សព្វថ្ងៃនេះ ការលក់ទំនិញអនឡាញជាមុខរបរដ៏ពេញនិយមជួយឱ្យម្ចាស់អាជីវកម្មជាច្រើនងាយស្រួលអាចរកចំណូលមានឱកាសច្រើន ហើយសូម្បីតែសិស្សសាលា អ្នកធ្វើការក៏ប្រែខ្លួនចេញរកស៊ីតាមអនឡាញបានដែរ។ ការឆ្លៀតចាប់របរអនឡាញសម្រាប់រកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពបានផងដែរ។ ឥឡូវនេះ! យើងមកដឹងពីប្រវត្តិតស៊ូលោកស្រីតិច ស៊ីមហ៊ាង បន្តិចសិន។
មានពាក្យមួយបានពោលថា “ជីវិតជាការតស៊ូ។” ព្រោះនៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ តែងមានបញ្ហា ការឈឺចាប់ ការមើលងាយ ឧបសគ្គ និងការបរាជ័យជាច្រើនរាប់មិនអស់ ទម្រាំតែទទួលបានភាពជោគជ័យក្នុងជីវិតនេះ។ សម្រាប់លោកស្រី តិច ស៊ីមហ៊ាង ជាស្ថាបនិកហាងកីមាស ជាផលិតផលតម្បាញខ្មែរ ដែលទទួលបានការគាំទ្រច្រើនទាំងក្រៅប្រទេសនិងក្នុងប្រទេសផងដែរ។ លោកស្រីបានជួបព្យុះភ្លៀងពីឧបសគ្គជាច្រើនបានសាកល្បងក្នុងជីវិតរបស់លោកស្រី ជាស្រ្តីកាន់តែរឹងមាំ និងដើរតាមក្តីស្រមៃរបស់គាត់។
នៅឆ្នាំ១៩៩៩ លោកស្រី តិច ស៊ីមហ៊ាង បានកើតកូនចិត្តជាក្តីស្រមៃមួយ បានជួបផលិតផលក្រណាត់ផ្នែកតម្បាញ ធ្វើឱ្យលោកស្រីចាប់ចិត្តរំភើបនឹងវា។ ហើយរំលងដល់ឆ្នាំ២០០២ លោកស្រីបានចាប់ផ្តើមលេង Facebooks ក៏បានប្រទះឃើញអ្នកមានៗ គេពាក់ហូលផាមួងយ៉ាងស្រស់ស្អាត ដែលមានតម្លៃចន្លោះ ២៥០ដុល្លារទៅ៣០០ដុល្លារឯណោះ។ ពេលហ្នឹងដែរ លោកស្រីបានធ្វើការជាបុគ្គលិកមានប្រាក់ខែត្រឹម ៦០ដុល្លារប៉ុណ្ណោះ។ លោកស្រី តិច ស៊ីមហ៊ាង បានដឹងថាហាងកាត់ដេរមួយកន្លែង កាត់សម្លៀកបំពាក់បែបអ៊ឺរ៉ុបមួយឈុតមានតម្លៃ ៦០ដុល្លារស្មើនឹងប្រាក់ខែគាត់មួយខែទៅហើយ។ ហើយលោកស្រីមានអារម្មណ៍នឹកគិតថា តើខ្ញុំធ្វើយ៉ាងមិច ទើបបានពាក់សម្លៀកបំពាក់បែបនេះ? ហើយលក់ឱ្យដាច់នោះ?
ពេលមានឱកាសមួយលោកស្រីបានទៅទស្សនាកន្លែងអ្នកតម្បាញមួយកន្លែង នាំឱ្យគាត់គិតថា ការងារអ្នកតម្បាញនេះ អាចជួយស្រ្តីៗ ឱ្យពួកគាត់អាចធ្វើការនៅផ្ទះបានមើលកូនៗ និងកូនបានទៅរៀនសូត្រផងដែរ។ បើយើងជួយទិញតម្បាញពួកគាត់ ដូចជាជួយជីវភាពប្រាក់កម្រៃបន្ថែម កុំឱ្យពួកគាត់ទៅធ្វើការនៅប្រទេសគេ។ នេះជាចំណុចមួយធ្វើឱ្យគ្រួសារអ្នកតម្បាញ រស់នៅជុំគ្នាមានភាពកក់ក្តៅ។ ពេលលោកស្រីគិតដល់ត្រង់ចំណុច ធ្វើឱ្យគាត់មានអារម្មណ៍ថា ខ្ញុំត្រូវតែបង្កើតក្រុមតម្បាញនេះឡើងមក។
នៅពេលលោកស្រីចាប់ផ្តើមរកស៊ីតម្បាញក្រណាត់នេះបានចុះទុនត្រឹមតែ៥០០ដុល្លារ ក្នុងការទិញកន្លែងអ្នកតម្បាញ មានហូលដាក់ក្នុងវ៉ាលីដើរដូចជាឥណ្ឌាដើរលក់ម៉ុងចឹង។ គាត់ដើរលក់តាមវគ្គបណ្តុះបណ្តាលគេបង្រៀន ក្នុងពេលគេឈប់សម្រាកទទួលទានបាយ កាហ្វេ និងដើរលក់កន្លែងផ្សេងៗ តស៊ូដើម្បីក្តីស្រមៃ។ ហើយដើរលក់នេះ លោកស្រីពេលវេលាអស់រយៈពេល ២ឆ្នាំ ជួបការលំបាកជាច្រើនទម្រាំតែបានបើកហាងដោយខ្លួនឯង។
នៅពេលបើកហាងនេះ បន្តមានបញ្ហាធំមួយទៀត ដែលលោកស្រីបានជឿទុកចិត្តលើគេ ហើយគេបានដាក់ទីតាំងគ្មានអ្នកមើលឃើញទេ លុះត្រាភ្ញៀវដើរដល់មុខហាងកីមាស បានស្គាល់ហាងរបស់គាត់។ តែគាត់មិនឱ្យបញ្ហាទាំងអស់នេះមកបញ្ចប់ក្តីស្រមៃរបស់គាត់នោះទេ។ គាត់ក៏ផុសលើ Facebooks ផ្សាយពីតម្បាញក្រណាត់ខ្មែរជាស្នាដៃកូនខ្មែរផលិតដោយខ្លួនឯង។ ទេវតាមិនបិទផ្លូវមនុស្សតស៊ូដើម្បីក្តីស្រមៃឡើយ។ មានភ្ញៀវខ្លះមកទិញដល់ហាង និងភ្ញៀវខ្លះទៀតឆាតមកទិញ ពិតជាមានការគាំទ្រច្រើនមែន។
សព្វថ្ងៃនេះ លោកស្រីមិនអាចលក់នៅក្នុងផ្សារមួយកន្លែងបានទេ ផ្លូវរស់មានតែឡើងលើអនឡាញលក់តម្បាញក្រណាត់ទេ ទើបលក់ដាច់កើនចំណូល។ មិនចាំបាច់ដើរលក់ដូចពេលមុននោះទេ។ សង្គមជឿនលឿនមនុស្សត្រូវតែជឿនលឿនតាមសម័យកាលដែរទើបការរកស៊ីមិនងាយដួល។
លោកស្រីចេះផ្សព្វផ្សាយតម្បាញក្រណាត់លើបណ្ដាញសង្គមប្រាប់ពីការពិតពីគុណភាពផលិតរបស់គាត់ដោយភាពស្មោះត្រង់ទៅអតិថិជន។ ហើយនៅក្នុងឆ្នាំ២០២៥នេះ អ្នកគួរតែចេះផ្សាយលើគ្រប់បណ្ដាញសង្គមជួរមុខ មិនថាតែ Facebook TikTok Instagram YouTube ឬ Telegram នោះឡើយ។ ការដែលយើងបង្កើតគណនីផ្សព្វផ្សាយគ្រប់បណ្ដាញសង្គមបែបនេះ នឹងជួយកាត់បន្ថយហានិភ័យ នាំការលក់រកចំណូលរបស់អ្នកកើនជាងមុនផងដែរ។
នៅមានរឿងមួយសម្រាប់អ្នករកចំណូលតាមអនឡាញទទួលបានជោគជ័យក្នុងវិស័យនេះ អ្នកត្រូវតែចេះធ្វើទីផ្សារនិងចេះជំនាញលក់។ បើទោះបីជាអ្នក មានផលិតផលឬសេវាកម្មល្អអស្ចារ្យយ៉ាងណាក៏ដោយ ប៉ុន្ដែបើអ្នកមិនចេះធ្វើទីផ្សារនិងការលក់ មិនចេះពីវិធីសាស្រ្តក្នុងការធ្វើការផ្សព្វផ្សាយឱ្យគេបានដឹង មិនចេះប្រើពាក្យពេចន៍ជាមួយអតិថិជនទេនោះ អ្នកប្រាកដជាមិនអាចលក់ផលិតផលរបស់អ្នកដាច់ឡើយ។ ដូច្នេះហើយ បើចង់ជោគជ័យនៅលើវិស័យអ្នកឡាញ អ្នកគួរតែព្យាយាមអភិវឌ្ឍន៍ជំនាញនេះឱ្យបានជាប្រចាំ៕ អត្ថបទដោយ៖ ទ្រ សុភាព