ជឿថាអ្នកដែលមានទម្លាប់លាបឡេរាល់ថ្ងៃ នៅពេលឈានចូលដល់រដូវក្តៅនេះពួកគាត់ច្បាស់ជាជួយបញ្ហាមួយគឺលាបឡេមិនសូវចូលស្បែក ពីព្រោះតែអាកាសធាតុក្តៅ ងូតទឹកហើយស្ងួតខ្លួនមិនទាន់ក៏បែកញើសមកវិញជាហេតុនាំឱ្យឡេដែលលាបនៅលើស្បែកមិនបានជ្រាបចូលទៅដល់ស្បែកខាងក្នុងនោះទេ ព្រោះតែមានឧបសគ្គរាំងស្ទះគឺ ញើស។ ដូច្នេះតើគួរលាបឡេរបៀបណាដើម្បីឱ្យចូលទៅក្នុងស្បែក និងមិនមានការបែកញើសចេញមកក្រៅ?
ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ everyuth បានបញ្ជាក់ច្បាស់ៗថា ឡេលាបស្បែក គឺជាជាតិសំណើមដែលត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់លើរាងកាយរបស់មនុស្ស។ ឡេលាបស្បែកមានច្រើនប្រភេទដូចជា ប្រភេទក្រែមលាបស្បែក ក្រែមទឹកដោះគោ ក្រែមស្រាល ឬប្រេងផ្តល់សំណើម និងជាប្រភេទសេរ៉ូមជាដើម។
ជាក់ស្តែងស្បែករបស់មនុស្សត្រូវការឡេជំនួយគ្រប់រដូវកាល មិនថា រដូវក្តៅឬរដូវត្រជាក់ នោះទេ។ ជាពិសេសនៅរដូវក្តៅនេះ ស្បែករឹតតែចាំបាច់ត្រូវការឡេដើម្បីការពារស្បែកពីការបំផ្លាញពីព្រះអាទិត្យ កម្តៅ និងមជ្ឈដ្ឋានខាងក្រៅ។ ឡេដែលអ្នកចាំបាច់ត្រូវប្រើបំផុតនៅរដូវក្តៅគឺជាប្រភេទឡេផ្តល់សំណើម សាច់ឡេស្រាល ឬជាប្រភេទសេរ៉ូមការពារកម្តៅថ្ងៃ គឺសំខាន់បំផុត។
ដូច្នេះដើម្បីលាបឡេឱ្យត្រូវក្បួន លាបឱ្យចូលស្បែកបានល្អ គ្មានការបែកញើស អ្នកត្រូវអ្នកអនុវត្តតិចនិកពិសេសទាំង៤ខាងក្រោម៖
១. ជំហានទីមួយ៖ អ្នកត្រូវជ្រើសឡេលាបស្បែកប្រភេទផ្តល់សំណើម មានសាច់ឡេប្រភេទស្រាល ឬជ្រើសប្រភេទសេរ៉ូម ទើបលាបឆាប់ចូលស្បែក និងជួយការពារស្បែកបានល្អនៅរដូវក្តៅ។
២. លាបឡេភ្លាមៗនៅពេលងូតទឹករួច ៖ ឡេដែលលាបទៅឃើញលទ្ធផលលឿន គឺលាបបន្ទាប់ពីងូតទឹករួច ពេលដែលស្បែករបស់យើងត្រជាក់ មានសំណើមជាតិទឹកតិច យើងគួរលាបឡេដើម្បីឱ្យវាជ្រាបចូលទៅក្នុងស្បែកបានលឿន និងព្យាបាលស្បែកបានល្អ។ កុំលាបឡេនៅពេលស្បែកអ្នកស្ងួត ឬមុនពេលងូតទឹកឱ្យសោះ។
៣. របៀបលាប៖ ជាដំបូងអ្នកត្រូវច្របាច់ ឬចាក់មកលើបាតដៃហើយឈ្លីឱ្យសព្វបាតដៃរួចលាបឬម៉ាស្សាលើស្បែលរបស់អ្នកពីលើចុះក្រោមរាងជារង្វង់ ការធ្វើបែបនេះធ្វើឱ្យសាច់ឡេជ្រាបចូលទៅក្នុងកោសិការស្បែកបានលឿន សព្វល្អ និងព្យាបាលស្បែកបានយ៉ាងល្អផងដែរ។ ចំណុចពិសេសដែលអ្នកត្រូវយកចិត្តទុកដាក់នៅពេលលាប គឺត្រង់ កែងដៃ ជង្គង់ ក ប្រអប់ជើង ប្រអប់ដៃ ព្រោះវាជាកន្លែងដែលទទួលរងនៅការខូចខាតខ្លាំងជាងគេ អ្នកត្រូវចំណាយពេលលាបត្រង់ចំណុចសំខាន់ទាំងនេះយ៉ាងយកចិត្តទុកដាក់។
សរុបមកវិញ ក្បួនក្នុងការលាបឡេដែលត្រឹមត្រូវនឹងទទួលបានលទ្ធផលលឿនគឺទីមួយអ្នកត្រូវលាបឡេនៅរៀងរាល់ក្រោយពេលងូតទឹករួច ពេលយប់ចន្លោះម៉ោង ៦ ដល់ម៉ោង ៩ បន្ទាប់ពីងូតទឹក និងពេលព្រឹកក្រោយពេលងូតទឹករួចដូចគ្នា។ ចៀសវាងដាច់ខាតកុំលាបឡេនៅពេលស្បែកស្ងួតគ្មានជាតិទឹក ឬស្បែកក្តៅ កុំលាបឡេញឹកញាប់ពេកមួយថ្ងៃលាប២ទៅ៣ដងបានហើយ ដើម្បីកុំឱ្យចំណាយថវិកាច្រើន និងសន្សំសំចៃឡេរបស់អ្នកកុំឱ្យឆាប់អស់ផងដែរ។
ចំណុចសំខាន់មួយទៀតដែលខានមិនបានគឺត្រូវលាបយ៉ាងយកចិត្តទុកដាក់ លាបពីលើចុះក្រោម អូសជារាងរង្វង់ ហើយអ្នកអាចចំណាយពេល១០នាទីទៅសម្រាប់លាបឡេសព្វមួយតួខ្លួនដើម្បីមានពេលយកចិត្តទុកដាក់។ កុំលាបឡេបែបប្រញាប់ប្រញាល់ កុំលាបឡេឱ្យតែបានលាប កុំលាបឡេដើម្បីបង្រ្គប់ថ្ងៃ ព្រោះការលាបបែបនេះមិនធ្វើឱ្យអ្នកទទួលបានផលទេ ទោះខំលាបដល់ស្លាប់ទៀតក៏មិនសដែរ៕
អត្ថបទដោយ៖ មឿន គន្ធា