ជំងឺមហារីកថ្លើមដំណាក់កាលទី៤ គឺស្ថិតក្នុងស្ថានភាពមួយធ្ងន់ធ្ងរ ដោយដុំមហារីក បានរីករាលដាលពីសរីរៈថ្លើម ទៅដល់ប្រព័ន្ធការពាររាងកាយ និងសរីរៈផ្សេងៗទៀត។ ក្នុងដំណាក់កាលដំបូងៗ ជំងឺមហារីកថ្លើម កម្រចេញសញ្ញា និងរោគសញ្ញា នាំឲ្យគ្រូពេទ្យ ឬអ្នកជំងឺចាប់អារម្មណ៍ដឹងខ្លួនណាស់ ។
ក្នុងដំណាក់កាលបន្តបន្ទាប់ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ជាពិសេសក្នុងកម្រិតទី៤ ជំងឺមហារីកថ្លើម នឹងចេញសញ្ញា និងរោគសញ្ញាមួយចំនួន ដែលលោកអ្នកអាចកត់សម្គាល់បាន នេះបើយោងតាម គេហទំព័រ verywellhealth.com ។
សញ្ញា និងរោគសញ្ញារួមមាន៖ អ្នកជំងឺមានឈឺក្នុងពោះ មានទឹកដក់ក្នុងស្រោមពោះ(ពោះមើលទៅប៉ោងធំខុសធម្មតា) មិនឃ្លានអាហារ មានអារម្មណ៍ថាឆាប់ឆ្អែតទោះបានញ៉ាំអាហារបន្តិចបន្តួចក៏ដោយ មានរមាស់ស្បែកពេញខ្លួន ថ្លើមរីកធំ អ្នកជំងឺក្អួតចង្អោរ ឧស្សាហ៍ឈឺស្មាផ្នែកខាងស្ដាំ អណ្ដើករីកធំ និងស្រកទម្ងន់ -ល-។
ករណីខ្លះ ជំងឺមហារីកថ្លើម បានផលិតអ័រម៉ូនមួយចំនួន ហើយអ័រម៉ូនទាំងនោះ បានបង្កឲ្យ មានសញ្ញា និងរោគសញ្ញា ដែលហាក់មិនជាប់ពាក់ព័ន្ធនឹងជំងឺថ្លើម ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សរីរៈផ្សេងៗ និងដំណើរការរបស់រាងកាយទាំងមូលផងដែរ ។
សញ្ញា និងរោគសញ្ញាទាំងនោះរួមមាន៖ ចំពោះបុរស ដោះរីកធំខុសធម្មតា ចំណែកពងស្វាសប្រែជារួញខ្លី ឡើងចំនួនគ្រាប់ឈាមក្រហមខុសធម្មតា មានឡើងជាតិខ្លាញ់ មានឡើងជាតិកាល់ស្យូម( នាំឲ្យអ្នកជំងឺខ្សោយ ទល់លាមក និងមានបញ្ហាសាច់ដុំ) និងកម្រិតជាតិស្ករក្នុងចរន្ដឈាមចុះទាបជាងធម្មតា ។
មូលហេតុបង្កអាចបណ្ដាលពី ជំងឺរលាកថ្លើមប្រភេទ B ជំងឺរលាកថ្លើមប្រភេទC ជំងឺក្រិនថ្លើម(ភាគច្រើនបណ្ដាលមកពីការផឹកស្រាច្រើន លើសកម្រិតរយៈពេលយូរ) ការប្រើប្រាស់ថ្នាំលើសកម្រិត មិនបានត្រឹមត្រូវរយៈពេលយូរ និងប្រភេទជំងឺ autoimmune -ល-។
ការព្យាបាល៖ ជំងឺមហារីកថ្លើមដំណាក់កាលទី៤ មិនអាចត្រូវបានព្យាបាល ឲ្យជាសះស្បើយបានទេ គ្រូពេទ្យជំនាញ បានត្រឹមព្យាបាល ដើម្បីបន្ថយរោគសញ្ញាតែប៉ុណ្ណោះ។ ការព្យាបាល អាចធ្វើឡើងតាមរយៈការប្រើប្រាស់ថ្នាំ និងការបាញ់កាំរស្មី ដើម្បីសម្លាប់កោសិកាមហារីក៕
អត្ថបទដោយ៖ ហួ ភារ៉ា