ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់កំពូលថាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥ ដោយឈរនៅលើមហាកំផែងរបស់ប្រទេសចិន និងប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា។ នេះបើតាមគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Tripadvisor ចេញផ្សាយកាលពីពេលថ្មីៗនេះ។
តាមគេហទំព័រ Tripadvisor បានគូសបញ្ជាក់៖ «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយមិនពិបាកក្នុងការស្វែងរកមូលហេតុនោះទេ ដែលប្រាសាទនេះជាប់ចំណាត់ថ្នាក់កំពូល។ សូមទៅទស្សនាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ នោះអ្នកនឹងស្ញប់ស្ញែងស្ថាបត្យកម្ម និងចម្លាក់ដ៏អស្ចារ្យរបស់ប្រាសាទអង្គរវត្ត»។
ភ្ញៀវទេសចរនានាក៏បានបញ្ចេញមតិកោតសរសើរ បន្ទាប់ពីបានទស្សនាប្រាសាទអង្គរវត្តផងដែរ ដោយភ្ញៀវទេសចរអន្តរជាតិម្នាក់បានសរសេរថា៖ «ការទៅទស្សនាប្រាសាទអង្គរវត្តគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ ប្រាសាទនេះពិតជាអច្ឆរិយៈ ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងមានប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ។ នៅពេលដើរកាត់តាមផ្លូវបុរាណ នោះយើងមានអារម្មណ៍ថាដូចជាបោះជំហានចូលទៅកាន់អតីតកាលយ៉ាងដូច្នោះដែរ។
ម្យ៉ាងទៀត ទិដ្ឋភាពថ្ងៃរះលើកំពូលប្រាសាទពិតជាគួរឱ្យស្ញប់ស្ញែងមែនទែន។ រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់អាណាចក្រខ្មែរ និងអត្ថន័យនៅពីក្រោយជញ្ជាំងប្រាសាទ មានតម្លៃសម្រាប់ការចែករំលែកជាចំណេះដឹង។ ថ្វីត្បិតតែប្រាសាទអង្គរវត្តជាកន្លែងទេសចរណ៍ដ៏ពេញនិយមក៏ដោយ ក៏កន្លែងនេះធ្វើឱ្យយើងមានអារម្មណ៍ស្ងប់សុខ។ មិនថាអ្នកជាអ្នកស្រលាញ់ប្រវត្តិសាស្ត្រ ជាអ្នកថតរូប ឬគ្រាន់តែជាមនុស្សដែលចូលចិត្តភាពស្រស់ស្អាតនោះទេ ប្រាសាទអង្គរវត្តគឺជាគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា។ ប្រាសាទនេះពិតជាសមនឹងកិត្តិនាមជាអច្ឆរិយៈមួយរបស់ពិភពលោកពិតមែន»។ យោងតាមក្រសួងព័ត៌មាន។