មុនកប់សាច់ គឺជាប្រភេទដែលមិនមានការរលាក ឬស្នាមក្រហមនៅលើមុខដូចជាមុនផ្សេងៗនោះទេ។ មុនកប់សាច់គឺវាស្ថិតនៅក្រោមស្បែកមុខ ទាល់តែយើងយកដៃទៅស្ទាបឬប៉ះនៅលើស្បែកមុខទើបមានសភាពគ្រើមគ្រាត និងដឹងថាមានមុន។
បើតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត អ៊ិត ម៉ូលីកា ជំនាញសម្រស់ នៅគ្លីនិក K Derma បានឱ្យដឹងថា មុនកប់សាច់នេះគឺកើតឡើងដោយសារបណ្តុំនៃខ្លាញ់ និងកោសិកាចាស់ៗនៅលើស្បែកមុខវាកំណកទៅជាមុនកប់សាច់ហ្នឹងឯង។ មូលហេតុផ្សេងៗទៀតនោះគឺ វាអាចកើតឡើងនៅពេលអរម៉ូនរបស់អ្នកប្រែប្រួល ដូចជាមនុស្សទើបតែពេញវ័យ ស្រ្តីដល់វ័យមានវដ្តរដូវ អ្នកជក់បារី អ្នកញ៉ាំទឹកដោះគោលើសចំនួន និងអ្នកចូលចិត្តញ៉ាំផ្អែមខ្លាំងក៏ធ្វើឱ្យកើតមុនកប់សាច់ច្រើននៅលើស្បែកមុខផងដែរ។
ពិសេសទៅទៀតនោះ ចំពោះបងប្អូនស្រ្តីដែលគាត់ចូលចិត្ត make up ញឹកញាប់ចូលចិត្តប្រើ BB Cream ឬ CC Cream ក្រាស់ៗ ហើយពួកគាត់មិនបានលាងសម្អាតឬជម្រះផ្ទៃមុខឱ្យបានស្អាតនោះ យូរៗទៅកាកសំណល់ម្សៅដែលនៅជាប់នៅលើស្បែកមុខរបស់អ្នកមួយថ្ងៃបន្តិចៗនឹងបង្កទៅជាមុនកប់សាច់ ឬកន្តួលរមាស់នៅលើស្បែកមុខផងដែរ។
បន្ថែមពីលើនេះទៀត វេជ្ជបណ្ឌិត ម៉ូលីកា បានប្រាប់ថាដើម្បីព្យាបាលមុនកប់សាច់ឱ្យត្រឹមត្រូវ និងមិនឆ្លងមេរោគ ត្រូវអនុវត្តជំហានខាងក្រោម៖
ជំហានទី១ អ្នកត្រូវទៅជួយជាមួយគ្រូពេទ្យជំនាញដើម្បីសិក្សានិងពិនិត្យប្រភេទនៃមុនកប់សាច់របស់អ្នក ពីព្រោះស្បែកមុខរបស់មនុស្សម្នាក់ៗមានមុនកប់សាច់ច្រើនប្រភេទមិនដូចគ្នានោះទេ។
ជំហានទី២ អ្នកត្រូវជ្រើសរើសប្រភេទ skin care ណាក៏បានដែលមានតួនាទីជួយកម្ចាត់ និងទប់ស្កាត់ការផលិតខ្លាញ់នៅលើស្បែកមុខរបស់អ្នក ពីព្រោះកាលណាស្បែកមុនរបស់អ្នកអាចកាត់បន្ថយការផលិតខ្លាញ់បាន នោះមុនកប់សាច់ក៏វាលែងកើតមកទៀតដែរ។ ចំពោះការជ្រើស skin care មកកម្ចាត់ខ្លាញ់វេជ្ជបណ្ឌិតណែនាំឱ្យអ្នកជ្រើសរើសជាប្រភេទ គ្រីមឬជែល ដែលមានសារធាតុផ្សំមកពី Adapalene, Azeleic acid, Benzoyl pyroxide, Glycolic acid, Salicylic acid, Retinoid ( vitamin A ) ដែលសារធាតុទាំងអស់នេះវាមានតួនាទីជួយទប់ស្កាត់កុំឱ្យកោសិកាស្បែកមុខរបស់អ្នកផលិតខ្លាញ់លើសចំនួន និងជួយកាត់បន្ថយការកកស្ទះនៃខ្លាញ់ដែលបង្កឱ្យកើតមុខសាច់ផងដែរ។ ដូច្នេះដើម្បីកាន់តែច្បាស់ ចំពោះអ្នកមានស្បែកមុខមានមុនកប់សាច់ច្រើន គួរតែជ្រើសឬទិញ skin care ដែលមានសារធាតុផ្សំដូចខាងលើយកមកប្រើប្រាស់។
ជំហានទី៣ អ្នកដែលមានមុនកប់សាច់ ជួយចៀសវាងកុំញ៉ាំទឹកដោះគោច្រើនលើសកម្រិតពេក ប្រសិនជាអ្នកមានទម្លាប់ផឹកទឹកដោះគោជាប្រចាំគួរផឹកត្រឹម១កែវបានហើយក្នុង១ថ្ងៃ កុំញ៉ាំអាហារដែលផ្ទុកជាតិខ្លាញ់ច្រើនដូចជាអាហារបំពង ចៀន ឬអាហារកែច្នៃជាដើម។ កាត់បន្ថយ កុំញ៉ាំផ្អែមខ្លាំងពេក ព្រោះការញ៉ាំផ្អែម បង្កឱ្យអ្នកកើតមុនសាច់កាន់តែច្រើន និងព្យាបាលមិនងាយជានោះទេ។ មួយវិញទៀត ចំណុចពិសេសដែលអ្នកមានមុនសាច់គួរតែធ្វើខានមិនបាននោះគឺ ព្យាយាមផឹកទឹកឱ្យបានច្រើនមួយថ្ងៃ២ទៅ៣លីត្រ ផឹកឱ្យបានទៀងទាត់រាល់ថ្ងៃ។
ចំណុចដែលអ្នកមានមុនកប់សាច់មិនគួរធ្វើ ឬប្រសិនអ្នកកំពុងតែធ្វើសូមបញ្ឈប់ជាបន្ទាន់៖
១. ហាមញេចឬយកវត្ថុស្រួចទៅចាក់នៅលើមុន៖ ជាធម្មតាមុនកប់សាច់ជាប្រភេទមុនដែលគ្មានក្បាល ពិបាកក្នុងការញេចជាងមុនផ្សេងៗ។ ដូច្នេះហើយអ្នកមិនគួរញេច ឬយកវត្ថុស្រួចដូចជាម្ជុលឬចំណុចស្រួលនៃឧបករណ៍ញេចមុននៅផ្ទះ ទៅចាក់នៅលើមុននោះដោយខ្លួនឯងនោះទេ ពីព្រោះការធ្វើបែបនេះវាបង្កឱ្យមានការឆ្លងមេរោគ អាចបណ្តាលឱ្យមុនកប់សាច់បង្កទៅជាខ្ទុះ ឬរលាកនៅលើស្បែកមុខកាន់តែខ្លាំង។
២. ហាមប្រើប្រាស់ជែលឬម៉ាសបកមុនញឹកញាប់៖ វិធីសាស្រ្តនេះ ឃើញថាអ្នកដែលគាត់មានមុនកប់សាច់ភាគច្រើនគាត់ចូលចិត្តធ្វើណាស់ អ្នកខ្លះយកជែលឬម៉ាសបកមុនមកបិទបកនៅលើផ្ទៃមុខជារៀងរាល់ថ្ងៃ ការធ្វើបែបនេះគឺមិនត្រឹមត្រូវនោះទេ ពីព្រោះវាអាចបង្កទៅជាការរលាក ឬឡើងសរសៃក្រហមនៅចំណុចដែលយើងបក។ អ្នកត្រូវចាំថា ម៉ាសឬជែលដែលមានសមត្ថភាពបកមុនចេញមកបានគឺវាសុទ្ធតែផ្ទុកជាមួយជាតិកាត់ ទើបវាអាចកាត់គ្រាប់មុនបកចេញមកបាន ដូច្នេះការបកមុនជាមួយជែលឬម៉ាស គឺតាមក្បួនវេជ្ជសាស្រ្តគេណែនាំឱ្យប្រើត្រឹមតែ ១ទៅ២ដងប៉ុណ្ណោះក្នុងសប្តាហ៍។
គូសបញ្ជាក់ផងដែរថា ជម្រើសដ៏ល្អបំផុត អ្នកគួរទៅពិគ្រោះយោបលជាមួយគ្រូពេទ្យជំនាញ រកមូលហេតុបង្កដែលនាំឱ្យកើតមុនកប់សាច់នៅលើស្បែករបស់អ្នកឱ្យឃើញសិន ចាំចាប់ផ្តើមព្យាបាលក៏មិនហួសពេលដែរ។ ចៀសវាងការប្រើវិធីសាស្រ្តព្យាបាលដោយខ្លួនឯង គ្មានការសិក្សាត្រឹមត្រូវ អាចធ្វើឱ្យស្បែកមុខរបស់អ្នកខូច ឬពិបាកក្នុងការព្យាបាលនៅថ្ងៃខាងមុខ៕
អត្ថបទដោយ៖ មឿន គន្ធា