យោងតាមការឱ្យដឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយមនាព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពង់ រាបភាគឦសាន ។ ជាមួយគ្នានោះខ្យល់មូសុងនិរតីខ្លាំងបក់លើ ព្រះរាជាណាចក្រកម្ពុជា ដែលអាចធ្វើឱ្យរលកសមុទ្រដែលអាចមានកម្ពស់ពី ១-២,៥ ម៉ែត្រ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ នៅថ្ងៃទី២៦-២៨ ខែឧសភា នៅបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយក្នុងកម្រិតបង្ហូរទៅខ្លាំង ។ បន្ទាប់ពីនោះនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ នៅថ្ងៃទី២៦-២៨ ខែឧសភា ផ្នែកមួយចំនួននៃបណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក និងនៅខ្ពង់រាបជាប់និងប្រទេសវៀតណាម អាចមានភ្លៀងរាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិង ខ្យល់បក់ខ្លាំង និងរលកសមុទខ្ពស់ៗ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប ជាព័ត៌មាន និងសូម ប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់ប្រជានេសាទ និងអ្នកដំណើរ សមុទ្រសូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រដែលអាចមានកម្ពស់ ១-២,៥ ម៉ែត្រ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា។