ត្បិតថាជំងឺអេដស៍ត្រូវបានស្ងាត់ពីសង្គមយើងបច្ចុប្បន្នតែចំពោះវត្តមានរបស់អ្នកជំងឺគឺនៅតែមាន និងទទួលបានការព្យាបាលយ៉ាងល្អ ចំពោះអ្នកដែលហ៊ានប្រឈមមុខនឹងជំងឺឆ្លងនេះ និងព្រមព្យាបាលតាមការណែនាំរបស់ពេទ្យ តែបុគ្គលខ្លះអាចឆ្លងហើយតែមិនទាន់ដឹង និងអ្នកខ្លះទៀតអាចសង្ស័យថាខ្លួនមានហើយតែមិនព្រមទៅពិនិត្យ។
តាមរយៈការចែករំលែកផ្ទាល់ពីលោកគ្រូវេជ្ជបណ្ឌិត ប្រាក់ណារុំ ជាអនុប្រធានគ្លីនិកជាតិ ព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានប្រាប់មកចាបបៃតងថា ជំងឺអេដស៍ (AIDS)ជាជំងឺដែលបង្កឡើងដោយវីរុសហ៊ីវ (HIV)។ មេរោគហ៊ីវឆ្លងចូលហើយបានជ្រៀតចូលទៅក្នុងកោសិកាឈាមសCD4 និងបានបង្កើតកូនចៅជំនាន់ក្រោយរបស់វាហើយបានបំផ្លាញកោសិកាឈាមស CD4 នោះចោល។
កោសិកាឈាមស CD4 ជាមេបញ្ជាការនៃប្រព័ន្ធការពាររាងកាយមនុស្សយើងទប់ទល់និងមេរោគឆ្លង។ ព្យាបាលមិនទាន់ពេល មេរោគអេដស៍មានឱកាសបំផ្លាញកោសិកាឈាមស CD4 បានកាន់តែច្រើន នាំឱ្យមុខងារនៃប្រព័ន្ធការពាររាងកាយស្រុតចុះខ្យោយខ្លាំង បណ្តាលឱ្យមានជំងឺឱកាសនិយមផ្សេងៗមករួមរិត នាំឱ្យធ្លាក់ខ្លួនឈឺ ចូលសម្រាកពេទ្យ និងអាចបាត់បង់អាយុជីវិត។
តើជំងឺអេដស៍អាចចម្លងតាមរយៈអ្វី?
លោកវេជ្ជបណ្ឌិតបញ្ជាក់ថាអាចឆ្លងតាមការរួមភេទ តាមរយៈឈាម ពីម្តាយទៅកូន។
ដោយការរួមភេទដោយមិនបានប្រើប្រាស់ស្រោមអនាម័យ បានពាក់ដែរតែរហែកបែកឬរបូតពេលកំពុងរួមភេទ រួមភេទពេលស្រវឹងភ្លេចភ្លាំងមិនបានប្រើស្រោមការពារ។ មុតម្ជុលចាក់ថ្នាំឬវត្ថុមុតស្រួចដែលប្រឡាក់ប្រលូសឈាមឬសារធាតុរាវមានមេរោគ។ ជួនកាល អាចឆ្លងដោយសារ ឈាមឬសារធាតុរាវមានមេរោគខ្ទាតចូល ភ្នែក មាត់ ច្រមុះ ប្រលាក់រាងកាយដែលមានស្នាមរបួស។ម្យ៉ាងទៀតគឺការប្រើឡាមកោរ ឬកន្រៃ្តកាត់ ក្រចក កាត់សាច់រួមគ្នាជាមួយអ្នកផ្ទុកមេរោគ។ការចាក់ថ្នាំ ដាក់សេរ៉ូម បូមឈាមដោយប្រើស៊ីរាំងឬម្ជុលរួមគ្នាជាមួយអ្នកផ្ទុកមេរោគការចាក់បញ្ចូលឈាម ករណីរំលោភផ្លូវភេទជាដើម។
រោគសញ្ញានៃជំងឺអេដស៍ចែកជាពីរគឺ៖
ទី១- រោគសញ្ញានៃការបង្ករោគដោយមេរោគអេដស៍ស្រួចស្រាវ មានស្តែងចេញរោគសញ្ញាចាប់ពី១០–១៤ ថ្ងៃក្រោយបានឆ្លងមេរោគអេដស៍ អាចប្រែប្រួលពីកម្រិតស្រាលទៅកម្រិតធ្ងន់ធ្ងរគឺដូចគ្នានឹងការបង្ករោគដោយវីរុសផ្សេងទៀត ។
ដំណាក់កាលនេះមានការស្តែងចេញរោគសញ្ញាប្រហែលតែ ៧០% នៃអ្នកបានឆ្លងមេរោគអេដស៍មានរោគសញ្ញាដូចជាគ្រុនក្តៅ ឈឺចាប់សាច់ដុំ រលាកបំពង់ក ឈឺសន្លាក់ ដំបៅមាត់ ឡើងកូនកណ្តុរ (PGL) ស្នាមកន្ទួលក្រហមលើស្បែក (maculopapular rash) ឈឺក្បាល និង Aseptic meningitis។ ករណីកម្រខ្លះអាចមាន ជំងឺប្រពន្ធ័ប្រសាទ (neuropathies) និងចង្កោមរោគសញ្ញា Guillain–Barré ។ បញ្ហាTransient immunosuppression OI ឧទាហរណ៍ ជំងឺផ្សិតកង់ឌីដា ឬជំងឺ PJP។ ការថយចុះចំនួនកោសិកាផ្លាកែតក្នុងឈាម(Thrombocytopenia) ការថយចុះកោសិកាឈាមស(leukopenia)និងការកើនឡើងអង់ហ្ស៊ីមថ្លើម។
ការឆ្លងរបៀបនេះ ការធ្វើតេស្តរកអង្គបដិបក្ខប្រាណប្រឆាំងមេរោគអេដស៍អាចនឹង អវិជ្ជមានឬវិជ្ជមាន រហូតដល់៣សប្តាហ៍ ក្រោយពីបានឆ្លងមេរោគ។ប្រសិនបើ Ag/Ab មេរោគអេដស៍ អវិជ្ជមាន ត្រូវធ្វើតេស្តម្តងទៀត នៅ១ខែក្រោយ។
ទី២- រោគសញ្ញានៃការបង្ករោគដោយមេរោគអេដស៍រ៉ាំរ៉ៃ
យោងតាមអង្គការសុខភាពពិភពលោកឱ្យដឹងថាដំបូងជំងឺអេដស៍ គឺគ្មានស្តែងចេញជារោគសញ្ញាអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ គ្រាន់តែមានហើមកូនកណ្តុរតូចៗជាប់ជាប្រចាំ។បន្ទាប់មកចាប់មានរោគសញ្ញាកន្ទួលរមាស់លើស្បែក ស្រកទម្ងន់ចុះស្គម រាគរូស អស់កម្លាំងនិងចង្កោមរោគសញ្ញានៃជំងឺឱកាសនិយមផ្សេងៗ។លោកវេជ្ជបណ្ឌិតបញ្ជាក់ដែរថា កុំរងចាំដល់ដំណាក់កាលធ្លាក់ខ្លួនឈឺដេកស្តូក បើសង្ស័យថាអាចមានផ្ទុកមេរោគអេដស៍ កុំស្ទាក់ស្ទើរ ក្លាហានទៅធ្វើតេស្ត ។
លោកវេជ្ជបណ្ឌិតបានបន្ថែមដែរថាចំពោះអ្នកដែលបានផ្ទុកមេរោគអេដស៍ បើមិនព្រមទៅរកសេវាព្យាបាលបញ្ហាសុខភាពផ្លូវចិត្តនិងផ្លូវកាយកាន់តែធ្ងន់ធ្ងរទៅៗ តែបើបានទទួលការព្យាបាលទាន់ពេលបញ្ហាសុខភាពផ្លូវចិត្តបានធូរស្រាលមកប្រក្រតីឡើងវិញដោយសារបានទទួលការប្រឹក្សាយោបល់យ៉ាងលំអិតពីមេរោគអេដស៍ ជំងឺអេដស៍ ថ្នាំពន្យារជីវិត ។ មិនតែប៉ុណ្ណោះបើព្យាបាលបានទាន់ពេល រួមជាមួយនឹងការលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ ជាប់លាប់ផង នឹងធ្វើឱ្យសុខភាពអ្នកនៅតែល្អដដែល មិនធ្លាក់ខ្លួនឈឺដោយសារជំងឺឱកាសនិយមឡើយ ហើយបងប្អូននៅតែអាចធ្វើការប្រកបរបរចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ បានដូចធម្មតាដូចអ្នកដទៃ។