មានកត្តាច្រើនណាស់ដែលបណ្ដាលឲ្យកើតមានបឿ ក ហើយភាគច្រើនកើតឡើងដោយសារឡើងទម្ងន់ខ្លាំងពេក ឬស្បែកបាត់បង់ភាពសំណើម។ បញ្ហានេះគឺជាក្ដីបារម្ភរបស់មនុស្សវ័យកណ្ដាល ពិសេសគឺស្ត្រីតែម្ដង និងបានចំណាយប្រាក់ច្រើនដើម្បីបណ្ដឹងស្បែកត្រង់បរិវេណនោះឲ្យតឹងរលោងស្អាត។ ដោយផ្អែកលើប្រភពវែបសាយ Femina ថ្ងៃនេះចាបបៃតងនឹងលើកយកលំហាត់ប្រាណចំនួន៥ ប្រភេទដែលអាចជួយកាត់បន្ថយបឿកបានយ៉ាងមានប្រសិទ្ធភាព ដូចខាងក្រោម៖
១. លំហាត់បាល់៖ នេះជាវិធីងាយស្រួលបំផុតដោយគ្រាន់តែយកកូនបាល់មកដាក់គាបនឹងករយៈពេលមួយនាទី។ ធ្វើបែបនេះសាច់ដែលយារធ្លាក់នឹងរឹតបន្តឹងសាច់ដុំមុខ និងក របស់អ្នកបាន ហើយធ្វើឲ្យវារាបស្មើទៅវិញបន្តិចម្ដងៗ។ យើងអាចអនុវត្តលំហាត់ប្រាណនេះបាន២ដងក្នុង១ថ្ងៃ។
២. ផ្អៀងក៖ ដំបូងគ្រាន់តែតម្រង់ឆ្អឹងខ្នង និងក របស់អ្នកឲ្យត្រង់ ហើយផ្អៀងក្បាលទៅចំហៀងខ្លួនដោយឲ្យចង្កាស្របទៅនឹងស្មារបស់អ្នក និងភ្នែកមើលទៅចំហៀង។ បន្ទាប់មកបង្វែរក្បាលទៅម្ខាងទៀត ដោយធ្វើឲ្យបានយ៉ាងតិច៥ទៅ១០ដងក្នុងមួយថ្ងៃ។
៣. លៀនអណ្ដាត៖ ការធ្វើលំហាត់ប្រាណមួយដែលមានប្រសិទ្ធភាពបំផុតគឺ ហាមាត់ឲ្យធំ រួចលានអណ្ដាតចេញមកក្រៅចំនួន១០ដង។ ពេលដែលធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាសាច់ដុំចង្កា និងក របស់អ្នកត្រូវបានរឹតបន្តឹងជាមុន។
៤. ងើយក្បាល៖ លំហាត់ប្រាណបែបនេះអាចជួយក្នុងការពង្រឹង និងរឹតបន្តឹងសាច់ដុំមុខ និងក របស់អ្នក។ ដោយគ្រាន់តែអ្នកដាក់កឲ្យត្រង់ និងចង្ការបស់ងើយទៅរកពិតានរយៈពេល១០វិនាទី ហើយធ្វើឡើងវិញឲ្យបាន១០ដងយ៉ាងតិច។
៥. ឈ្ងោកមុខចុះ៖ នេះជាវិធីងាយមួយដោយគ្រាន់តែដេកនៅលើគ្រែ ឬសាឡុងហើយយកក្បាលទៅដាក់លើគែមនោះ ដោយងើយចង្កាឡើងទៅលើ រួចទម្លាក់ចុះសំឡឹងទៅដើមទ្រូង រួចងើបចុះឡើង១០ដង។
ក្រៅពីលំហាត់ប្រាណខាងលើនេះយើងអាចប្រើប្រាស់គ្រឿងទេសធម្មជាតិមួយចំនួនដើម្បីកាត់បន្ថយខ្លាញ់បឿកបានយ៉ាងល្អ ខណៈគ្រឿងទេសទាំងនោះរួមមាន ៖
១. ប្រេងអូលីវ៖ យកប្រេងអូលីវមួយស្លាបព្រាកាហ្វេ ហើយកំដៅវាបន្តិច រួចម៉ាស្សាលើថ្គាម និងកថ្នមៗ ទុកមួយយប់ដើម្បីឱ្យវីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតចិញ្ចឹម និងរឹតបន្តឹងស្បែក។
២. ប័រកាកាវ៖ មុនពេលចូលគេង ឬក៏មុជទឹក ត្រូវយកប័រកាកាវលាបនៅលើចង្កា និងបំពង់ក ដែលវិធីនេះនឹងធ្វើឱ្យប្រសើរឡើងនូវការបត់បែនស្បែក។
៣. កញ្ចប់តែ ៖ កាលណាដែលយើងឆុងតែរួចហើយ សូមកុំបោះកញ្ចប់តែចោលឲ្យសោះ។ ដែលយើងដែលអាចប្រើវាដាក់នៅលើមុខដើម្បីបន្សាបជាតិពុល និងបន្តឹងស្បែក។
៤. ស្ករកៅស៊ូ៖ ការទំពារស្ករកៅស៊ូ នឹងធ្វើឱ្យមុខរបស់យើងស្រស់ថ្លា ជំរុញចលនាឈាមរត់ និងរឹតបន្តឹងស្បែក។
ជាចុងក្រោយនេះរាល់ប្រិយមិត្តណាដែលមានបញ្ហាបឿកសូមកុំទាន់វះកាត់ ឬព្យាបាលដោយប្រើកាំបិត រុកអ្វីឡើយ។ ប្រិយមិត្តគប្បីគួរតែសាកល្បងនូវវិធីសាស្រ្ដលំហាត់ប្រាណ ឬក៏ប្រើគ្រឿងទេសធម្មជាតិ ដើម្បីសុវត្ថិភាពសុខភាព ៕
អត្ថបទដោយ៖ ស្រីណុច