ព័ត៌មាន
ក្មេង១៣ឆ្នាំសោះប្រលងបាក់ឌុបជាប់និទ្ទេសC ដល់ថ្នាក់សម្តេចបង្ហើបប្រវត្តិសិក្សាខ្លាំងមិនធម្មតា
Senghong Kong
December 22 2022
183 views

ក្មេងប្រុសអស្ចារ្យម្នាក់នេះជានរណាដល់ថ្នាក់ សម្តេចហ៊ុន សែន បង្ហោះសារអបអរសាទរ និងស្ញើញសរសើរពីសមត្ថភាពមិនធម្មតារបស់គាត់។ នៅក្នុងខ្លឹមសារ ដែលបង្ហាញឱ្យដឹងពីផេកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានឱ្យដឹងថា កុមារ គីម ហុង កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ឆ្នាំ ឪពុកជាបុគ្គលិកធនាគារចូលនិវត្តន៍ និងម្តាយឈ្មោះគ្រូបង្រៀន។

តាមការបញ្ជាក់ពីក្រុមគ្រួសារនៅពេល គីមហុង ដឹងក្តីគឺចេះរៀបអក្សរក្រមទាំងខ្មែរ និងអង់គ្លេស ចេះអានអក្សរ ពាក្យរាជសព្ទ បាលីសំស្រឹ្តត នៅអាយុ២ឆ្នាំ និងចេះអានសារជូនពរសម្តេច និងសារចូលរួមរំលែកទុក្ខអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ នៅអាយុ ៣ឆ្នាំ ដោយគ្មានអ្នកណាបង្ហាត់បង្រៀនឡើយគឺ គីមហុង ចេះអានដោយខ្លួនឯង។ នៅអាយុ៧ឆ្នាំ កុមារ៉ាបានចូលរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាហ៊ុន សែន អនុវត្តខេត្តតាកែវ គាត់ចេះអាន ចេះសរសេរ និយាយភាសាអង់គ្លេសបានល្អ និងចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវ និងពិសោធន៍ដោយមើលតាម Internet និងYoutube ។

នៅឆ្នាំ ២០១៧ ជំនួយការរបស់សម្តេច បានធ្វើតេស្តសមត្ថភាពដូចជាការអានសារជូនពរ អានភាសាអង់គ្លេស និងធ្វើតេស្តលំហាត់គណិតវិទ្យាថ្នាក់ទី៤-ទី៧ និងប្រើប្រាស់កុំព្យូទ័រស្រាវជ្រាវឯកសារតាមបណ្តាញអ៊ីនធឺណែត Google។ ៤ខែក្រោយមកក្នុងឆ្នាំដដែល ជំនួយការរបស់សម្តេច បានធ្វើទៅតេស្តសមត្ថភាព គីម ហុង ម្ដងទៀតលើគណិតវិទ្យាថ្នាក់ទី១០-ថ្នាក់ទី១២ ហើយគាត់អាចធ្វើលំហាត់បាន។ បន្ទាប់មកទៀត គាត់បានទៅផ្ទះសម្តេច ដើម្បីធ្វើតេស្ត គណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និងឱ្យនិយាយ អង់គ្លេសជាមួយចៅស្រីសម្តេច។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ គីមហុង បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់ទី៨ នៅសាលាប៊ែលធី អន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) នៅអាយុ០៨ឆ្នាំ និងបានបន្តសិក្សាថ្នាក់ចំណេះទូទៅរហូតដល់ថ្នាក់ទី១២ ព្រមទាំងបានប្រឡងបាក់ឌុបកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ហើយទទួលបាននិទ្ទេសC ទាំងដែលគាត់ទើបមានអាយុ១៣ឆ្នាំ។ បច្ចុប្បន្ន គីមហុង កំពុងសិក្សាកម្រិតទី១១(Level 11) ដោយទទួលបានចំណាត់ថ្នាក់លេខ១ នៅគ្រប់វគ្គ ក្នុងចំណោមសិស្ស ៣០នាក់ និងបន្តទៅបញ្ចប់កម្រិតទី១២ (Level 12) នៃកម្មវិធីភាសាអង់គ្លេសទូទៅរបស់សាលា ប៊ែលធី អន្តរជាតិ ផងដែរ។ សមត្ថភាពអស្ចារ្យរបស់គាត់ សម្តេច ហ៊ុន សែន បានហៅគាត់ថា “ជាមនុស្សទេព លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។”

លើសមត្ថភាពពិសេសនេះ គេបានធ្វើការប៉ាន់ស្មានវាយតម្លៃថាបើ គីម ហុង ចូលសាកលវិទ្យាល័យនៅអាយុ១៣ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ១៧ឆ្នាំ។ បើ គីម ហុង បន្តទៅអនុបណ្ឌិតគឺអាចបញ្ចប់នៅអាយុ ១៩ឆ្នាំ ហើយបើបន្តទៅថ្នាក់បណ្ឌិតគឺអាចបញ្ចប់នៅអាយុ ២៣ឆ្នាំ។ ប៉ុន្តែប្រសិនបើ គីម ហុង ជ្រើសរើមុខវិជ្ជាដែលខ្លួនពេញចិត្តរៀន ឬរៀនផ្លោះយកក្រេឌិត (Credit) គីម ហុង អាចបញ្ចប់ថ្នាក់បណ្ឌិតនៅអាយុតិចជាងនេះ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia