សាឡាត់ ជាបន្លែស្លឹកមួយប្រភេទកំពុងជាប់ឈ្មោះល្បីខ្លាំងនៅទូទាំងពិភពលោក ខណៈពេលបន្លែ១មុខនេះត្រូវបានគេជ្រើសរើសជាពិសេសសម្រាប់យកទៅដាក់ធ្វើនៅលើមុខម្ហូបសឹងតែគ្រប់មុខ និងយកសម្រាប់តុបតែងមុខម្ហូបដទៃទៀតឱ្យកាន់តែមានសោភ័ណ្ឌភាពល្អ។
ផ្សារភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិខាងលើនេះ បើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ webmd បានស្តែងឱ្យដឹងថា បន្លែសាឡាត់ក៏មានលក្ខណៈពិសេសផ្សេងទៀតផងដែរ ដែលត្រូវបានគេដឹងថា វាពិតជាអាចជួយដល់សុខភាពអ្នកទទួលទានបានជាច្រើនបែបច្រើនយ៉ាង៖
១. ជំនួយឆ្អឹង៖ សាឡាត់ គឺជាប្រភពនៃវីតាមីន K ដែលជួយពង្រឹងឆ្អឹង។ ជាមួយនឹងវីតាមីន K នេះដែរ កាលណាបើទទួលទានក្នុងបរិមាណគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ក្រុមអ្នកជំនាញបានលើកឡើងថា វាក៏អាចកាត់បន្ថយហានិភ័យនៃការពុកឆ្អឹងនាថ្ងៃអនាគតបានផងដែរ។
២. បំពេញជាតិទឹក៖ នៅក្នុងបន្លែសាឡាត់ស្រស់ ត្រូវបានគេរកឃើញនូវបរិមាណជាង ៩៥% ដោយជាហេតុនាំឱ្យការទទួលទានសាឡាត់អាចនឹងផ្តល់ជាតិទឹកបន្ថែមដល់រាងកាយ។
៣. ជួយភ្នែក៖ សាឡាត់ ក៏ជាប្រភពនៃវីតាមីន A ដែលមានតួនាទីជួយដល់សុខភាពភ្នែក។ វីតាមីន A អាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ និងជួយការពារការចុះខ្សោយនៃភ្នែកផងដែរ។
៤. ធ្វើឱ្យគេងលក់បានស្ងប់៖ សារធាតុជាច្រើននៅក្នុងបន្លែសាឡាត់ត្រូវបានក្រុមអ្នកជំនាញរកឃើញពីប្រសិទ្ធភាពម្យ៉ាងដែលអាចជួយលើកកម្ពស់ការគេង និងធ្វើដំណើរការនៃដំណេកអ្នកទទួលទានមានភាពស្ងប់ស្ងល់។
៥. ជាអាហារូបត្ថម្ភដ៏ល្អ៖ សាឡាត់ស្ទើរតែគ្រប់ប្រភេទទាំងអស់មានបរិមាណដ៏ច្រើននៃវីតាមីន A រួមជាមួយនឹងបរិមាណតិចតួចនៃវីតាមីន C និងជាតិដែក។ ដោយសារធាតុទាំងនេះពិតជាអាចជួយដល់សុខភាពស្បែក ជំនួយដល់ការលូតលាស់ និងបំពេញគ្រាប់ឈាមក្រហមនៅក្នុងសរីរាង្គកាយមនុស្ស៕