ជាធម្មតា ជឿថាបងប្អូនភាគច្រើនធ្លាប់តែលឺគេនិយាយភាពច្រើនពីឈ្មោះមុនក្បាលខ្មៅ មុនកប់សាច់ ជាដើមដែលមុនទាំងនេះវាបង្កឡើងមកពីក្រពេញខ្លាញ់ផលិតខ្លាញ់លើសធ្វើឱ្យកកស្ទះនៅលើមុខ បង្កទៅជាមុន។ មុនខ្លះទៀតកើតមកពីការប្រែប្រួលអរម៉ូនឬកំណកធូលីដីដែលនៅទុំជាប់នៅលើស្បែកមុខ។ ប៉ុន្តែថ្ងៃនេះក្រុមការងារចាបបែតងនឹងមកណែនាំមុនមួយប្រភេទទៀតដែលមិនធ្លាប់បានលឺឈ្មោះពីមុនមកគឺ មុនផ្លូវចិត្ត។
យោងតាមការឱ្យដឹងពីគេហទំព័រ cna លោកវេជ្ជបណ្ឌិត MB Sulzberger និងវេជ្ជបណ្ឌិត SH Zaidems ជំនាញផ្នែកសើស្បែក មានប្រសាសន៍ថា មុនផ្លូវចិត្ត(ACNE ANXIETY) គឺជាមុនមួយប្រភេទដែលកើតនៅលើមុខមិនខុសពីមុនផ្សេងៗនោះទេ ប៉ុន្តែមូលហេតុបង្កឱ្យកើតមុនប្រភេទនេះគឺខុសពីមុនធម្មតាផ្សេងៗ។ ជាការពិតណាស់ “មុនផ្លូវចិត្ត” គឺកើតឡើងនៅលើមុខបុគ្គលដែលស្រ្តេសច្រើន មានសម្ពាធ បុគ្គលដែលមានបញ្ហាផ្លូវចិត្ត បាក់ទឹកចិត្ត ស្មុគស្មាញជាដើម។
តាមការបញ្ជាក់ច្បាស់ៗពីលោកវេជ្ជបណ្ឌិត បានឱ្យដឹងថា មនុស្សយើងម្នាក់ៗមិនថាស្រីឬប្រុសនោះទេ នៅពេលមានបញ្ហា ស្រ្តេសគិតច្រើន ឬមានបញ្ហាផ្លូវចិត្តជាដើម គឺធ្វើឱ្យខួរក្បាលមានទំនាក់ទំនងខ្លាំងជាមួយក្រពេញខ្លាញ់ ជាហេតុនាំឱ្យក្រពេញខ្លាញ់ ផលិតខ្លាញ់លើសចំនួន ហើយកំណកខ្លាញ់អាក្រក់ទាំងនោះបង្កទៅជាមុន ដែលកើតច្រើននៅលើមុខ និងខ្នង។
ចំពោះវិធីនៅក្នុងការព្យាបាល “មុនផ្លូវចិត្ត” នេះគឺមិនអាចប្រើថ្នាំ ឬឡេមកព្យាបាលជាឡើយ។ អ្នកដែលកើតមុន ដោយសារបញ្ហាផ្លូវចិត្តគឺតម្រូវឱ្យបុគ្គលម្នាក់នោះព្យាបាលផ្លូវចិត្តឱ្យជាសះស្បើយ ឬទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យផ្លូវចិត្តដើម្បីព្យាបាលបញ្ហាផ្លូវចិត្ត។ មួយវិញទៀត វិធីព្យាបាល “មុនផ្លូវចិត្ត” ឱ្យជាដាច់ និងដើម្បីឱ្យមុនទាំងអស់រាបបាត់ពីមុខរបស់អ្នក ជំហានដំបូងអ្នកត្រូវឈប់ស្រ្តេស ឈប់ពិបាកចិត្ត ឈប់គិតច្រើន ឈប់គិតអវិជ្ជមាន ព្យាយាមធ្វើសកម្មភាពណាដែលគិតថាធ្វើឱ្យផ្លូវចិត្តអ្នកសប្បាយ ទៅកន្លែងណាដែលអ្នកចូលចិត្ត ធ្វើយ៉ាងណាឱ្យអារម្មណ៍ល្អមកវិញទើបមុននោះបាត់ទៅវិញ។
សរុបមកវិញ សម្រាប់អ្នកដែលមានបញ្ហាមុខមុនច្រើន ព្យាបាលមិនជា លាបអ្វីក៏មិនបាត់ អ្នកអាចថយក្រោយមួយជំហានហើយងាកមកគិតថា តើរាល់ថ្ងៃនេះអ្នកមានបញ្ហាផ្លូវចិត្តដែរឬទេ? ពិបាកចិត្តទេ? ស្មុគស្មាញជាមួយការងារទេ? បើពិតជាមានបញ្ហាទាំងអស់នេះមែនអ្នកត្រូវព្យាបាលឱ្យជាដាច់ជាមុនសិន ទើបមុននៅលើមុខរបស់អ្នកបាត់ទៅវិញ។
គូសបញ្ជាក់ផងដែរថា ដូចបានរៀបរាប់មកខាងលើ “មុនផ្លូវចិត្ត” ជាមុនដែលគ្មានថ្នាំ ឬឡេណាព្យាបាលជាទេ តែវានឹងរាបទៅវិញដោយឯកឯងនៅពេលផ្លូវចិត្តរបស់អ្នកល្អប្រសើរមកវិញ។ កុំស្រ្តេស កុំសេដ កុំស្មុគស្មាញ កុំពិបាកចិត្តណា ប្រយ័ត្នកើត “មុនផ្លូវចិត្ត”៕
អត្ថបទដោយ៖ មឿន គន្ធា