មនុស្សភាគច្រើនគ្មានអារម្មណ៍ល្អពេលព្រឹក អាចមកពីកត្តាគេងមិនឆ្អែត បញ្ហាការងារត្រូវធ្វើបន្ត មានបញ្ហាសុខភាព និងបញ្ហាលុយកាក់ជាដើម។ ពេលព្រឹកអ្នកគ្មានអារម្មណ៍ល្អទេ មួយថ្ងៃហ្នឹងអ្នកអាចមានអារម្មណ៍ស្មុគ គិតច្រើន ធ្វើអ្វីក៏មិនត្រូវចិត្តដែរ។ បើអ្នកមានបញ្ហាបែបនេះ អ្នកគួរធ្វើបែបណា? តាមលោកគ្រូ នឹម ឈុន្នី ជាអ្នកដឹកនាំក្រុមហ៊ុនវិបស្សា (Vipassa) ផ្នែកសមាធិបានលើកឡើងថា អារម្មណ៍មនុស្សយើង បើយើងមិនចេះដឹកនាំវាទេ វានឹងដឹកនាំយើងវិញមិនខានទេ។ បើអារម្មណ៍ពេលព្រឹកយើងភ្ញាក់ពីគេងចាប់ផ្តើមមួម៉ៅ ខឹង និងឈឺក្បាលនោះ មួយថ្ងៃនេះអារម្មណ៍អវិជ្ជមានចេះតែដុះបន្តគ្នាពីមួយទៅមួយ យើងអាចហៅថា ភាពអវិជ្ជមានស្រូបភាពអវិជ្ជមានរកគ្នា។ នេះជាលទ្ធផលអារម្មណ៍ជាអ្នកដឹកនាំយើង។ បើអ្នកចង់ដឹកនាំអារម្មណ៍ អ្នកត្រូវព្យាយាមធ្វើតាមវីធី២ នៅខាងក្រោមនេះ៖
១. ពេលព្រឹកបើយើងមានអារម្មណ៍មិនល្អទេ ចូរចំណាយពេលនៅម្នាក់ឯងក្នុងភាពស្ងប់ស្ងាត់ ៥នាទីទៅ១០នាទី មានន័យថា យើងបានបើកច្រកឱ្យផ្លូវចិត្តយើងរស់នៅជាមួយបច្ចុប្បន្នភាព រស់នៅជាមួយការពិតដើម្បីរីករាយជាមួយខ្លួនឯងឡើងវិញ។ ព្រោះដំណើរជីវិតប្រចាំថ្ងៃរបស់យើង ពេលយើងរវល់ច្រើន គ្មានពេលសម្រាកបានគ្រប់គ្រាន់ និងខ្វល់ខ្វាយច្រើនជាមួយរឿងអតីតកាលដែលបានរសាត់បាត់ទៅហើយនោះ និងមានចិត្តព្រួយបារម្ភពីរឿងអនាគតកាលថែមទៀត វាធ្វើឱ្យយើងមិនអាចរីករាយជាមួយអ្វីដែលខ្លួនយើងកំពុងតែមានពេលព្រឹក ពេលឥឡូវនេះទេ។ ដូច្នេះហើយ! ចូលអ្នកចំណាយពេលនៅស្ងប់ស្ងាត់ម្នាកឯង រីករាយជាមួយជីវិតខ្លួនឯងឱ្យមានក្តីសុខពេលព្រឹក ចូរនិយាយជាមួយខ្លួនឯងថា ខ្ញុំមានស្នាមញញឹមជាមួយខ្លួនឯងពេលព្រឹកនេះ ខ្ញុំស្រឡាញ់ខ្លួនឯង... ពេលគិតបែបនេះ អ្នកបានដេញអារម្មណ៍អវិជ្ជមានពេលព្រឹកជំនួសដោយអារម្មណ៍វិជ្ជមានក្នុងចិត្តដោយមានអារម្មណ៍ស្ងប់ស្ងាត់ជាអារម្មណ៍ដែលមានថាមពលក្នុងចិត្តឡើងវិញ។ ភាពស្ងប់ស្ងាត់ជួយសាកថ្មផ្លូវចិត្តយើងឱ្យមានថាមពលឡើងវិញ។
២. ចូរចំណាយពេលធ្វើរឿងតូចៗ ឱ្យខ្លួនឯងនៅពេលព្រឹកដើម្បីបង្កើនអារម្មណ៍រីករាយ។ ពេលខ្លះយើងភ្ញាក់ពីគេងទាញទូរស័ព្ទដៃមកចុច ពេលមើលប៉ះរឿងមិនល្អ នាំឱ្យអារម្មណ៍យើងមិនល្អទាំងព្រឹកតែម្តង។ ចូរប្តូរពីកាន់ទូរស័ព្ទមកកាន់កែវទឹកមកពិសារនាំឱ្យប្រព័ន្ធរាងកាយដំណើរការល្អទាំងសរសៃឈាមយើង។ យកដៃដែលកាន់ទូរស័ព្ទហើយប្តូរដៃមកស្ទាបដើមទ្រុង នាំឱ្យបេះដូងយើងកក់ក្តៅមានក្តីស្រឡាញ់។ ក្រោកឡើងពីគេងបន្តធ្វើលំហាត់ប្រាណ ទោះបីយើងមានអារម្មណ៍ពិបាកក៏ដោយ ក៏ព្យាយាមធ្វើវាដែរ ពេលយើងធ្វើវាបាន២ទៅ៣នាទី យើងក៏ទទួលបានអារម្មណ៍រីករាយមានម្ចាស់ការលើខ្លួនឯង។ មានទម្លាប់មួយទៀតគឺទម្លាប់អរគុណ។ យើងអរគុណគេច្រើនមកហើយ ព្រឹកនេះរៀនអរគុណខ្លួនឯងលមើលថា អរគុណខ្លួនឯងចេះតស៊ូ អរគុណខ្លួនឯងមានសុខភាព អរគុណអ្នកមានគុណ... ពេលអរគុណបែបនេះនាំឱ្យយើងនឹងមានអារម្មណ៍ថា ខ្លួនកាន់តែមានតម្លៃ មានផ្លូវចិត្តរឹងមាំ ចេះស្រឡាញ់ខ្លួនឯងកាន់តែច្រើនឡើង...។ យើងនឹងឃើញថា ធ្វើរឿងតូចៗ ពេលព្រឹកនេះ ដុតកម្តៅអារម្មណ៍ពេលព្រឹកយើងកាន់តែមានក្តីសុខជាមួយខ្លួនឯងពេញមួយថ្ងៃមិនខានទេ។ រីករាយជាមួយខ្លួនឯងក្នុងភាពស្ងប់ស្ងាត់ និងរីករាយជាមួយខ្លួនក្នុងរឿងតូចៗ នេះហើយអ្នកបានផ្តល់តម្លៃឱ្យផ្លូវចិត្តរបស់ខ្លួនមានសុភមង្គលបំផុតហើយ។ ញញឹមជាមួយខ្លួនឯងពេលព្រឹកនេះផងចុះ! អរគុណច្រើន! អត្ថបទដោយ៖ ទ្រ សុភាព