នៅសាលាវេជ្ជសាស្រ្ដ Harvard បានស្រាវជ្រាវបញ្ជាក់ថា ឪពុកម្តាយចិញ្ចឹមកូនបានល្អនៅអាយុ ៥-៦ឆ្នាំជាពេលវេលាដែលជួយខួរក្បាលកូនរបស់អ្នកមានការរីកចម្រើនវិវឌ្ឍន៍ ៨០-៨៥%ឯណោះ។ ព្រោះវ័យក្មេងខ្ចីនេះជាវ័យសម្រាប់ការអភិវឌ្ឍ IQ ខួរក្បាល។ អ្នកជំនាញឱ្យប្រើ ៣វិធីបង្កើន IQ របស់កុមារ។
តាមលោក John Reddy ជាអ្នកជំនាញខួរក្បាលសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harvard បានធ្វើការស្រាវជ្រាវជាក់ស្តែងរបស់គាត់ជាមួយសិស្ស ១៩.០០០នាក់នៅជាយក្រុងឈីកាហ្គោបានបញ្ជាក់ពីលទ្ធផលថា ការធ្វើលំហាត់ប្រាណទៀងទាត់ជួយឱ្យខួរក្បាលកុមារមាន IQ ខ្ពស់ជាងធម្មតា។ ដោយធ្វើការពិសោធន៍លើសត្វកណ្ដុរបានបង្ហាញថា សត្វកណ្តុរដែលហាត់ប្រាណធ្វើឱ្យរចនាសម្ព័ន្ធខួរក្បាលដំណើរឈាមរត់ស្រួល មានការចងចាំបានល្អ និងដំណើរការអារម្មណ៍រីករាយ នេះជាការពង្រឹងមុខងារខួរក្បាលសត្វកណ្តុររហូតបាន ១៥%។
ដើម្បីអនុវត្តទម្លាប់ប្រចាំថ្ងៃលោក John Reddy សូមណែនាំឪពុកម្តាយឱ្យផ្តួចផ្តើមគំនិតដើម្បីឱ្យកូនរបស់អ្នកធ្វើលំហាត់ប្រាណដើម្បីកោសិកាខួរក្បាលកូនគិតបានល្អ។ អនុញ្ញាតឱ្យកូនរបស់អ្នកចូលរួមក្នុងកីឡាមុនពេលចូលរៀន។ លើកទឹកចិត្ត និងគាំទ្រកូនឱ្យហាត់កីឡាជាមួយមិត្តភក្តិដើម្បីឱ្យខួរក្បាលរបស់កូនរបស់អ្នកមាន IQ កាន់តែខ្ពស់។
អ្នកអប់រំឆ្នើមជាជនជាតិអ៊ុយក្រែនលោក Vasily Sukhomlinsky បានលើកឡើងថា "វិធីធ្វើឱ្យកុមារឆ្លាតជាងមុន គឺកុំបង្ខំកូនរៀនច្រើនពេក ប៉ុន្តែត្រូវចំណាយពេលវេលាឱ្យកូនមានទម្លាប់អានសៀវភៅឱ្យច្រើន"។ ចំណុចខុសគ្នានៅត្រង់ថា ពេលកូនរៀនក្នុងសាលាច្រើនពេកនាំឱ្យស្រ្តេសនិងធុញ។ សម្រាប់ការអានសៀវភៅវិញ នាំឱ្យកូនមានអារម្មណ៍៍រីករាយក្នុងការរៀនសូត្រ និងចេះគិត ចេះដោះស្រាយដោយខ្លួនឯង។ ការអានជាវិធីបង្កើន IQ របស់កូនបានល្អ។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Harvard និងសកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានសន្និដ្ឋានថា "កុមារនិយាយជាមួយឪពុកម្តាយញឹកញាប់ នាំឱ្យខួរក្បាលរបស់ពួកគេកាន់តែសកម្ម និងមានក្តីស្រឡាញ់ច្រើនឡើង”។ ព្រោះក្តីស្រឡាញ់នេះឯងនាំខួរក្បាលកូនមានការលូតលាស់ IQ បានល្អបំផុត។ ការប្រាស្រ័យទាក់ទងឪពុកម្តាយជាមួយកូន ធ្វើឱ្យកូនរៀនពូកែ និងខួរក្បាលឆាប់ចាប់បានទិន្នន័យជាងក្មេងដទៃ។
តាមលោក Richard Phillips Feynman ជាអ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកដើមកំណើតជ្វីហ្វ និងជាអ្នកឈ្នះរង្វាន់ណូបែលផ្នែករូបវិទ្យា ធ្លាប់បានចែករំលែកនៅក្នុងជីវប្រវត្តិរបស់គាត់ថា ភាពជោគជ័យរបស់គាត់ត្រូវបានជះឥទ្ធិពលដោយសារឪពុករបស់គាត់។ គាត់បានបន្តថា "ឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំដោយផ្តល់ឧទាហរណ៍ផ្សេងៗ និងពិភាក្សាជាមួយខ្ញុំដោយសេរីគ្មានការបង្ខំនោះទេ។ ឪពុកម្តាយមិនដាក់សម្ពាធលើខ្ញុំទេ ពួកគាត់ឱ្យខ្ញុំរៀនគិតដោយខ្លួនឯង និងចេះធ្វើការពិភាក្សាគ្នាយ៉ាងសប្បាយ។ នេះជាកត្តាជម្រុញលើកទឹកចិត្តរបស់ខ្ញុំពេញមួយជីវិតកន្លងមក ហើយផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ស្រឡាញ់លើវិស័យវិទ្យាសាស្ត្រទាំងអស់ដែលខ្ញុំចាប់អារម្មណ៍។ អ្វីដែលខ្ញុំមានពេលនេះ មកពីខ្ញុំចូលចិត្តសន្ទនាជាមួយឪពុករបស់ខ្ញុំ"៕ អត្ថបទដោយ៖ ទ្រ សុភាព
