ចិត្តសាស្ត្រ
លោកតាអាយុ ៧៦ឆ្នាំ គាត់បានណែនាំថា គួរធ្វើរឿង ៣នេះ នឹង រស់នៅគ្មានជំងឺកាច អាយុវែង
Tror Sopheap
August 18 2025
559 views

មនុស្សយើងចង់បានការរស់នៅមួយ មានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ បើយើងមានញ្ហាសុខភាព យើងត្រូវចំណាយលុយ ពេលវេលា និងកម្លាំងគ្រួសារ ដើម្បីធ្វើការព្យាបាល និងមើលថែខ្លួនយើងផងដែរ។ តាមឯកឧត្តម ណាត ប៊ុនរឿន មានវ័យ ៧៦ឆ្នាំ មានតួនាទីរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថា កត្តាហ្សែននេះ ជាការកំណត់សុខភាពរបស់មនុស្សមួយផ្នែកផងដែរ។ “ពេលខ្លះសុខភាព មកពីកត្តាហ្សែនជាធម្មជាតិ តែពេលយើងធំក្តី យើងត្រូវចេះស្វ័យគ្រប់គ្រងសុខភាព និងខ្លួនឯង។ មានន័យថា ទោះបីយើងកើតមកមានបញ្ហាសុខភាព​ តែយើងត្រូវចេះធ្វើជាម្ចាស់លើខ្លួនឯងដោយធ្វើលំហាត់ប្រាណ និងជ្រើសរបបអាហារល្អៗ ដល់សុខភាព។

មនុស្សដែលមានបញ្ហាសុខភាព និងមានជំងឺច្រើន មកពីមិនអាចគ្រប់គ្រងលើរបបអាហារ និងគ្មានលំហាត់ប្រាណ ហើយគ្មានការអប់រំផ្លូវចិត្តផងដែរ។ តាមឯកឧត្តម ណាត ប៊ុនរឿន បានមានប្រសាសន៍ថា “ការគ្រប់គ្រងមុនដំបូង គឺខ្លួនឯង កុំរពឹងលើកូន និងប្រពន្ធ។” សុខភាពរបស់យើង យើងជាមនុស្សទីមួយ ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ទាំងការគេង ការហូបអាហារ វាកើតពីខ្លួនយើង។ ហើយឯកឧត្តម ណាត ប៊ុនរឿន បានលើកពាក្យចាស់ពីរឃ្លាឱ្យថែរក្សាសុខភាពបានល្អ ទីមួយថា “កុំស៊ីតាមឃ្លាន” មានន័យថា បើយើងហូបអាហារតាមតែចិត្តឃ្លាន វាធ្វើឱ្យយើងលើសគីឡូ ប្រឈមមុខជំងឺច្រើន...។ មានរូបមន្តរបស់ជនជាតិជប៉ុនក្នុងការហូបអាហារឱ្យមានសុខភាពល្អ គឺហូបអាហារតែត្រឹមតែ ៨០% ប៉ុណ្ណោះ។ ពួកគេមិនហូបតាមឃ្លាននោះទេ ការហូបតែ ៨០% បែបនេះ ធ្វើឱ្យពួកគេមានអាយុវែង។

ចំពោះពាក្យមួយឃ្លាទៀត ឯកឧត្តម ណាត ប៊ុនរឿន បានលើកឡើងថា “បើស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី។” បើយើងចង់បានរាងកាយរឹងមាំ និងសុខភាពល្អ យើងត្រូវការអាហារណាល្អដូចជាបន្លែ ការ៉ុត ស្ពៃ... ផ្លែឈើមានដូចជាផ្លែប៉ោម ទឹកដូង... និងហូបត្រីឱ្យច្រើនជាងសាច់ ដើម្បីឱ្យរាងកាយដំណើរការបានល្អ។ ហើយកុំបំផ្លាញ់សុខភាពដោយសារតែស្រា និងប្រើគ្រឿងញ្ញៀន ហើយអាហារគ្មានអនាម័យ...។

មានមនុស្សភាគច្រើនមិនបានគិតឱ្យស៊ីជម្រៅថា សុខភាពល្អ ឬអាក្រក់ មកពីអាហារប្រចាំថ្ងៃនោះទេ។ បើយើងមិនបានគិតពីចំណុចនេះទេ វាធ្វើឱ្យយើងមានបញ្ហាសុខភាព។ តាមឯកឧត្តម ណាត ប៊ុនរឿន មានវ័យ ៧៦ ឆ្នាំ តែគាត់នៅតែមានសុខភាពរឹងមាំ និងរាងកាយនៅតែសង្ហា បានមានប្រយោជន៍ថា “អ្វីដែលគ្រោះថ្នាក់បំផុតចំពោះសុខភាព គឺការហូប និងផឹក បើយើងគ្រប់គ្រប់រឿងនេះបាន ជារឿងល្អចំពោះសុខភាពបំផុត។” យើងអាចឆ្លុះបញ្ចាំបញ្ហាសុខភាពរបស់មនុស្សជាប្រចាំថ្ងៃ យើងនឹងឃើញថា មនុស្សភាគច្រើនកំពុងហូបអាហារមិនល្អ និងមានផលប៉ះពាល់សុខភាព។ មានអ្នកខ្លះកើតជំងឺទឹកនោមផ្អែម ជំងឺសន្លាក់ និងជំងឺបេះដូង...មកពីអាហារមិនល្អ។ តាមវេជ្ជបណ្ឌិតបុរាណក្រិច មានប្រសាសន៍ថា “អាហារដែលយើងហូបជាប្រចាំថ្ងៃនេះ ជាអ្នកកំណត់សុខភាពរបស់មនុស្សមានលក្ខណៈបែបណា។”

ដូចនេះ បើយើងចង់មានសុខភាពរឹងមាំ យើងអាចសរុបរួមមានកត្តាបីជាចាំបាច់ ទីមួយការហូបអាហារល្អៗ ដើម្បីចិញ្ចឹមរាងកាយ និងមានកម្លាំង។ ការធ្វើលំហាត់ប្រាណ ដើម្បីឱ្យរាងកាយមានភាពមាំទាំ ពីព្រោះ ពេលវ័យយើងកាន់តែចាស់ រាងកាយយើងកាន់តែចុះខ្សោយ។ ហើយការគេងឱ្យស្ងប់ ឬឱ្យគ្រប់គ្រាន់ ដើម្បីជាការជូសជុលកោសិការខូចៗ និងសុខភាពរឹងមាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2775

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia