អាហារ
ជួយច្រើន! លោក សៀង វណ្ឌី បង្ហើបលក្ខណៈពិសេសនៃអាហារបួសជួយសង្គ្រោះសុខភាព សម្រស់ និងចម្រើនវ័យ
Pheakdey Pao
October 24 2022
643 views

នៅពេលដែលឮពាក្យថា អាហារបួស ប្រាកដណាស់ជាមានបងប្អូនមួយចំនួនធំ តែងគិតឃើញថា អាហារប្រភេទនេះ គឺភាគច្រើនហូបតែលោកតាលោកយាយចាស់ៗទៅវត្ត ឬអ្នកមានសុខភាពពុំសូវបរិបូណ៍ប៉ុណ្ណោះ ឬអាចគិតថាអាហារបួសហូបទៅអត់ឆ្ងាញ់ ធ្វើឱ្យងាយនឹងអស់កម្លាំង ឬឃ្លានញឹកញាប់...ជាដើម។

ក៏ប៉ុន្តែបើក្រឡេកទៅមើលពីបទពិសោធន៍របស់លោក សៀង វណ្ឌី ម្ចាស់ភោជនីយដ្ឋានអាហារបួស E&F Vegetarian ដែលមានប្រវត្តិញុំាអាហារបួសអស់រយៈពេលជាង១៦ឆ្នាំវិញ បានពន្យល់ឱ្យដឹងថា ដំបូងៗលោកក៏គិតដូចតែអ្នកញុំាសាច់ទូទៅដូចគ្នា ដោយឡែកបើគិតមកទល់នាបច្ចុប្បន្ននេះ ដោយសារតែអាហារបួសនេះហើយទើបធ្វើឱ្យលោកមិនងាយនឹងឈឺទេ ញុំាយូរៗទៅកាន់តែធ្វើឱ្យសុខភាពប្រែជាល្អប្រសើរឡើង។

ជាឧទាហរណ៍ជាក់ស្តែងលោកបានលើកឡើងពីប្រយោជន៍នៃជើងផ្សិតផ្ទាល់ គឺវាមានផ្ទុកទៅដោយសារធាតុវីតាមីន និងប្រូតេអ៊ីនជាច្រើនជួយទៅដល់សរីរាង្គកាយដូចជា៖

ទី១. បន្ថែមនូវប្រព័ន្ធភាពសុំារាងកាយឱ្យរឹងពឹង

ទី២. ជួយទៅសុខភាពសន្លាក់ដែលជាបញ្ហាចាស់ៗភាគច្រើនរមែងជួប និងកាត់បន្ថយបញ្ហាពុកឆ្អឹង

ទី៣. ជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលនៅក្នុងឈាម

ទី៤. មានប្រូតេអ៊ីនជំនួយទៅដល់សុខភាពផ្សេងៗ។

លោក សៀង វណ្ឌី បានពន្យល់បន្តថា ជាការពិតណាស់នៅពេលដែលយើងហូបបួស ដំបូងៗគឺអាចខុសគ្នាពីហូបសាច់ ដោយសារតែហូបទៅអាហារដែលមានសាច់អាចធ្វើឱ្យយើងនឹងពោះល្អ។ តែអាហារបួស គឺប្រភេទជាបន្លែជាហេតុធ្វើឱ្យយើងឆាប់ហេវ កាលណាយើងហេវចន្លោះពីកន្លះម៉ោងទៅ១ម៉ោង នឹងអាចធ្វើឱ្យយើងចាប់ផ្តើមញ័រសាច់ បណ្ដាលឱ្យមានអារម្មណ៍ថាអស់កម្លាំង ដោយសារតែបន្លែជាអាហារដែលងាយនឹងរំលាយ ហើយសរីរាង្គកាយរបស់យើងក៏មិនទាន់សុំាទៅនឹងអាហារដែលមានតែបន្លែសុទ្ធៗទើបអាចនឹងធ្វើទុក្ខបែបនេះ។ ដូច្នេះជាដំណោះស្រាយនោះ អ្នកដែលកំពុងរៀនញុំាបួសដំបូងៗគាត់គួរតែ មានអាហារសម្រន់អ្វីបន្ថែមតិចតួចនៅចន្លោះម៉ោងឃ្លាន ដើម្បីបង្វឹកខ្លួនឯងឱ្យសុំាទៅនឹងអាហារបួស ចំណាយពេលត្រឹមតែ ៣ខែទៅ៦ខែ ក្រោយពីនោះសរីរាង្គកាយយើងនឹងទទួលស្គាល់អាហារបួសដូចទៅនឹងអាហារមានសាច់។

ប្រសិនបើនិយាយអំពីអត្ថប្រយោជន៍អាហារបួស គឺមានគុណសម្បត្តិធំជួយដល់សរីរាង្គកាយ ដោយជាទូទៅការហូបបួស គឺយើងហូបបានគ្រប់ជីវជាតិ បូកជាមួយនឹងការធ្វើលំហាត់ប្រាណបានទៀងទាត់ជាប្រចាំថ្ងៃទៀត គឺរាងកាយមិនងាយឈឺ មិនងាយទ្រុឌទ្រោម ថែមទាំងទទួលបានសាច់ស្អាតក្មេងជាងវ័យផងដែរ។ ជាក់ស្តែងរូបលោក និងក្រុមគ្រួសារផ្ទាល់ ពី១ឆ្នាំទៅ១ឆ្នាំ គឺកម្រយកលុយឱ្យពេទ្យណាស់

ជាចុងក្រោយ លោក សៀង វណ្ឌី បានបន្តលើកឡើងទៀតថា ចំពោះអាហារញុំាជាប្រចាំថ្ងៃ ក្រៅពីរសជាតិឆ្ងាញ់ យើងក៏ត្រូវគិតគូរពីសុខភាពផងដែរ ដោយអាហារ១ចានដែលញុំាចូលទៅនឹង យើងត្រូវគិតថា វាមានផលប៉ះពាល់ដល់សុខភាពកម្រិតណា ឬផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាព។​ ប្រសិនបើគិតតែរឿងឆ្ងាញ់១មុខទេ នោះអាចនឹងធ្វើឱ្យញុំាយូរៗទៅជំងឺរុំារ៉ៃផ្សេងៗ ញុំាយូរទៅកើតជំងឺលើសឈាម ទឹកនោមផ្អែម ញុំាយូរទៅគេងនៅពេទ្យ គ្រាន់តែថ្នាំលេបពេលមុនបាយក៏មាន ពេលក្រោយបាយក៏មានដើរទៅណាក៏ត្រូវតែមានថ្នាំ១កញ្ចប់តាមខ្លួន យូរទៅមិនមែនញុំាអាហារធ្វើជាថ្នាំទេ បែរជាញុំាថ្នាំដូចទៅជាអាហារទៅវិញ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia