ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃប៉ះពាល់ដល់របៀបដែលរាងកាយដំណើរការ និងប្រើប្រាស់ជាតិស្ករពីអាហារដែលញ៉ាំចូលទៅ។ វាកើតឡើងនៅពេលដែលលំពែងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬនៅពេលដែលរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនដែលវាផលិតបានយ៉ាងមានប្រសិទ្ធភាព។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានពន្យល់ឱ្យដឹងថា ជាទូទៅរោគសញ្ញាមួយចំនួននៃជំងឺទឹកនោមផ្អែមដែលអាចកំណត់សម្គាល់បានរួមមាន ការស្រេកទឹកញឹកញាប់ ឧស្សាហ៍បត់ជើងតូច សម្រកទម្ងន់គ្មានមូលហេតុ ភ្នែកមិនសូវច្បាស់ព្រិលៗ ស្ពឹក ឬរមួលក្រពើត្រង់ដៃ និងជើង អស់កម្លាំង និងមានស្បែកស្ងួត។
យ៉ាងណាមិញ ផ្អែកតាមប្រភព timesofindia.indiatimes បានពន្យល់ឱ្យដឹងថា ចំពោះរោគសញ្ញានៃជំងឺទឹកនោមផ្អែម អាចបង្ហាញពីកម្រិតជាតិស្ករលើសបរិមាណនៅក្នុងឈាមបានរយៈការសង្កេតមើលទៅលើបម្រែបម្រួលនៃស្ថានភាពជើងខុសប្រក្រតីរួមមាន៖
១. ឈឺចាប់ រមួលក្រពើ ស្ពឹកជើង ឬប្រអប់ជើង៖ ជំងឺទឹកនោមផ្អែមភាគច្រើនបំផ្លាញសរសៃប្រសាទនៅជើង និងប្រអប់ជើង ដែលនេះជាមូលហេតុធ្វើឱ្យកើតរោគសញ្ញារួមមានការឈឺចាប់ ស្ពឹកជើង ប្រអប់ជើង និងដៃ។ លើសពីនេះ វាអាចបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ផ្លូវទឹកនោម សរសៃឈាម និងបេះដូងផងដែរ នេះ គឺដោយសារតែកម្រិតជាតិស្ករក្នុងឈាមធ្វើដំណើរគ្រប់ផ្នែកទាំងអស់នៃរាងកាយ។
២. ដំបៅជើង៖ បញ្ហាអ្នកជំងឺទឹកនោមផ្អែមចម្បងមួយគឺ ការមុតរបួសនៅត្រង់បាតជើងហើយមិនដឹងខ្លួនថាមុត ព្រោះតែបាតជើងត្រូវស្ពឹក។ ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវបានគេរកឃើញថាមានប្រមាណជា១៥%ទៅហើយដែលមានរបួសនៅត្រង់បរិវេណបាតជើង។ ដោយក្នុងករណីខ្លះ ត្រឹមកម្រិតស្រាលអាចព្យាបាលជា ចំណែកឯករណីខ្លះទៀតអាចធ្ងន់ធ្ងន់មុនរបួសក្លាយរហូតតម្រូវឱ្យកាត់ជើងចេញផងដែរ។ រឿងរ៉ាវនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាអ្នកជំងឺទឹកនោមផ្អែម ប្រសិនណាបើមានមុខរបួសហើយគឺមិនសូវមិនងាយជាសះស្បើយនោះទេ ជួនកាលអាចក្លាយទៅជាដំបៅខ្លាំងរហូតដល់ដំណាក់កាលកាត់ជើងដូចដែលបានរៀបរាប់ខាងលើ។
៣. របកបាតជើង៖ ការខូចខាតសរសៃប្រសាទ ដោយសារតែជំងឺទឹកនោមផ្អែមក៏អាចបង្កើនឱកាសនៃការវិវត្តបញ្ហាជើងរុំារ៉ៃ ដោយសារការឆ្លងមេរោគផ្សិតដែលនាំឱ្យរមាស់ ក្រហម និងប្រេះតំបន់កែងជើង និងផ្នែកខាងមុខជិតម្រាមជើង។ ចំពោះបញ្ហានៃការរបកប្រេះនេះ អាចបង្កើតឱកាសឱ្យបាក់តេរីឆ្លងចូលបង្កជាដំបៅក្លាយផងដែរ។
៤. ក្រចកឆ្លងមេរោគផ្សិត៖ អ្នកជំងឺទឹកនោមផ្អែមក៏មានហានិភ័យខ្ពស់នៃការឆ្លងមេរោគផ្សិតដែលហៅថា onychomycosis ដែលជាធម្មតាប៉ះពាល់ដល់ក្រចកជើង។ នេះនាំឱ្យក្រចកប្រែពណ៌ (លឿង ត្នោត ឬស្រអាប់) ក្រចកក្រាស់ និងផុយ ឬអាចករណីខ្លះក្រចកអាចនឹងខូចទាំងស្រុងតែម្តង។
៥. កើតជំងឺ gangrene៖ Gangrene គឺជាស្ថានភាពធ្ងន់ធ្ងរដែលការបាត់បង់ការផ្គត់ផ្គង់ឈាមបណ្តាលឱ្យជាលិការាងកាយស្លាប់។ ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់សរសៃឈាមដែលផ្គត់ផ្គង់ម្រាមដៃ និងម្រាមជើង ជាមួយនឹងឈាម និងអុកស៊ីហ្សែន វាអាចនាំឱ្យកើតជំងឺ gangrene បាន។
យ៉ាងណាមិញ ដើម្បីជួយដោះស្រាយនូវបញ្ហាជាតិស្ករក្នុងឈាមកើនឡើងបណ្ដាលឱ្យប៉ះពាល់ដល់បញ្ហាជើង យោងតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ថន វុត្ថា បានបង្ហាញថា ប្រសិនបើបងប្អូនកើតមានជំងឺទឹកនោមផ្អែម សូមថែរក្សាខ្លួនប្រាណ ឧស្សាហ៍ពិនិត្យមើលរាងកាយដៃ ជើងរាល់ថ្ងៃ ដើម្បីឱ្យដឹងថាខ្លួនមានរបួសត្រង់កន្លែងណាមួយ ងាយស្រួលក្នុងការព្យាបាលទាន់ពេលវេលា និងព្យាយាមហាត់ប្រាណជាប្រចាំ តែហាត់ក្នុងលក្ខណៈឆ្លាតវៃចេះការពារខ្លួនពាក់ស្រោមជើង ឬស្រោមដៃ...ជាដើមការពារកុំឱ្យត្រូវរបួសនៅពេលកំពុងហាត់។ មួយវិញទៀត ត្រូវញុំាអាហារទៅតាមការណែនាំច្បាស់លាស់របស់គ្រូពេទ្យជំនាញ និងត្រូវចេះតាមដានសុខភាពខ្លួនយ៉ាងហោចណាស់៣ខែទៅ៦ខែម្ដង៕
អត្ថបទដោយ៖ ប៉ាវ ភក្តី