បច្ចុប្បន្នមានប្រជាជនខ្មែរមិនតិចទេ ដែលកំពុងប្រឈម និងបានកើតជម្ងឺទឹកនោមផ្អែម ដែលជាប្រភេទជម្ងឺរ៉ាំរ៉ៃ ពេលខ្លះពិបាកព្យាបាល និងអាចផ្ដល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកជម្ងឺទៀតផង ។ តាមរយៈគេហទំព័រ www.mayoclinic.org ក្រុមការងារ Healthy Cambodia នឹងជម្រាបជូនលោកអ្នកពីផលវិបាកធ្ងន់ធ្ងរនៃជម្ងឺទឹកនោមផ្អែមប្រទេភទីពីរ ។ ជម្ងឺទឹកនោមផ្អែមប្រភេទទីពីរ គឺសំដៅដល់ស្ថានភាពមួយដែលរាងកាយមិនអាចផលិតអ័រម៉ូន Insulinឬផលិតមិនបានគ្រប់គ្រាន់ ឬរាងកាយប្រើប្រាស់អ័រម៉ូននេះមិនមានប្រសិទ្ធភាពល្អដើម្បីគ្រប់គ្រងជាតិស្ករឲ្យនៅក្នុងកម្រិតធម្មតាបាន។
រោគសញ្ញា៖ ជួនកាល សញ្ញា និងរោគសញ្ញាមានការវិវដ្ដយឺតៗ ហើយពេលខ្លះអ្នកជម្ងឺខ្លួនឯងក៏មិនបានដឹងខ្លួនផងក៏មាន ។ ស្រេកទឹក នោមញឹកញាប់ ឃ្លានខុសធម្មតា ស្រកទម្ងន់គ្មានមូលហេតុ អស់កម្លាំង ភ្នែកឡើងព្រិល របួសក្រជាសះស្បើយ(បើមាន) និងមានការបង្ករោគញឹកញាប់ជាដើម ។
កត្តាជំរុញនាំឲ្យកើតជម្ងឺ៖ ការលើសទម្ងន់ (ជាពិសេសអ្នកមានខ្លាញ់ក្បាលពោះ) កង្វះលំហាត់ប្រាណ ប្រវត្តិគ្រួសារ(ធ្លាប់មានអ្នកកើតជម្ងឺនេះ) អាយុ(ច្រើនជាង៤៥ឆ្នាំ ) និងហ្សែន-ល- ។
ផលវិបាក៖ ក្នុងដំណាក់កាលដំបូងៗ ការគ្រប់គ្រងពីផលវិបាកមិនសូវលំបាកនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ជម្ងឺនេះអាចបង្កឲ្យកើតមានជម្ងឺធ្ងន់ធ្ងរផ្សេងៗដូចជា ជម្ងឺបេះដូង ( ដាច់សរសៃឈាមក្នុងខួរក្បាល លើសសម្ពាធឈាម ត្បៀតសរសៃឈាម ប៉ះពាល់ប្រព័ន្ធប្រសាទ ភ្នែក(ជម្ងឺភ្នែកច្រើនប្រភេទ) និងតម្រងនោម(ជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ) -ល-។
ការការពារ៖ ទម្លាប់នៃការរស់នៅ របបចំណីអាហារ(កុំញ៉ាំអាហារមានជាតិខ្លាញ់ញឹកញាប់ និងមានកាឡូរីទាប ញ៉ាំអាហារមានជាតិសរសៃខ្ពស់ ញ៉ាំផ្លែឈើ និងបន្លែផងដែរ) រក្សាតុល្យភាពទម្ងន់រាងកាយ និងលំហាត់ប្រាណ(ហាត់ប្រាណឲ្យបានទៀងទាត់) ។
ការព្យាបាល៖ លោកអ្នកគួរពិនិត្យសុខភាពជាប្រចាំ ទោះក្នុងករណីលោកអ្នកមានសុខភាពល្អក៏ដោយ ព្រោះជម្ងឺមួយចំនួនដូចជា ជម្ងឺទឹកនោមផ្អែមនេះមិនមានរោគសញ្ញាឲ្យលោកអ្នកចាប់អារមណ្ម៍នោះទេពេលខ្លះ ។ ក្នុងករណីមានជម្ងឺទឹកនោមផ្អែម ការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ គឺជាជម្រើសដ៏ល្អ ដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ៕
អត្ថបទដោយ៖ វេជ្ជបណ្ឌិតហួ ភារ៉ា