នៅក្នុងអំឡុងពេលកូវីដ‑១៩នេះ សាលារដ្ឋ និងឯកជនបានផ្អាកការបង្រៀនបណ្ដោះអាសន្ន ដែលធ្វើឱ្យកូនៗរបស់អ្នកមិនបានរៀនសូត្រ ដែលបែបនេះហើយអំឡុងពេលឪពុកម្ដាយនៅផ្ទះជាមួយកូនៗ ហើយឪពុកម្ដាយជាទូទៅតែងចោទសំណួរសួរថា “តើឪពុកម្ដាយអាចដើរតួជាគ្រូបង្រៀនកូនបានដែរឬទេ?” ឬ “តើឪពុកម្ដាយត្រូវជួយកូនបែបណាបើមិនចេះបង្រៀនដូចអ្នកគ្រូផង?
ជាការពិត អ្នកគ្រូ ឆ្លម វត្តី មានតួនាទីជា នាយិការង សាលារៀនបញ្ញវន្ដអង្គរ ទីតាំងក្រុងកំពង់ឆ្នាំង (The Angkor Intellectual Academy) ដែលមានបទពិសោធន៍អប់រំកុមារតូចជាង១០ឆ្នាំ អ្នកគ្រូបានមានប្រសាសន៍ថា គន្លឹះក្នុងការចិញ្ចឹមកូនដោយភាពឆ្លាតវៃ (Positive Parenting) ហើយអាចជួយកូនៗឱ្យមានភាពជោគជ័យក្នុងការសិក្សាមិនមែនស្ថិតនៅលើចំណេះដឹងរបស់ឪពុកម្ដាយតែមួយមុខនោះទេតែវាជាការចេះបែងចែកពេលវេលា ការផ្ដល់នូវក្ដីស្រលាញ់ សម្ភារ និងការជួយលើកទឹកចិត្តដើម្បីឱ្យពួកគេទទួលបាននូវការអប់រំមួយដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ (Well-rounded Education) ដែលនេះជាស្តង់ដានៃការអប់រំនៅសាលារៀនបញ្ញវន្តអង្គរ។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកអាណាព្យាបាលត្រូវដឹង និងអនុវត្តក្នុងការជួយបង្រៀន និងអប់រំកូនៗនៅផ្ទះ ជាពិសេសក្នុងបរិបទកូវីដ‑១៩ ដែលតម្រូវឱ្យសិស្សានុសិស្សទាំងអស់សិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិចនៅតាមផ្ទះ៖
១. បង្កើតទម្លាប់ប្រចាំថ្ងៃ
អ្នកគ្រូ ឆ្លម វត្តី បានរៀបរាប់ថា ទម្លាប់ជាផ្នែកមួយដែលកុមារត្រូវអនុវត្តជារៀងរាល់ថ្ងៃ ហើយទម្លាប់មួយចំនួនធំអាចនឹងក្លាយទៅជាអត្តចរិតដែលនឹងនៅជាប់ជាមួយកូនៗពេញមួយជីវិតនៅពេលដែលគេក្លាយជាមនុស្សធំ។ ឪពុកម្ដាយត្រូវរៀបចំកាលវិភាគប្រចាំថ្ងៃដោយរៀបចំតារាងពេលវេលាចាប់តាំងពីពេលក្រោកពីគេង រហូតដល់ពេលចូលគេងវិញដោយរួមមាន៖ ពេលទទួលទានអាហារត្រឹមត្រូវ ពេលសម្រាក ពេលលេង ពេលរៀន ពេលធ្វើកិច្ចការសាលា និងការជួយកិច្ចការផ្ទះខ្លះៗផងដែរ។ ការកំណត់ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចក៏គួរតែដាក់ក្នុងទម្លាប់ប្រចាំថ្ងៃដែរថាតើកុមារអាចប្រើប្រាស់វាក្នុងកម្រិតណា និងប៉ុន្មានម៉ោងក្នុងមួយថ្ងៃដើម្បីជៀសវាងផលប៉ះពាល់ទាំងផ្នែកសុខភាព និងស្មារតីទៅថ្ងៃអនាគត។
២. បង្រៀនពីទំនួលខុសត្រួវ និងការធ្វើកិច្ចការដោយភាពឯករាជ្យ
ត្រង់ចំណុចនេះ អ្នកគ្រូ ឆ្លម វត្តី បានមានប្រសាសន៍ថា បន្ទាប់ពីការបង្កើតទម្លាប់ ឪពុកម្ដាយមានតួនាទីមួយទៀតគឺការបង្រៀនកូនពីការទទួលខុសត្រូវក្នុងការអនុវត្តទម្លាប់ដែលបានរៀបចំរួចដូចខាងលើ។ ការបង្រៀនកូនឱ្យមានទំនួលខុសត្រូវចាប់ផ្ដើមពីការតាមដានរបស់ឪពុកម្ដាយនៅលើកិច្ចការរបស់កុមារដោយត្រូវឱ្យពួកគេដឹងពីអ្វីដែលគាត់ត្រូវធ្វើ ហើយពួកគេត្រូវតែបំពេញឱ្យបានរួចរាល់ទៅតាមកាលកំណត់របស់កិច្ចការនីមួយៗ មុននឹងចាប់យកកិច្ចការមួយទៀតមកធ្វើ។ មួយវិញទៀតអ្នកអាណាព្យាបាលគួរបង្រៀនកុមារឱ្យមានភាពឯករាជ្យ ដោយជៀសវាងការជួយជ្រោមជ្រែង និងហួងហែងហួសកម្រិត។ វាជាការល្អដែលឪពុកម្ដាយគួរដាក់ការងារស្រាលៗឱ្យពួកគេបំពេញដោយខ្លួនឯងចាប់ពីការកិច្ចតូចៗដែលមានជាដំណាក់កាលក្នុងការបំពេញដូចជា ការបត់ភួយ រួចយកវាទៅទុក ការស្លៀកពាក់ដោយខ្លួនឯង ការរៀបចំ និងការថែរក្សាសម្ភារសិក្សា និងការជួយរៀបចំចានស្លាបព្រាបាយបន្ទាប់ពីញុំាអាហាររួចជាដើម ។ល។
៣. បង្កើតបរិយាកាសរៀនសូត្រដែលមានផាសុខភាព និងសម្ភារគ្រប់គ្រាន់
អ្នកគ្រូ ឆ្លម វត្តី បានបញ្ជាក់ថា វាជាទំនួលខុសត្រូវរបស់ឪពុកម្ដាយគ្រប់រូបក្នុងការផ្ដល់ទីកន្លែងរស់នៅ និងសម្ភារគ្រប់គ្រាន់ក្នុងការរស់នៅសម្រាប់កូនៗ។ ហើយរឿងមួយដែលគួរយកចិត្តទុកដាក់ខ្ពស់គឺការផ្ដល់ និងរៀបចំកន្លែងសិក្សាសមស្របមួយសម្រាប់កូនៗ។ ឪពុកម្ដាយគួររៀបចំបន្ទប់មួយដាច់ដោយឡែក មានបរិយាកាសល្អ និងគ្មានសម្លេងរំខានក្នុងអំឡុងពេលសិក្សា ជាពិសេសពេលកូនរៀនតាមប្រព័ន្ធអនឡាញ។ ម្យ៉ាងវិញទៀតគួរបង្រៀនកូនៗឱ្យចេះរៀបចំសម្ភារសិក្សា ដោយដាក់សម្ភារទាំងនោះនៅក្បែរដៃពេលរៀន ជៀសវាងការរត់រកនៅពេលត្រូវការដែលនាំឱ្យខាតពេលវេលា។
៤. បង្ហាញការលើកទឹកចិត្ត និងភាពអត់ធ្មត់
អ្នកគ្រូ ឆ្លម វត្តី បន្ដបញ្ជាក់ថា ការអប់រំមួយដែលល្អទាមទារការលើកទឹកចិត្ត និងភាពអត់ធ្មត់ខ្ពស់របស់អ្នកអាណាព្យាបាល។ រាល់កិច្ចការរបស់កូនត្រូវបង្រៀនឱ្យគាត់ដឹងថាតែងតែទទួលផលពីយ៉ាងគឺជោគជ័យ និងបរាជ័យ ហើយឆ្លៀតពេលនេះបង្រៀនឱ្យកុមារចេះអបអរពីភាពជោគជ័យរបស់ខ្លួន និងអ្នកដទៃ។ ចំពោះការបរាជ័យកុមារត្រូវរៀនទទួលយក និងគ្រប់គ្រងអារម្មណ៍ចំពោះលទ្ធផល និងស្ថានការផ្សេងៗ។ ពេលគាត់ធ្វើបានល្អចាំបាច់ត្រូវសរសើរឬឱ្យរង្វាន់ តែពេលដែលកុមារបង្កើតកំហុស ត្រូវជៀសវាងការស្ដីបន្ទោសដែលអាចនាំឱ្យកុមារបាក់ទឹកចិត្ត។ រាល់កំហុសជាលទ្ធផលដែលចេញពីការខិតខំប្រឹងប្រែង ហើយកុមារត្រូវតែទទួលដឹង និងរៀនកែតម្រូវបន្តិចម្ដងៗ។
៥. បណ្តុះទម្លាប់អាន និងការសិក្សាពេញមួយជីវិត
អ្នកគ្រូ ឆ្លម វត្តី បានប្រាប់ថា ទម្លាប់អានសៀវភៅជាជំនាញមួយដែលជួយឱ្យកុមារចេះសិក្សាដោយឯករាជ្យ ហើយបន្តសិក្សាស្រាវជ្រាវពេញមួយជីវិត។ ក្នុងផ្ទះគួរមានបណ្ណាល័យមួយដែលដាក់ដោយសៀវភៅផ្សេងៗ។ ក្នុងករណីផ្ទះតូចមិនអាចមានបន្ទប់ អ្នកអាចរៀបចំជាទូសៀវភៅដាក់ក្នុងបន្ទប់ទទួលភ្ញៀវ ឬកន្លែងអង្គុយលេង។ ទោះជារវល់យ៉ាងណា អ្នកអាណាព្យាបាលគួរឆ្លៀតពេល២០នាទី ទៅ១ម៉ោងក្នុងមួយថ្ងៃ ដើម្បីអានសៀវភៅ ឬរៀបចំជាសកម្មភាពនិទានរឿងផ្សេងៗសម្រាប់កូនៗ។ សកម្មភាពនេះមិនត្រឹមតែជួយឱ្យកុមារបានរៀនសូត្រទេ ថែមទាំងបានបង្កើនទំនាក់ទំនងល្អនៅក្នុងគ្រួសារថែមទៀតផង។ លើសពីនេះដោយសារការជឿនលឿននៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ការអានសៀវភៅក៏អាចធ្វើទៅបានតាមរយៈអនឡាញផងដែរ។ ឧទាហរណ៍៖ នៅសាលារៀនបញ្ញវន្ដអង្គរមានដាក់ឱ្យសិស្សប្រើប្រាស់កម្មវិធី Raz-Kids ដែលជាកម្មវិធីអានអនឡាញទិញមកពីសហរដ្ឋអាម៉េរិក។ កម្មវិធីនេះអនុញ្ញាតឱ្យសិស្សហ្វឹកហាត់ និងបណ្ដុះទម្លាប់នៃការអានសៀវភៅដោយខ្លួនឯង និងអភិវឌ្ឍជំនាញស្ដាប់ អាន និងឆ្លើយសំណួរតាមរយៈសៀវភៅរាប់ពាន់ក្បាលដែលត្រូវបានផ្ទុកនៅក្នុងកម្មវិធីនោះ។
ជាចុងក្រោយ អ្នកគ្រូ ឆ្លម វត្តី បានបញ្ជាក់បន្ថែមថា សូមឪពុកម្ដាយដែលប្រឈមមុខនឹងការជួយបុត្រធីតានៅផ្ទះ ក្នុងអំឡុងពេលកូនរៀននៅសាលា ឬក៏រៀននៅផ្ទះតាមប្រព័ន្ធអេឡិចត្រូនិចក៏ដោយ អ្នកអាណាព្យាបាលទាំងអស់គួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើការបណ្ដុះទម្លាប់ប្រចាំថ្ងៃ ទំនួលខុសត្រូវរបស់កូនៗ និងបរិយាកាសជុំវិញខ្លួន ជាពិសេសអាកប្បកិរិយារបស់ឪពុកម្ដាយដែលជាគំរូសម្រាប់កូនៗ។ ឥរិយាបទវិជ្ជមានរបស់អ្នកអាណាព្យាបាលនឹងក្លាយទៅជាគន្លឹះមួយដែលអាចជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យនៅក្នុងការសិក្សារបស់ពួកគេ។ ត្រូវចាំថាកូវីដ-១៩មិនមែនជាឧបសគ្គរារាំងការសិក្សារៀនសូត្ររបស់បុត្រធីតាលោកអ្នកទេ តែភាពព្រងើយកន្តើយ និងមិនអើពើរបស់ឪពុកម្ដាយទៅវិញទេដែលជាបញ្ហាដ៏ធំបំផុតក្នុងការបន្ថយ និងរារាំងដល់ការរីកលូតលាស់របស់កូនៗ។
អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍

