សព្វថ្ងៃនេះ អ្នកឡើងគីឡូញ៉ាំអាហារសម្បូរបែបឆ្ងាញ់ៗ ដែលមានជាតិខ្លាញ់ ជាតិប្រៃផ្អែមច្រើនលើសកម្រិតជាប្រចាំថ្ងៃថែមទាំងផឹកស្រា និងភេសជ្ជៈគ្រឿងផ្អែមផងដែរ។ និយាយទៅការញ៉ាំរបរអាហារផ្សេងៗ ដែលមានពួកកាឡូរីលើសកម្រិតរាងកាយនាំឱ្យអ្នកធាត់។ តើមានវិធីណានាំឱ្យអ្នកតាំងចិត្តអាចសម្រកគីឡូបានរហ័ស? តាមអ្នកគ្រូ ធាវ ដាវិន ជាគ្រូហាត់ប្រាណមានបទពិសោធជាច្រើនឆ្នាំបានលើកឡើងថា ការសម្រកគីឡូមិនអាចខ្វះលំហាត់ប្រាណបានទេ។ យើងប្រើរាងកាយទៅដុតខ្លាញ់នៅក្នុងខ្លួនឱ្យស្រកឱ្យមានសុខភាពល្អ។ ហើយការសម្រកគីឡូនេះ យើងត្រូវការមានការតាំងចិត្តខ្ពស់ ដើម្បីកម្ចាត់ជាតិខ្លាញ់ឱ្យមានប្រសិទ្ធភាព។
ហើយអ្នកគ្រូបានលើកឡើងថា ដើម្បីសម្រកគីឡូបានលឿន យើងសួរខ្លួនឯងថា តើយើងហាត់ប្រាណមានគោលដៅលើអ្វី? ហាត់ដើម្បីសុខភាព ហាត់ដើម្បីសម្រកគីឡូ ហាត់ដើម្បីឡើងសាច់ និងហាត់ដើម្បីសាច់ឬសម្រស់ក្មេងជាងវ័យ។ ពេលយើងមានគោលដៅនៅអ្វីដែលខ្លួនចង់បានពិតប្រាកដ ធ្វើឱ្យយើងមានទឹកចិត្តហាត់ប្រាណ ហាត់ប្រាណបានយូរ ហាត់មានប្រសិទ្ធភាពល្អ។ តើអ្នកហាត់ប្រាណដើម្បីអ្វី? គោលដៅជាថ្នាំលើកទឹកចិត្តរបស់អ្នកទៅហាត់ប្រាណ និងតមអាហារបានល្អបំផុត។ ហើយគោលដៅជួយជម្រុញទឹកចិត្តរបស់អ្នកឱ្យមានថាមពលងើបទៅហាត់ប្រាណដើម្បីស្រកគីឡូ។
មានគ្នាឬមានគ្រូចាំបង្រៀន ទើបមានទឹកចិត្តសម្រកគីឡូ។ អ្នកគ្រូ ដាវិន បាននិយាយថា អ្នកខ្លះហាត់ប្រាណបានត្រឹមតែប៉ុន្មានថ្ងៃក៏ឈប់ហើយ ទោះបីមានគោលដៅក៏ដោយ ព្រោះតែខ្វះគ្នាហាត់ប្រាណជាមួយ ឬខ្វះគ្រូចាំណែនាំដោយសារហាត់ខ្លួនឯងអត់លទ្ធផលស្រកគីឡូ ក៏សម្រេចចិត្តបោះបង់ចោល។ ពេលខ្លះជួលគ្រូហាត់ប្រាណ រាងអស់លុយបន្តិចមែន តែគ្រូចាំជួយបង្រៀនចាំជួយលើកទឹកចិត្ត និងចាំជួយបង្ហាត់ឱ្យចំគោលដៅឱ្យត្រូវតាមក្បួនខ្នាតនៃការហាត់ប្រាណ។ ពេលខ្លះយើងហាត់មានគ្រូតែបីខែមានលទ្ធផលស្រកគីឡូស្មើនឹងហាត់ដោយខ្លួនឯងមួយឆ្នាំ។ ពេលយើងចេះហាត់ប្រាណ យើងឈប់ជួលក៏បានដែរ។ មានរឿងមួយទៀត អំឡុងពេលហាត់ប្រាណ អ្នកត្រូវចេះទំនាក់ទំនងជាមួយអ្នកហាត់ប្រាណ ទើបអ្នកមានទឹកចិត្តហាត់ប្រាណបន្ត។ រាប់អានមនុស្សបែបណា យើងក្លាយជាមនុស្សបែបនោះដែរ។ រាប់អានជាមួយអ្នកហាត់ប្រាណ អ្នកក៏ក្លាយជាមួយចូលចិត្តហាត់ប្រាណដែរ។
អ្នកគ្រូបន្ថែមចុងក្រោយ យើងត្រូវតែមានវិន័យលើខ្លួនឯងទាំងការហាត់ប្រាណ ហើយជាពិសេសរបរអាហារនេះតែម្តង។ កុំអាងហាត់ប្រាណហើយញ៉ាំអាហារមិនគិត នាំឱ្យយើងបាក់ទឹកចិត្តសម្រកគីឡូទៅវិញទេ។ អាហារដែលយើងគួរផ្ដោតមានដូចជាអាហារមានជាតិសម្បូរវីតាមីន ប្រូតេអ៊ីនក្នុងការជួយផ្ដល់សារធាតុចិញ្ចឹមដូចជា ជាតិរ៉ែ អូមេហ្គា៣ ខ្លាញ់ ឬប្រេង បន្លែផ្លែឈើចំរុះ ស៊ុត ត្រី សាច់ និងអាហារដែលសម្បូរវីតាមីនសេ ដូចជាក្រូចឆ្មា ម្ទេសហាហ្វៃ ប៉េងប៉ោះ និងញ៉ាំអាហារទាំងអស់នេះជួយដុតរំលាយខ្លាញ់អាក្រក់នៅលើរូបរាងកាយ ជាពិសេសញ៉ាំសាច់ក្រហមដូចជា សាច់មាន់ សាច់ជ្រូក សាច់គោ ដើម្បីជួយបង្កើតប្រូតេអ៊ីនធ្វើឱ្យមានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ដើម្បីរាងកាយអាចថាមពលនិងសាច់ឈាមស្រស់ថ្លាហើយឆាប់ស្រកគីឡូផងដែរ។ ពេលអ្នកមានលទ្ធផលល្អក្នុងការស្រកគីឡូហើយ អ្នកកាន់តែខំលើសដើម ដើម្បីសម្រេចគោលដៅសម្រកគីឡូជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព