ឱ្យតែលឺពាក្យថា ជំងឺមហារីក មនុស្សភាគច្រើនតែងតែខ្លាចរអា ព្រោះវាជាជំងឺមួយដែលកាចសាហាវខុសប្លែកពីជំងឺផ្សេងៗ និងមានហានិភ័យប៉ះពាល់ដល់អាយុជីវិតខ្ពស់។ ដោយឡែកជាមួយនឹងភាពភ័យខ្លាចនៃការកើតជំងឺនេះ ក៏មានមនុស្សមិនតិចនាក់ដែរ ដែលតែងតែចូលចិត្តទទួលទាននូវរបបអាហារ ផ្អែម ប្រៃ ផ្អាប់ និងមានទម្លាប់រស់នៅមិនល្អមួយចំនួនដែលអូសទាញខ្លួនឯងឱ្យធ្លាក់ចូលទៅក្នុងអន្លង់ជំងឺរហូតវិវត្តន៍ខ្លួនឈឺដល់ក្នុងស្ថានភាពពិបាក។
តួយ៉ាង យោងតាមប្រភព timesofindia-indiatimes បានលើកពីរបបអាហារដែលប្រភេទផ្អែម ប្រៃ និងផ្អាប់ អាចបង្កឱ្យសុភាពអ្នកទទួលទានកើតនូវជំងឺមហារីកទៅតាមប្រភេទផ្សេងៗគ្នា៖
១. អាហារប្រៃ៖ តាមការសិក្សាស្រាវជ្រាវបានលើកឡើងថា ការញុំាអាហារដែលមានជាតិប្រៃខ្ពស់អាចបង្កឱ្យកើតមានជំងឺមហារីកក្រពះ ពីព្រោះថា សារជាតិអំបិលដ៏ច្រើនលើសលប់អាចបំផ្លាញស្រទាប់ក្រពះ ជាហេតុនាំឱ្យដំបៅក្រពះ និងធ្វើឱ្យមានបញ្ហាជំងឺហារីកក្រពះកើតឡើងមក ខណៈពេលដែលអ្នកជំងឺមិនទទួលការព្យាបាលបានត្រឹមត្រូវ។ មួយវិញទៀត ការញុំាអាហារប្រៃពេកក៏អាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ដែរ ដូច្នោះហើយ គួរតែព្យាយាមកាត់បន្ថយការទទួលទានជាតិប្រៃ ពីព្រោះវាមិនសូវល្អសម្រាប់សុខភាពរបស់យើងប៉ុន្មានទេ។
២. ស្ករចម្រាញ់៖ ចំពោះសរីរាង្គកាយរបស់មនុស្សទាំងមូល កាលណាបើទទួលទាននូវកម្រិតជាតិស្ករលើសកំណត់ ច្បាស់ណាស់ប្រាកដជា អាចបង្កឱ្យសុខភាពរាងកាយងាយកើតជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺបេះដូង។ ដូច្នោះហើយបងប្អូនទាំងអស់គ្នាគួរកាត់បន្ថយការញុំាអាហារដែលមានជាតិស្ករខ្ពស់ពេក ញុំាត្រឹមតែបរិមាណសមល្មម។
៣. ម្សៅពណ៌ស៖ ម្សៅដែលគេយកទៅធ្វើជា នំបុ័ង ឬប្រភេទនំដុតជាច្រើននោះ គឺអាចជះឥទ្ធិពលមិនល្អដល់សុខភាពកម្រិតធ្ងន់ផងដែរ ពីព្រោះថា ម្សៅប្រភេទត្រូវបានលាយជាមួយសារធាតុក្លរីន ដែលជាសារធាតុគីមីដែលប្រើដើម្បីធ្វើឱ្យម្សៅកាន់តែស។ ហើយនៅពេលណា ម្សៅពណ៌ស ត្រូវបានលាយជាមួយនឹងល្បាយគ្រឿងទេសដទៃទៀត ដុតនៅក្នុងកម្តៅ អាចធ្វើឱ្យអ្នកញុំាប្រភេទអាហារនេះ កើនកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ជាមួយនឹងការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនាំឱ្យមានភាពធន់នឹងអាំងស៊ុយលីន ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ ក៏ដូចជាមហារីកផ្សេងទៀតរួមមាន មហារីកតម្រងនោម...ជាដើម។
៤ សាច់កែច្នៃ៖ ពាក់ព័ន្ទៅនឹងក្រុមអាហារប្រភេទនេះ កាលពីកន្លងមកអង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថា សាច់កែច្នៃជាប្រភេទក្រុមអាហារទីមួយដែលបង្កឱ្យកើតមានជំងឺ មហារីក។ ជាក់ស្តែង មានការស្រាវជ្រាវបង្ហាញថា មានសារធាតុគីមីមួយចំនួននៅក្នុងសាច់ក្រហម និងកំឡុងពេលកែច្នៃ ដោយការបន្ថែមសារធាតុគីមីនេះងាយនឹងកើតមានជំងឺមហារីកពោះវៀនធំ។ ហើយជាធម្មតាគេអនុញ្ញាតឱ្យយើងញុំាសាច់ក្រកប្រហែល៧០០ក្រាមតែប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍ ប្រសិនបើទទួលទានលើសកម្រិតនេះ គឺវាអាចនឹងប៉ះពាល់ដល់សុខភាព។
៥. អាហារត្រាំ ឬផ្អាប់៖ ប្រភេទ ត្រសក់ជ្រក់ ម្ជូរត្រាំ ត្រូវរកឃើញថា វាអាចធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពរបស់មនុស្សដែលបង្កចេញជាជំងឺរាគរូស ចុក ឆ្អល់ ឬហើមពោះ និងជះឥទ្ធិពលមិនល្អផ្សេងៗជាច្រើនទៀត។ តួយ៉ាង យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី British Journal of Cancer ទាក់ទិនទៅនឹងទម្លាប់នៃការញ៉ាំជ្រក់បន្លែញឹកញាប់ពេល អាចនឹងធ្វើឱ្យកើតជំងឺមហារីកបំពង់អាហារ។ ជាមួយគ្នានេះ ប្រភេទអាហារត្រាំឬផ្អាប់ជាមួយអំបិលក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យនៃជំងឺមហារីកក្រពះផងដែរ៕
អត្ថបទដោយ៖ ប៉ែត ធីតា