ប្រសិនបើបងប្អូនជាអ្នកតាមដានតារាសិល្បៈ និងវិស័យបង្ហាម៉ូដស្រុកខ្មែរ ជឿថាប្រាកដជាស្គាល់ កញ្ញា ចាន់ គង្កា ដែlគាត់គឺជាតារាម៉ូឌែលស្រីដ៏ល្បីនិងមានពេទ្យកោសល្យពហុជំនាញមួយរូបនៅស្រុកខ្មែរ។
នេះ បើយើងត្រឡប់ទៅកាលពីកំឡុងឆ្នាំ២០១៥ កញ្ញា ចាន់ គង្កា គឺជាបេក្ខនារីដែលបានទទួលជ័យលាភីលេខ១ក្នុងកម្មវិធី Cambodia Next Top Model ហើយមកទល់ពេលបច្ចុប្បន្ននេះ កញ្ញាបានវិវត្តខ្លួនក្លាយជាតារាម៉ូឌែលដែលមានរូបរាងខ្ពស់ស្រឡះនិងស្រស់ស្អាតមិនចាញ់តារបរទេសនោះទេ ដែលធ្វើឱ្យមានភាពលេចធ្លោខ្លាំងឡើង និង ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង។ គួរម្លឹកថា បច្ចុប្បន្ន កញ្ញា គង្កា មិនមែនគ្រាន់តែជាតារាម៉ូឌែលតែប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពធ្វើជាពិធីការនី និង ជាអ្នកដឹកនាំនិងកាន់កាប់កម្មវិធី Chit-Chat With Kongkaផងដែរ។
ទន្ទឹមនឹងការទទួលបានភាពល្បីល្បាញ និងកាន់តែស្រស់ស្អាតផងនោះ កញ្ញាចាន់ គង្កា ក៏បានធ្វើការចែករំលែកពីគន្លឹះសំខាន់ៗប្រចាំថ្ងៃក្នុងការថែរក្សារូបរាងរបស់ខ្លួនមកកាន់ Healthy Cambodiaថា៖ ក្នុងនាមជាតារាម៉ូឌែលម្នាក់ ការថែរក្សារូបរាងគឺរឿងសំខាន់បំផុត បើយើងបណ្ដោយខ្លួនឱ្យធាត់ឡើងគីឡូនោះ ឱកាសការងារគឺងាយនឹងបាត់បង់ខ្លាំងណាស់ ពីព្រោះគេនឹងលែងហៅយើងទៅបង្ហាញម៉ូដទៀតហើយ(សើច)។ ដូចនេះដើម្បីទទួលបានរូបរាងស្រឡូនស្អាតមិនមែនជាការងាយស្រួលនោះទេ ក៏ប៉ុន្តែមិនពិបាកខ្លាំងពេកទេប្រសិនបើយើងដឹងក្បួនក្នុងការថែរក្សាវា អ្វីដែលសំខាន់គឺយើងត្រូវការរបបអាហារដែលត្រឹមត្រូវ បូកផ្សំនិងលំហាត់ប្រាណប្រចាំថ្ងៃផងដែរ។
ក្នុងនោះ កញ្ញាបញ្ជាក់ថា កញ្ញាមានទម្លាប់ញ៉ាំអាហារដែលមានរសជាតិសាប មិនផ្អែម មិនប្រៃ និងមានទម្លាប់ក្នុងការញ៉ាំទឹកច្រើន ( ២លីត្រក្នុងមួយថ្ងៃ) ដើម្បីឱ្យរាងកាយទទួលបានជាតិទឹកគ្រប់គ្រាន់និង ធ្វើឱ្យស្បែកមានណើម និងជាពិសេសញ៉ាំទឹកមុនញ៉ាំអាហារដើម្បីកាត់បន្ថយចំណង់អាហារ។ ចំពោះ អាហារពេលព្រឹកគឺ កញ្ញាតែងតែងញ៉ាំនំប៉័ង ទម្លាប់ធ្វើអាហារពេលព្រឹកដោយខ្លួនឯងដែលមានបន្លែ ផ្លែឈើ និងទឹកផ្លែឈើស្រស់ សម្រាប់សម្រន់ក្រពះនាពេលព្រឹក។ ចំណែកអាហារថ្ងៃត្រង់ ជានិច្ចកាលញ៉ាំបាយ ឬ សាឡាត់បន្លែបៃតង ដែលអាហារភាគច្រើនគឺមិនសូវមានជាតិខ្លាញ់ ឬ ប្រភេទសាច់ដែលមានជាតិខ្លាញ់នោះទេ ពីព្រោះវាអាចធ្វើឱ្យដុះក្បាលពោះធ្វើឱ្យធាត់លឿន។
បន្ថែមពីនេះ សម្រាប់អាហារពេលល្ងាច ត្បិតតែកញ្ញាចូលចិត្តចេញទៅញ៉ាំអាហារខាងក្រៅក៏ដោយ ក៏ប៉ុន្តែ ភាគច្រើនគឺជាអាហារដែលមិនមែនជាសាច់ក្រហម ឬ សាច់ដែលជាប់ខ្លាញ់នោះទេ ចំពោះអាហារទាំង៣ពេល គឺពិតជាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងមុននឹងសម្រេចចិត្តញ៉ាំ។
បងស្រី កញ្ញា គង្កា បញ្ជាក់ថា” ក្នុងការថែរូបរាងឱ្យស្រឡូនស្អាតមិនអាចពឹងលើអាហារតែមួយមុខទេ ដ្បិតតែអាហារជាផ្នែកធំមួយដែលជួយថែឱ្យរូបរាងយើងមិនឡើងគីឡូក៏ដោយ ក៏ប៉ុន្តែចង់បានរូបរាងដែលស្រឡូន ស្រស់ស្អាតមានសាច់ហាប់ណែន គឺត្រូវការហាត់ប្រាណបន្ថែមទើបបាន”។ ដូចនេះ ក្រៅពីការញ៉ាំអាហារ បងស្រី គង្កាបានង្កើតទម្លាប់ក្នុងហាត់ប្រាណរបស់ខ្លួន ដោយការរត់ពេលព្រឹក ការហែលទឹក និងការធ្វើសកម្មភាព យូហ្គា( Yoga) យ៉ាងតិច៥០នាទី ដើម្បីឱ្យរាងកាយបានបញ្ចេញជាតិញើស។ បងស្រី គង្កា ប្រាប់ថាការធ្វើលំហាត់ប្រាណ គឺអាចជួយឱ្យស្បែកតឹងហាប់ណែនល្អ ហើយបានបញ្ចេញជាតិញើសបណ្ដេញជាតិពុលចេញពីរាងកាយ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ស្បែកភ្លឺថ្លាពីខាងក្នុង ។
គួរបញ្ជាក់ថា សម្រាប់ការថែរក្សារូបរាងនេះមិនមែនតែចំពោះកញ្ញា គង្កានោះទេ សូម្បីតែកញ្ញា ចិត្ត កញ្ចនា ក៏បានចែករំលែកពីក្បួនសម្រកគីឡូដែលមានរូបមន្តស្រដៀងគ្នានឹង បងស្រី ចាន់ គង្កាផងដែរ ។ ដូចនេះ សម្រាប់បងប្អូនប្រិយមិត្តដែលកំពុងចង់សម្រកគីឡូ និងចង់ស្វែងយល់ពីការថែរក្សារាងតាមបែបតារាល្បីៗនៅស្រុកខ្មែរ អាចយកគំរូពួកគាត់ និងអនុវត្តតាមក្បួននេះបាន។
អត្ថបទដោយ៖ Tek Sitha