លោក ស សំពិសិទ្ធ ស្ថាបនិកឱសថស្ថានយើង បានធ្វើការបកស្រាយនៅក្នុងកម្មវិធីវេទិការនិសិត្សនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្រោមប្រធានបទ “ការចាប់ផ្តើមសហគ្រិនភាពក្នុងវិស័យសុខាភិបាល” ថា ជំនាញទន់គឺជាជំនាញចាំបាច់បំផុតមួយសម្រាប់ការព្យាបាលអ្នកជំងឺលើសតែពីជំនាញវេជ្ជសាស្រ្ត។
ប្រសិនបើក្រុមការងារផ្នែកសុខាភិបាលមិនមានជំនាញទន់នោះទេ នឹងមានបញ្ហាចម្បងមួយកើតឡើងគឺ ការរិះគន់ មិនពេញចិត្តពីមជ្ឈដ្ឋានខាងក្រៅ។ នៅក្នុងនោះយើងឃើញថាមាន គ្រូពេទ្យចំនួនតូចដែលមិនមានជំនាញទន់ នោះនឹងត្រូវមជ្ឈដ្ឋានខាងក្រៅរិះគន់មិនខាន លោកបានបន្ថែមថាលើសតែពីបញ្ហាការរិះគន់ បើគ្រូពេទ្យទាំងអស់មានជំនាញទន់ វាក៏អាចជួយឱ្យយើងជោគជ័យក្នុងការព្យាបាលបានជាង៥០%ផងដែរ បើធៀបទៅនឹងជំនាញបច្ចេកទេស។
ជំនាញសំខាន់ដំបូងដែលគ្រូពេទ្យគួរតែមាននោះគឺ ជំនាញទំនាក់ទំនងនិងជំនាញស្តាប់។ លោកបានបន្ថែមថា ប្រទេសជិតខាងរបស់យើងពូកែណាស់ក្នុងជំនាញទាំង២នេះ បដិសណ្ឋារកិច្ចនិងការស្វាគមន៏ភ្ញៀវនឹងគឺជាចំណុចទាក់ទាញមួយរបស់ពួកគេ។ បើនិយាយពីជំនាញបច្ចេកទេស ពេទ្យក្នុងស្រុកយើងក៏មិនចាញ់ប្រទេសជិតខាងប៉ុន្មានដែរ តែអ្វីដែលពេទ្យក្នុងស្រុកយើងខ្វះគឺជំនាញទំនាក់ទំនងនិងបដិសណ្ឋារកិច្ចនេះតែម្តង ដូចនេះយើងគួរតែផ្តោតលើជំនាញនេះឱ្យបានខ្លាំង។
ជំនាញបន្ទាប់គឺជា ជំនាញដោះស្រាយបញ្ហានិងលើកទឹកចិត្ត។ ជាទូទៅជំនាញនេះគ្រូពេទ្យគឺសុទ្ធតែមានគឺដោះស្រាយបញ្ហារបស់អ្នកជំងឺតាមរយៈការព្យាបាល ប៉ុន្តែត្រូវការឱ្យមានការលើកទឹកចិត្តពីគ្រូពេទ្យខ្លាំង។ លោកបានបន្ថែមថា ពេលខ្លះសម្តីពេទ្យអាចធ្វើឱ្យមនុស្សជាទៅជាឈឺ ហើយក៏អាចធ្វើឱ្យមនុស្សឈឺត្រលប់មកជាវិញបានដែរ ដូចនេះយើងគួរតែគិតគូរដល់ការលើកទឹកចិត្តនិងប្រយ័ត្នពាក្យសម្តីឱ្យបានល្អ ដើម្បីឱ្យសេវាកម្មយើងកាន់តែល្អ។
មួយទៀតគឺយើងត្រូវបែងចែកអំពីចំណុចដែលល្អនិងចំណុចដែលគួរកែលម្អរ។ ចំណុចល្អគឺជាចំនុចដែលយើងមានស្រាប់ ឯចំណុចកែលម្អរគឺជាចំណុចដែលយើងមិនបានគិតគូរដិតដល់ ដូចនេះយើងត្រូវហ៊ានទទួលយកចំណុចមិនល្អដើម្បីកែលម្អរ។
ជំនាញទន់មួយផ្នែកទៀតគឺ ត្រូវធ្វើជាមនុស្សទឹកដែលអាចបត់បែនបាន។ មនុស្សទឹកគឺជាមនុស្សដែលងាយក្នុងការបត់បែន មានន័យថាប្រសិនបើទឹកនៅក្នុងកែវគឺមានរូបរាងដូចកែវ បើនៅក្នុងពាងគឺមានរូបរាងដូចពាង គឺងាយស្រួលក្នុងការបត់បែន។ ឧទាហរណ៍ ពេលខ្លះអ្នកជំងឺចូលមកពិនិត្យព្យាបាលជំងឺ យើងដឹងហើយថាអ្នកជំងឺកំពុងឈឺ មិនមានអារម្មណ៍ល្អ ពាក្យសម្តីក៏មិនល្អទៅតាមនោះដែរ ដូចនេះក្នុងនាមយើងជាអ្នកព្យាបាលយើងត្រូវចេះបត់បែនហើយយល់ពីស្ថានភាពពួកគាត់។
ចុងក្រោយ គឺត្រូវចេញគ្រប់គ្រងអារម្មណ៍ខ្លួនឯង លើកទឹកចិត្តខ្លួនឯង និងអ្នកនៅជុំវិញខ្លួនឯង។ ធ្វើការនៅក្នុងវិស័យសុខាភិបាលគឺត្រូវទាមទារឱ្យមានការលះបង់ ហត់នឿយខ្លាំង បើយើងមិនអាចគ្រប់គ្រងខ្លួនឯងបានពេលនោះយើងនឹងបញ្ចេញឥរិយាបថមិនល្អទៅខាងក្រៅជុំវិញខ្លួនធ្វើឱ្យប៉ះពាល់ការងារ។ ដូចនេះគួរយកចិត្តទុកដាក់លើបញ្ហានេះឱ្យបានល្អ៕
អត្ថបទដោយ៖ អឿ ស្រីហួយ