មានពលរដ្ឋខ្មែរជាច្រើន បានទុកខ្លួនឯងរហូតមានជំងឺធ្ងន់ ទើបរត់រកគ្រូពេទ្យ ដោយចំណាយច្រើនលើការព្យាបាល ខណៈបើចំណាយលើការពិនិត្យសុខភាពមុន មិនសូវចំណាយច្រើន និងខាតពេលវេលាក្តី។ តែនេះ ជាទម្លាប់ទៅហើយដែលពលរដ្ឋខ្មែរ មិនដែលទៅពិនិត្យសុខភាពឱ្យបានមុន ឬជាទៀងទាត់ ដើម្បីបង្ការជំងឺផ្សេងៗឱ្យបានមុន។
ឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី ធ្លាប់មានប្រសាសន៍ថា «សម្រាប់ភាគរយនៃចំនួនពលរដ្ឋខ្មែរដែលពិនិត្យសុខភាពជាប្រចាំ សឹងតែគ្មាន បើគិតអត្រាអ្នករៀនសូត្រចេះដឹងវិញ ប្រហែលមានត្រឹម១០ភាគរយ។ តែបើតាមខ្ញុំដឹង ទូទៅមិនសូវមានការចាប់អារម្មណ៍ ទោះជាមានលុយកាក់ក៏ដោយ ព្រោះគិតថា សុខភាពល្អហើយមិនអីទេ ចាំធ្វើទុក្ខ ចាំទៅព្យាបាលតែម្តង។ តែទិដ្ឋាភាពជាក់ស្តែង នៅពេលជំងឺចេញរោគសញ្ញា ឬធ្វើទុក្ខ មានន័យថាយឺតពេលហើយ វាមិនល្អទេ ព្រោះពិបាកព្យាបាល និយាយជារួមជំងឺអ្វីក៏ដោយ ឱ្យតែចេញសញ្ញាហើយគឺលំបាកព្យាបាលណាស់»។
ដូច្នេះ បានជាគេឱ្យទៅពិនិត្យសុខភាព តាមដាន ផ្នែកសំខាន់ៗនៃរាងកាយយើង តាំងពីបំពងក ថ្លើម ក្រពះ តើចំណុចណា ត្រូវពិនិត្យប៉ុន្មានដងខ្លះ? ហើយទាំងអស់នេះ យើងដឹងនៅពេលទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យ ជួនកាលយើងស្ទាបប៉ះពាល់ចំណុចប្លែកៗនៃរាងកាយខ្លួនឯងមិនដឹងទេ ដោយសារយើងប៉ះពាល់រាល់ថ្ងៃហើយ តែបើគ្រូពេទ្យគេអាចដឹង ថាយើងអាចមានរោគសញ្ញាអ្វី ឬទើបចាប់ផ្តើមកើតនូវជំងឺណាមួយ ងាយស្រួលការពារទុកមុខ។ ហើយបើយើងមិនពិនិត្យទាន់ពេល អាចយឺតពេល ព្យាបាលលែងកើតតែម្តង ដោយសារតែដំណាក់កាលជំងឺក្លាយ ឆ្លងរីករាលដាល ឬដល់ដំណាក់កាលធ្ងន់ធ្ងរមើលលែងជា។
ត្រង់ចំណុចនេះសំខាន់ណាស់ សម្រាប់ពលរដ្ឋខ្មែរយើង។ តែការពិនិត្យសុខភាពជាប្រចាំ៦ខែ ឬ១ឆ្នាំម្តងនឹង ផ្នត់គំនិតនឹង មិនត្រឹមតែពលរដ្ឋខ្មែរមិនសូវដឹងទេ សូម្បីតែគ្រូពេទ្យខ្លួនឯងផ្ទាល់ មិនសូវខ្វល់ មិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ប៉ុន្មានទេ ព្រោះគ្រូពេទ្យពីដើមៗ និងជំនាន់ក្រោយៗនេះ អត់មានវប្បធម៌ដាស់តឿន កាន់បញ្ជីត្រឹមត្រូវ ពន្យល់បញ្ហាខាងលើមិនសូវមាននោះទេ។
ត្រង់ចំណុចនេះដែល វេជ្ជបណ្ឌិត មិញ ចាន់ភក្តី ឯកទេសវិជ្ជសាស្ត្រទូទៅបានផ្តល់បទសម្ភាសដល់ក្រុមការងារ Healthy Cambodia ថា ពលរដ្ឋខ្មែរគួរតែពិនិត្យសុខភាពឱ្យបានទៀងទាត់ កុំបណ្តោយឱ្យខ្លួនរហូតមានជំងឺធ្ងន់ធ្ងរ អាចពិបាកព្យាបាល និងចំណាយលុយច្រើនណាស់។ បើយើងចាយលុយលើការពិនិត្យសុខភាពមុន មិនសូវចំណាយច្រើននោះទេ តែបើទុករហូតមានជំងឺខ្លាំង នោះនឹងចំណាយពេលព្យាបាលយូរ និងចំណាយលុយច្រើន។
លោកវេជ្ជបណ្ឌិតរូបនេះ លើកទឹកចិត្តពលរដ្ឋខ្មែរយើងឱ្យងាកមក គិតអំពីសុខភាពឱ្យបានល្អ កុំធ្វេសប្រហែសឱ្យសោះ ព្រោះពាក់ព័ន្ធនឹងអាយុជីវិត។ បើសុខភាពយើងល្អ នោះកិច្ចការងារផ្សេងៗ ក៏ដើររលូនតាមនោះដែរ តែបើយើងធ្លាក់ខ្លួនឈឺហើយ អ្វីៗនឹងពិបាក។
ជាការពិតណាស់ ពលរដ្ឋខ្មែរមិនទាន់ទម្លាប់ទៅពិនិត្យសុខភាពឱ្យបានគ្រប់ៗគ្នានោះទេ និយាយភាគរយវិញតិចណាស់។ ដូច្នេះចាប់ពីពេលនេះតទៅ អ្នកដែលបានអានអត្ថបទនេះ គួរគិតពិចារណាឡើងវិញ ហើយឆ្លៀតទៅពិនិត្យសុខភាព និងមន្ទីរពេទ្យណាមួយដោយការចំណាយមិនច្រើនពេកនោះទេ ឬក៏អាចតេសាកសួរព័ត៌មានគ្រូពេទ្យជាមុនក៏បាន៕
អត្ថបទដោយ៖ម៉ន វុទ្ធា