បន្ទាប់មកវាធ្វើអោយមានការបញ្ចេញនូវអាស៊ីតក្រពះជាច្រើន និងធ្វើអោយមានការរលាកក្រពះ ដែលយូរៗទៅធ្វើអោយមានជាដំបៅក្រពះ។ បើមិនមានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចបង្កអោយមានជំងឺមហារីកក្រពះ។
ថ្នាំឈឺសន្លាក់: ការប្រើថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើអោយមានបញ្ហាដំបៅក្រពះ ព្រោះថ្នាំនេះធ្វើអោយស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចអោយអាស៊ីតក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត នឹងអាចធ្វើអោយមានការហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិត បើមិនបានព្យាបាលអោយបានត្រឹមត្រូវ។
ក្នុងករណីបងប្អូនមានការសង្ស័យលើរោគសញ្ញាណាមួយ សូមប្រញាប់ធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងកុំប្រហែសឱ្យសោះ ព្រោះជំងឺដំបៅក្រពះអាចប៉ះពាល់ធ្ងន់ធ្ងរទៅដល់បាត់បង់អាយុជីវិត៕
អត្ថបទដោយ៖ កញ្ញា លីហួយ