ជំងឺបេះដូង មានច្រើនប្រភេទ ដូចជា ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺចង្វាក់បេះដូង ជំងឺបេះដូងពីកំណើត ជំងឺរលាកសាច់ដុំបេះដូង និងជំងឺប្រឹសបេះដូងជាដើម។ យោងតាមគេហទំព័រ mayoclinic.org ជំងឺបេះដូង មានរោគសញ្ញា ប្រហាក់ប្រហែលគ្នា តែមិនដូចគ្នាទាំងស្រុងនោះទេ ។ ខាងក្រោមនេះ ជារោគសញ្ញាសំខាន់ៗ នៃជំងឺបេះដូង ទាំង៥ប្រភេទដែលលោកអ្នកគួរកត់សម្គាល់ និងប្រុងប្រយ័ត្ន ។
១. ជំងឺស្ទះសរសៃឈាមបេះដូង៖ ឈឺ តឹងណែន និងមានសម្ពាធម្ដុំដើមទ្រូង ពិបាកដកដង្ហើម ឈឺក ឈឺត្រង់បំពង់ក ឈឺត្រង់ថ្គាម ឈឺផ្នែកខាងលើក្បាលពោះ និងផ្នែកខាងក្រោយចង្កេះ ។ មានអារម្មណ៍ស្ពឹក ជាពិសេសចុងដៃ ចុងជើង បបូរមាត់ ត្រជាក់ចុងដៃជើង និងប្រែជាពណ៌ស្វាយ នៅចុងម្រាមផងដែរ ។
២. ជំងឺចង្វាក់បេះដូង៖ ជាដំណើរមិនទៀងទាត់ នៃចង្វាក់បេះដូង ពេលខ្លះអាចដើរញាប់ ឬយឺតជាងធម្មតា ។ រោគសញ្ញារួមមាន៖ ឈឺក្នុងទ្រូង ខ្សោយអស់កម្លាំងខ្លាំង ញ័រដើមទ្រូង ពិបាកដកដង្ហើម បេះដូងដើរញាប់ និងបេះដូងដើរយឺត ។
៣. ជំងឺបេះដូងពីកំណើត៖ជំងឺនេះមានច្រើនប្រភេទ ករណីធ្ងន់ធ្ងរ ច្រើនសង្កេតឃើញ ក្រោយទារកកើតមកភ្លាមៗ ប៉ុន្តែក្នុងករណីខ្លះ គេសង្កេតឃើញក្មេង មានសញ្ញាស្វាយចុងដៃ ចុងជើង ឬតាមបបូរមាត់ ហើមជើង ហើមពោះ ឬហើមក្រោមភ្នែក ក្មេងពិបាកដកដង្ហើម ជាពិសេសពេលបំបៅដោះម្ដងៗ ខ្សោយអស់កម្លាំង និងមិនសូវឡើងទម្ងន់ដូចក្មេងផ្សេងទៀត ។ ករណីធូរស្រាល ក្មេងអាចលេចចេញរោគសញ្ញា នៅពេលដែលមានវ័យជំទង់ហើយក៏មានដែរ ។
៤. ជំងឺរលាកសាច់ដុំបេះដូង៖ ក្នុងដំណាក់កាលដំបូងៗ ជំងឺនេះអាចគ្មានចេញ រោគសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ ប៉ុន្តែករណីធ្ងន់ធ្ងរ អាចមានរោគសញ្ញាដូចជា៖ ខ្សោយអស់កម្លាំង ពិបាកដកដង្ហើម ពេលធ្វើសកម្មភាពផ្សេងៗ ឬពេលសម្រាកស្ងៀម មានអារម្មណ៍ពិបាកដកដង្ហើមនៅពេលយប់ ជាពិសេសនៅពេលគេង ឬពេលប្រឹងដើរម្ដងៗ មានអារម្មណ៍ថា បេះដូងដើរញាប់ខុសធម្មតា មានហើមជើង ត្រង់ក្បាលជង្គង់ និងប្រអប់ជើងជាដើម ។
៥. ជំងឺប្រឹសបេះដូង៖ ឈឺក្នុងទ្រូង ខ្សោយអស់កម្លាំង បេះដូងដើរខុសចង្វាក់ ហត់ពិបាកដកដង្ហើម មានហើមកជើង និងប្រអប់ជើង -ល- ។
ករណីមានរោគសញ្ញាគួរឲ្យសង្ស័យ សូមប្រញាប់ប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់រោគវិនិច្ឆ័យ ឲ្យបានត្រឹមត្រូវ ៕
អត្ថបទដោយ៖ ហួ ភារ៉ា