គ្រូពេទ្យបូករួមនិងអ្នកជំនាញជាច្រើនបានលើកឡើងដូចៗគ្នាថា ជំងឺដែលកើតឡើងភាគច្រើនគឺកើតចេញពីរបបអាហារដែលខុស។ ការញ៉ាំអាហារជារៀងរាល់ថ្ងៃ ៣ ពេលចូលទៅក្នុងខ្លួនមានឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពរាងកាយ និង សុខភាពផ្លូវចិត្ត។ ដើម្បីការពារកុំឱ្យជំងឺផ្សេងៗរាតត្បាតឬកកើតក្នុងខ្លួនរបស់យើង យើងគប្បីមានរបបអាហារមួយដែលត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានណែនាំអាហារ៤ក្រុមសម្រាប់ទទួលទានប្រចាំថ្ងៃដូចខាងក្រោម
អាហារក្រុមទី១គឺ អាហារដែលមានផ្ទុកcarbohydrates ក្រុមនេះយើងអាចទទួលទានតិចតួចល្មម ដែលមានដូចជា បាយ ពោត នំបុ័ង ក្នុងគ្រាប់ធញ្ញជាតិ ស្រូវសាលី ជាដើម ឯអាហារក្រុមទី២វិញ គឺពពួកប្រូតេអ៊ីន មាននៅក្នុងសាច់ ត្រី សាច់មាន់ ទារ។ អាហារក្រុមទី៣វិញគឺ បន្លែនិងផ្លែឈើ ដែលអាចជួយអ្នកឱ្យរួចផុតពីការមានបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ ដែលអាចឱ្យអ្នកបត់ជើងស្រួល អាចបង្ការការកើតឫសដូងបាតបានផងដែរ ចំណែកក្រុមចុងក្រោយនោះគឺពពួកក្រុមអាហារដែលជំនួយដល់ឆ្អឹង ដែលមានដូចជា ទឹកដោះគោ yogurt ឈីស។
អាហារទាំង៤ក្រុមនេះគឺជាអាហារដែលចាំបាច់រាងកាយត្រូវការប្រចាំថ្ងៃ ប៉ុន្តែប្រជាជនយើងមិនទាន់អាចបរិភោគគ្រប់គ្រាន់នោះទេ ភាគច្រើនមានតែក្រុមទី១និងក្រុមទី២ តែប៉ុណ្ណោះ។ ក្រឡេកមកមើលសហគ្រិនវិស័យអាហារវិញម្តងគឺលោក ខាន់ សេងហាក់ បានផ្តល់បទសម្ភាសដល់ក្រុមការងារយើងថា៖ អាហារសុខភាពឬហៅថាសាឡាត់ ក្នុងហាងសាឡាត់ខេរបស់លោកគឺមានទាំងបន្លែផ្លែឈើ សាច់ និងទឹកផ្លែឈើធម្មជាតិនោះ គឺមានអតិថិជនច្រើន ដែលជាអ្នកជំងឺ និងមនុស្សចាស់ ក្រៅតែពីនេះគឺអ្នកចង់ស្គមឬរក្សារាង។
នៅពេលដែលលោកសាកសួរអតិថិជនរបស់លោក ភាគច្រើនបានឱ្យដឹងថាព្រោះគ្រូពេទ្យណែនាំឱ្យញ៉ាំ។ អាហារក្នុងមួយចានដែលមានទាំងសាច់និងបន្លែ ផ្លែឈើ អាចជួយឱ្យជំងឺរបស់ពួកគាត់មិនធ្វើទុក្ខ ព្រោះអាហារពួកនេះវាជួយទ្រទ្រង់សារពាង្គកាយនិងផ្តល់វីតាមីន ប្រូតេអ៊ីនដូចអ្វីដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់នៅខាងលើ។
ចំពោះម្ចាស់អាជីវកម្មអាហារសុខភាពមួយរូបនេះវិញ ក៏បានឱ្យដឹងថា ជំនួសឱ្យបាន៣ពេលរបស់អតិថិជន យើងអាចញ៉ាំសាឡាត់តែមួយពេលទៅបានហើយ ព្រោះសាឡាត់មួយពេលនេះមានសារធាតុចិញ្ចឹមបានច្រើនគ្រប់គ្រាន់ ម្យ៉ាងវាសក្តិសមនិងតម្លៃផង បើយើងញ៉ាំសាឡាត់ទាំង៣ពេលត្រូវចំណាយថវិការច្រើនហើយក៏មិនអាចគ្រប់គ្រាន់ទៅបំពេញរាងកាយដែរ ព្រោះយើងត្រូវការអាហារ៤ក្រុមដូចបញ្ជាក់ខាងលើ។ អាហារមួយពេលរបស់អតិថិជនធម្មតា អាចមានតម្លៃ២ដុល្លា បើគាត់ដក២ដុល្លាពីអាហារមួយពេលនោះមកញ៉ាំសាឡាត់ វាសមរម្យសម្រាប់អតិថិជនឱ្យមានសុខភាពល្អផង។
ចំណែកឯឱកាសរកស៊ីនៅវិស័យមួយនេះ ក៏នៅទូលំទូលាយដូចគ្នា មានអតិថិជនមួយចំនួនតែងតែទទូចឱ្យសាឡាត់ខេ បើកសាខាបន្ថែម ដែលបង្ហាញពីសក្តានុពលនៃអាហារសុខភាពមួយនេះ៕
អត្ថបទបន្ថែម៖ ជំនាញពេទ្យមិនអាចព្យាបាលជំងឺបាន១០០%ទេ ខណៈសម្តីពេទ្យអាចធ្វើឱ្យស្ថានភាពជំងឺធ្ងន់ធ្ងរបាន
រដូវធ្លាក់ខ្យល់ ប្រេះបបូរមាត់ បបូរមាត់ប្រែជាស្ងួត គួរដោះស្រាយដោយរបៀបណា?
អត្ថបទដោយ៖ អឿ ស្រីហួយ