ការជ្រុះសក់ អាចបណ្តាលមកពីមូលហេតុដូចជា ភាពតានតឹង ស្រ្តេស និងកត្តាហ្សែនពីកំណើតជាដើម។ ប៉ុន្តែមូលហេតុធំបំផុតដែលធ្វើឱ្យ សក់ជ្រុះខ្លាំង ជ្រុះរាល់ថ្ងៃមកទាំងដៃៗ គឺកត្តាកង្វះអាហារូបត្ថម្ភ។ តើអាហាររូបត្ថម្ភជាអ្វី? ហេតុអ្វីបានជារាងកាយរបស់យើងចាំបាច់ត្រូវតែមានអាហាររូបត្ថម្ភ?
អាហាររូបត្ថម្ភ គឺជាបណ្តុំនៃ ប្រូតេអ៊ីន វីតាមីនC,D,E ខូឡាជែន ជាតិរ៉ែ Omega-3 Omega-6 និងសារធាតុចិញ្ចឹមផ្សេងៗដែលមាននៅក្នុងរាងកាយ សារធាតុទាំងនេះវាមានតួនាទីជួយឱ្យសក់របស់យើងលូតលាស់បានល្អ រក្សាឫសសក់ឱ្យរឹងមាំ សក់មានទម្ងន់ និងមិនធ្វើឱ្យសក់ជ្រុះ។ ជាការពិតណាស់ យោងតាម facemedstore បានឱ្យដឹងថា នៅពេលដែលយើងខ្វះសារធាតុអាហាររូបត្ថម្ភទាំងនេះក្នុងរាងកាយ ធ្វើឱ្យយើងមានបញ្ហាដូចជា៖
-ខ្វះប្រូតេអុីន៖ សក់ចាប់ផ្តើមជ្រុះខ្លាំង និងគ្មានសំណើមនៅពេលរាងកាយរបស់អ្នកខ្វះប្រតេអ៊ីន។ ប្រូតេអុីនមាននាទីជួយការពារសរសៃសក់ និងឫសសក់របស់យើងរឹងមាំល្អ មិនឱ្យជ្រុះ។ អ្នកអាចបំពេញជាតិប្រូតេអុីននៅក្នុងខ្លួនបានតាមរយៈការញ៉ាំ ទ្រូងមាន់ សាឡាត់ ស៊ុតស គ្រាប់ស្រូវសាឡី សាច់ទ្រូងមាន់ ទឹកដោះគោ ស្ពៃក្ដោប ផ្សិត ឱ្យបានច្រើននិងរាល់ថ្ងៃ។
-ខ្វះវីតាមីន C,D,E ៖ វីតាមីនទាំង៣នេះសំខាន់បំផុតក្នុងរាងកាយមនុស្សដែលមិនអាចខ្វះបាន វាសុទ្ធតែជួយថែរក្សាសុខភាពសក់ និងស្បែកក្បាលឱ្យមានសុខភាពល្អ។ វីតាមីន C & E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារការពុកផុយលើឫសសក់។ ចំណែក វីតាមីន D មាននាទីការពារស្បែកក្បាលកុំឱ្យស្ងួតនិង ប្រតិកម្ម។ ការទទួលទាន ទឹកក្រូច ទឹកដោះគោជូរ ត្រីសាម៉ុង និងសាច់ត្រីផ្សេងៗ ជួយបំពេញវីតាមីនបានល្អបំផុត។
-ខ្វះជាតិដែក៖ ស្បែកចាប់ផ្តើមស្លេកស្លាំង ស្បែកក្បាលមានសភាពស្ងួតខ្លាំង សរសៃសក់ទន់ខ្សោយនៅពេលអ្នកខ្វះជាតិដែកក្នុងរាងកាយ។ បុគ្គលដែលជួបបញ្ហាទាំងនេះ ចាំបាច់បំផុតគឺត្រូវតែចាប់ផ្តើមញ៉ាំអាហារជាតិដែកដែលមានដូចជា សាច់គោ សាច់ជ្រូក និងបសុបក្សី គ្រឿងសមុទ្រ សណ្តែក បន្លែបៃតង ខាត់ណា ស្ពៃខ្មៅ គ្រាប់ធញ្ញជាតិ និងនំប៉័ងជាដើមឱ្យបានរាល់ថ្ងៃ។
-ខ្វះខូឡាជែន៖ មនុស្សដែលខ្វះខូឡាជែនមិនត្រឹមតែធ្វើឱ្យជ្រុះសក់តែមួយមុខនោះទេ គឺថែមទាំងធ្វើឱ្យស្បែករបស់យើងទៅជាស្រអាប់ និងគ្មានជាតិទឹកទៀតផង។ ខូឡាជែន វាដើរតួនាទីសំខាន់ណាស់ក្នុងរាងកាយ ជួយស្បែកក្រចក និងសក់ ឱ្យមានសុខភាពល្អ និងមានសំណើម ហើយរាងកាយរបស់មនុស្សម្នាក់ៗ គឺត្រូវការខូឡាជែលចាំបាច់ណាស់ មិនអាចខ្វះបានទេ។ ការញ៉ាំ ផ្លែក្រូច ម្ទេសប្លោក ខាត់ណាដើម ខាត់ណាផ្កា និងផ្លែស្ត្របឺរី រាល់ថ្ងៃជួយផលិតខូឡាជែនក្នុងរាងកាយបានល្អបំផុត។
-ខ្វះ Omega-3 និង Omega-6៖ ជាអាស៊ីតខ្លាញ់ពីរនេះសំខាន់ណាស់ វាជួយការពារសក់កុំឱ្យ បែកចុង និងធ្វើឱ្យសក់មើលទៅភ្លឺរលោង។ បើក្នុងរាងកាយរបស់យើងខ្វះសារធាតុទាំង ២ នេះនឹងធ្វើឱ្យជះផលប៉ះពាល់ខ្លាំងទៅដល់សរសៃសក់ សក់ស្ងួត និងជ្រុះខ្លាំង។ ដើម្បីឱ្យរាងកាយរបស់យើងមាន Omega-3 និង Omega-6 គ្រប់គ្រាន់យើងគួរបង្កើតទម្លាប់ញ៉ាំ សាច់ជាប់ខ្លាញ់ ប្រេងអូលីវ និងប៊ឺរ ឱ្យបានច្រើន៕