យោងតាមការឱ្យដឹងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តាមរយៈសារជាសម្លេងនាល្ងាចថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ នេះបានឱ្យដឹង ការពាក់ម៉ាស់មិនអាចការពារបាន ១០០% ទេ មេរោគកូវីដ-១៩ អាចឆ្លងតាមភ្នែក និងត្រចៀកផងដែរ។
លោកជំទាវបានបញ្ជាក់ថា “តាមការដកបទពិសោធន៍នៅបណ្តាប្រទេសផ្សេងៗ ការពាក់ម៉ាស គឺការពារបានតែ ច្រមុះ និង មាត់ទេ ដោយឡែក ភ្នែក និងត្រចៀក យើងពុំមានអ្វី គ្របបានទេ ដូច្នេះហើយ អ្វីដែលសំខាន់ គឺ ការលាងដៃ អនាម័យដៃស្អាត”។
លោកជំទាវសង្កត់ធ្ងន់ថា “ការលាងដៃ ការសម្អាតខ្លួនប្រាណនេះគឺជាភារកិច្ចដ៏សំខាន់ណាស់ ហើយបន្ទាប់ពីការប៉ះពាល់ទ្វារ ឬប្រើប្រាស់ទ្វារ រួចហើយត្រូវប្រយ័ត្នប្រយែង ត្រូវលាងដៃ ពិសេសទ្វារនៅតាមទីសាធារណៈ”។
លោកជំទាវក៏បានតាមដានមើលរបាយការណ៍បញ្ជាក់ថា មានគ្រួសារមួយបាន ដាក់ខ្លួននៅដាច់ដោយឡែក ដោយមិនបានចេញក្រៅ ឬជួបជុំគ្នាលើសពី១០នាក់ទេ តែចុងក្រោយនៅតែមានការចម្លង ហើយឱពុកម្ដាយបានស្លាប់ នៅសល់តែកូនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ដោយមូលបញ្ជាក់ថា ដោយសារការខ្វះអនាម័យដោយកង្វះការលាងដៃ និង ប៉ះពាល់គ្នា ថែមទៀត។
លោកជំទាវក៏បន្ថែមការក្រើនរំលឹក ដល់ក្រុមគ្រូពេទ្យយើង និងប្រជាជនទូទៅឱ្យមានការប្រុងប្រយ័ត្នឱ្យមែនទែន ការលាងដៃគឺសំខាន់ណាស់។ដូច្នេះសូមប្រជាជន និងក្រុមគ្រូពេទ្យយើងយកចិត្តទុកដាក់ មើលថែសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ក្រៅពីពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព សំខាន់លាងសម្អាតដៃ រក្សាអនាម័យខ្លួនប្រាណឱ្យបានល្អ។