អ្នកជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណាច្រើនមានរោគសញ្ញាដូចជា ហត់ ពិបាកដកដង្ហើម ក្អកជាដើម ប៉ុន្តែការសិក្សាពីដំណាក់កាលដំបូងៗនៃការរីករាលដាលCovid-19នៅប្រទេសចិន បង្ហាញថាអ្នកជំងឺក៏មានបញ្ហាប្រព័ន្ធរំលាយអាហារភាគច្រើនដែរ។ រាគ និងរោគសញ្ញាប្រព័ន្ធរំលាយអាហារមួយចំនួនទៀត ដូចជា មិនឃ្លានអាហារ ក្អួត ឈឺក្នុងពោះជាដើម ត្រូវបានរៀបរាប់ និងត្អូញត្អែរស្ទើតែពាក់កណ្តាលដោយអ្នកជំងឺរលាកដ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណា (48.5%) នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ប្រទេសចិន ។
អ្នកស្រាវជ្រាវបានវិភាគលើអ្នកជំងឺ Covid-19ចំនួន២០៤នាក់ ដែលមានអាយុជាមធ្យម៥៥ឆ្នាំ ក្នុងមន្ទីរពេទ្យបីផ្សេងគ្នាក្នុងខេត្តHubei ។ ការសិក្សានេះបង្ហាញថា អ្នកជំងឺ Covid-19ដែលមានបញ្ហាប្រព័ន្ធរំលាយអាហារចេញរោគសញ្ញាយឺតជាងអ្នកជំងឺដែលគ្មានរោគសញ្ញាប្រព័ន្ធរំលាយអាហារ។
អ្នកជំងឺដែលមានរោគសញ្ញាប្រព័ន្ធរំលាយអាហារមានអាការៈខុសគ្នា ដូចជា មិនឃ្លានអាហារ(៨៤%) រាគ(២៩%) ក្អួត(០.៨%) និងឈឺក្នុងពោះ(0.4%) ។ ក្នុងការសិក្សានេះក៏បានរកឃើញដែលថាមានអ្នកជំងឺ Covid-19 ៧%ដែលមានរោគសញ្ញាប្រព័ន្ធរំលាយអាហារ ប៉ុន្តែគ្មានរោគសញ្ញារលាកផ្លូវដង្ហើម ។
យោងតាមការចុះផ្សាយកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២០ ដោយThe American Journal of Gastroenterology បានបង្ហាញថាអ្នកជំងឺ Covid-19 ដែលគ្មានរោគសញ្ញាប្រព័ន្ធរំលាយអាហារងាយស្រួលព្យាបាលនិងអាចឆាប់ចេញទៅផ្ទះវិញ(មាន៦០%)ជាងអ្នកជំងឺ Covid-19ដែលមានរោគសញ្ញាប្រព័ន្ធរំលាយអាហារ(មាន៣០%)។
តាមការសិក្សានេះបានបញ្ជាក់ថាអ្នកជំងឺ Covid-19ដែលមានរោគសញ្ញាប្រព័ន្ធរំលាយអាហារប្រឈមមុខគ្រោះថ្នាក់ដល់អាយុជីវិតបើប្រៀបធៀបជាមួយអ្នកជំងឺ Covid-19ដែលគ្មានរោគសញ្ញាប្រព័ន្ធរំលាយអាហារ។ ដូចនេះវាពិតជាមានសារៈសំខាន់ណាស់ក្នុងរាប់បញ្ចូលរោគសញ្ញាប្រព័ន្ធរំលាយអាហារដូចជារាគក្នុងការសង្ស័យដើម្បីកំណត់រោគវិនិច្ឆ័យជំងឺ Covid-19 មុនពេលមានរោគសញ្ញារលាកដ្លូវដង្ហើម។
ការកំណត់រោគវិនិច្ឆ័យទាន់ពេលវេលាមិនត្រឹមតែងាយស្រួលក្នុងការព្យាបាលប៉ុណ្ណោះទេ តែថែមទាំងអាចកាត់បន្ថយក្នុងការចម្លងដល់អ្នកដទៃទៀងផងនេះ៕
ប្រភព https:thehill.com
ប្រែលសម្រួលដោយ ហួ ភារ៉ា