ចង់ស្រកគីឡូ តែមិនដឹងថាគួរញ៉ាំអាហារអ្វីទើបស្រកលឿន? នៅក្នុងគេហទំព័រ Eat This, Not That បានឱ្យដឹងថា បើនរណាចង់ស្រកគីឡូអាចសាកញ៉ាំអាហារដូចខាងក្រោមនេះបាន។
ក្បួនទី១ អាហារពេលព្រឹក: ផឹកកាហ្វេ+ញ៉ាំស៊ុត
យោងតាមប្រសាសន៍របស់ Kimberly Snodgrass, RDN, LD, អ្នកនាំពាក្យនៃបណ្ឌិត្យសភាអាហារូបត្ថម្ភ និងរបបអាហារ, បានឱ្យដឹងថា ស៊ុតអាចជួយបង្កើនការរំលាយអាហារ ក្នុងរយៈពេល២-៣ម៉ោង ដោយសារតែប្រូតេអ៊ីនស៊ុតខ្ពស់ តម្រូវឱ្យរាងកាយប្រើថាមពលបន្ថែមទៀតដើម្បីរំលាយពួកវា ដែលជាហេតុមិនងាយឱ្យអ្នកឃ្លានអ្វីផ្តេសផ្តាស។ ចំណែកឯកាហ្វេវិញ អាចជួយក្នុងការសម្រកទម្ងន់ កាត់បន្ថយការទទួលទានកាឡូរី និងជំរុញការដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ។ ហេតុនេះ ញ៉ាំ២នេះចូលគ្នា អ្នកក៏អាចស្រកលឿនគុណនឹង២ផងដែរ។ សូមបញ្ជាក់ដែរថា កាហ្វេមិនគួរថែមគ្រីមឬស្ករខ្លាំងទេ រីឯស៊ុតក៏មិនគួរប្រើខ្លាញ់ដែរ ស៊ុតប្រសិនបើស្ងោរល្អបំផុត។
ក្បួនទី២ អាហារថ្ងៃត្រង់: ត្រី+តែបៃតង
ជម្រើសអាហារពេលថ្ងៃមានច្រើន តែបើចង់ស្រកគីឡូ កុំភ្លេចនឹកដល់ត្រីនិងតែបៃតង។ អ្នកជំនាញនិយាយថា ត្រីសម្បូរប្រូតេអ៊ីនខ្ពស់បំផុតនិងមានខ្លាញ់ល្អជួយអ្នកឱ្យឆ្អែតបានយូរ។ ចំពោះតែបៃតងវិញ នឹងជួយលើកកម្ពស់ការសម្រកទម្ងន់ឱ្យកាន់តែមានប្រសិទ្ធភាព។ នៅក្នុងតែបៃតងមានផ្ទុកនូវសារធាតុ catechins ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបង្កើនការដុតបំផ្លាញជាតិខ្លាញ់ និងជំរុញការរំលាយអាហារ។ ញ៉ាំ២នេះបញ្ចូលគ្នាពេលថ្ងៃ ការសម្រកគីឡូរបស់អ្នកនឹងទទួលបានជោគជ័យជាមិនខាន។
ក្បួនទី៣ អាហារពេលល្ងាច: សាឡាដ+គ្រាប់ធញជាតិ (គ្រាប់សណ្តែកខ្មៅ និងសណ្តែកសៀង) +តែខ្ញី
ពពួកគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ រួមបញ្ជូលទាំងគ្រាប់សណ្តែកខ្មៅ និងសណ្តែកសៀង គឺមានផ្ទុកខ្លាញ់ល្អដែលជាអូមេហ្កា៣, ជាសារធាតុជំរុញការរំលាយអាហារដ៏អស្ចារ្យ ហើយអាចធ្វើឱ្យអ្នកឆ្អែតពេញមួយយប់ដោយមិនខ្វះអាហាររូបត្ថម្ភនោះឡើយ។ រីឯ តែខ្ញី វិញគឺជាភេសជ្ជៈដែលល្អឥតខ្ចោះសម្រាប់អ្នកសម្រកគីឡូ មិនថាញ៉ាំជាមួយនឹងសាឡាដឬអាហារផ្សេងៗទៀតនោះឡើយ។ ខ្ញីអាចជំរុញភាពឆ្អែត បន្ថយចំណង់អាហារ និងបង្កើនការរំលាយអាហារជួយឱ្យបញ្ចេញកាកសំណល់បានយ៉ាងល្អបំផុតផងដែរ៕
អត្ថបទដោយ៖ កញ្ញា លីហួយ