ជាការពិតណាស់ សុខភាពរបស់មនុស្សស្រីពិតជាសំខាន់ខ្លាំងណាស់ នៅពេលដែលស្រ្តីចាប់ផ្ដើមយកកូនដំបូង។ ព្រោះថាបើស្រ្តីមានសុខភាពល្អ ការលូតលាស់ របស់ទារកនៅក្នុងផ្ទៃក៏លូតលាស់ល្អ។ ក៏ប៉ុន្ដែប្រសិនណាស្រ្តីមានជំងឺច្រើនរុំារ៉ៃ ហើយយកកូនគឺប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពរបស់ខ្លួនឯងផង រួមទាំងទារកក្នុងផ្ទៃផងដែរ។
សម្រាប់ស្រ្តីដែលមានជំងឺ២ប្រភេទនេះ ត្រូវព្យាបាលជាមុនសិនដើម្បីចៀសវាង កូនកើតមានមិនគ្រប់លក្ខណៈ ខ្សោយខួរក្បាល ឬក៏ប្រឈមកើតមុនខែ។ នេះបើយោងតាមរយៈវេជ្ជបណ្ឌិត អ៊ូ ហាន់ឡេង ជាវេជ្ជបណ្ឌិតឯកទេសសម្ភពនិងរោគស្ត្រី បច្ចុប្បន្នខ្ញុំបំរើការនៅគ្លីនិកឯកទេស។ លោកវេជ្ជបណ្ឌិត បានចែករំលែកប្រាប់ក្រុមការងារចាបបៃតងថា៖ចំពោះស្រ្តីដែលមានជំងឺលើសឈាម និង ទឹកនោមផ្អែម៖
ត្រូវព្យាបាលជាមុនសិនមុននិងយកបុត្រ។ ដោយសារបញ្ហាទាំង២នេះ អាចធ្វើអោយទារកមានភាពមិនប្រក្រតីពីកំណើត ទារកស្លាប់ក្នុងផ្ទៃ រលូត និង លូតលាស់យឺត.ល.។ ចំពោះអ្នកទឹកនោមផ្អែម ត្រូវគ្រប់គ្រងជាតិស្ករក្នុងឈាម(HbA1c) ឱ្យទាបជាង 7។ ករណីមិនបានព្យាបាលទារកអាចធំជាងធម្មតាពិបាកក្នុងការសម្រាលធម្មជាតិ អាចឈានទៅដល់ការវះកាត់។ ចំពោះអ្នកលើសឈាមអាចវិវឌ្ឍន៍ទៅជាជំងឺបម្រុងក្រឡាភ្លើង HELLP Syndromes របើកសុក ស្ទះសរសៃឈាមខួរក្បាលរហូតដល់បាត់បង់ជីវិត។ ចំពោះបញ្ហានេះតម្រូវឱ្យផ្លាស់ប្ដូរទម្លាប់រស់នៅ BMI ≤ 25kg/m2។ បរិភោគបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និង អាហារ low fat។ កាត់បន្ថយផ្អែមនិងសាច់។
អាស្រ័យហេតុនេះហើយ ប្រសិនណាស្រ្តីដែលមានបំណងចង់យកកូន យើងណែនាំឱ្យធ្វើការពិនិត្យសុខភាពរបស់ខ្លួនមុន ។ ព្រោះការពិនិត្យសុខភាពមុននេះ គឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនដែលស្រ្តីសម័យថ្មីគួរយល់ដឹង។ ព្រោះថាបើរកទៅឃើញកំពុងប្រឈមជា ឧ.ដូចជំងឺខាងលើនេះ ត្រូវព្យាបាលសិន ចាំយកតាមក្រោយ ដើម្បីសុខភាពកូនកើតមកល្អ រាងកាយពេញលេញ ខួរក្បាលឆ្លាតផងដែរ ចៀសវាងយកកូនទាំងមិនដឹងខ្លួននាំកូនកើតមកមានបញ្ហា វិប្បដិសារីយ៍នៅថ្ងៃក្រោយ៕
អត្ថបទដោយ៖ ប៉ែត ធីតា