ជំងឺថប់បារម្ភជាជំងឺមួយផ្នែកផ្លូវចិត្ត ប៉ុន្តែទាក់ទងទៅនឹងការព្រួយច្រើន បារម្ភច្រើន គិតទុកមុនច្រើន ។មានការព្រួយបារម្ភច្រើន គិតទុកមុនច្រើននូវរឿងដែលមិនទាន់កើតឡើង អ្នកជំងឺគឺខ្វល់ច្រើនគ្រប់មុខ។ចំពោះអ្នកជំងឺនេះក្នុងការគេងគឺគេងមិនលក់ មានការភ័យច្រើនដែលបណ្ដាលឱ្យមានអាការ:ញ័រទ្រូង បេះដូងលោតលឿនជាងធម្មតា ។អ្នកជំងឺនេះគឺមានការបំពេញកិច្ចការងារប្រញាប់ប្រញាល់ភ័យខ្លាច មានភាពតក់ក្រហល់ ចង់សម្រេចកិច្ចការភ្លាមៗ មានការខឹងមួម៉ៅច្រើនជាដើម។
យោងតាមកិច្ចសម្ភាសន៍របស់cnc ជាមួយវិជ្ជបណ្ឌិត ឈឹម សុធារ៉ាបានឱ្យដឹងថា កត្តាដែលនាំអោយកើតជំងឺថប់បារម្ភនេះ គឺបណ្ដាលមកពី មូលហេតុនៃជំងឺនេះគឺមិនខុសពីជម្ងឺធ្លាក់ទឹកចិត្តប៉ុន្មានទេ អាចបណ្ដាលមកពីការប្រែប្រួលគ្រប់ធាតុគីមីនៅក្នុងខួរក្បាល ផ្នែកមួយនៃខួរក្បាលមានសកម្មភាពខ្លាំងដែលធ្វើឱ្យមានការភ័យព្រួយច្រើន។
កត្តាចិត្តខ្លួនឯង អ្នកជំងឺខ្លះដោយសារតែធ្លាប់មានបទពិសោធន៍អ្វីមួយពីអតីតកាល ទៅធ្វើឲ្យគាត់ហើយជាប់ដិតដាមរហូតមកដល់បច្ចុប្បន្នដែលធ្វើឱ្យគាត់បង្កើនការប្រុងប្រយ័ត្នព្រួយច្រើនទៅថ្ងៃមុខ។ ការភ័យព្រួយរបស់អ្នកជម្ងឺអាចជះឥទ្ធិពលដល់កូនចៅដែលធ្វើឲ្យពួកគេអាចមានការភ័យព្រួយបារម្ភច្រើនអ្នកជំងឺនោះដែរ។
កត្តាសង្គមគឺបណ្ដាលមកពីការស្រេ្តស ជាមួយបញ្ហាដែលកើតឡើងនៅក្នុងគ្រួសារកន្លែង ធ្វើការងារ ជាដើម។
ជាទូទៅរោគសញ្ញានៃអ្នកជំងឺនេះគឺបង្ហាញមកនូវការភ័យច្រើនព្រួយច្រើន បេះដូងលោតញាប់ច្រើន នៅពេលអ្នកជំងឺមានបញ្ហាធ្ងន់ធ្ងរខ្លាំងគឺមានសញ្ញាស្រដៀង ទៅនឹងជំងឺគាំងបេះដូងដែរ ហើយពិបាកដកដង្ហើមណែនទ្រូង បេះដូងលោតញាប់ខ្លាំង។
គួរបញ្ជាក់ៀងដែរថា ចំពោះបញ្ហានៃជំងឺផ្លូវចិត្ត គឺអ្នកជំងឺផ្ទាល់ត្រូវតែទៅជួបពិគ្រោះជាមួយនឹងអ្នកជំនាញផ្នែកនេះ ហើយអ្នកមិនត្រូវទុកជំងឺខាងផ្លូវចិត្តនេះយូរពេកទេ វាអាចជាហេតុរឹតតែធ្ងន់ធ្ងរ បើអ្នកចេះតែបណ្ដោយមិនខ្វល់ពីវា។
អត្ថបទ៖ ភោគ ម៉ារី