ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់នេះបើយោងតាមរយៈការចែករំលែករបស់មន្ទីរពេទ្យកាល់ម៉ែត។
ចំពោះមូលហេតុមួយចំនួនដែលបង្កឱ្យប្រឈមជាមួយជំងឺខ្សោយបេះដូងគឺមានច្រើនណាស់ ដូចជា៖
-ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់ដុំបេះដូង ជំងឺលើសឈាម ឬលើសសម្ពាធឈាម ជំងឺខូចប្រើសបេះដូង ជំងឺវិបត្តិសាច់ដុំបេះដូង និងរលាកសាច់ដុំបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ នឹងអ្នកមានជំងឺបេះដូងពីកំណើតផងដែរ។
-អ្នកមានជំងឺប្រចាំកាយដែលមិនបានព្យាបាលឱ្យបានត្រឹមត្រូវ (ទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺពកក ជំងឺអេដស៍)
-អ្នកចូលចិត្តផឹកស្រាច្រើនក៏ប្រឈមបញ្ហាខ្សោយបេះដូងដូចគ្នារួមមានកត្តាជាច្រើនទៀត។
ចំពោះរោគសញ្ញានៃជំងឺខ្សោយបេះដូង ដើម្បីចង់ការពារខ្លួនអ្នកអ្នកជំងឺខ្សោយបេះដូងជាដំបូងគួរដឹងពីរោគសញ្ញានៃជំងឺនេះជាមុនសិន៖
- ក្អកជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម
-ឧស្សាហ៍អស់កម្លាំងល្ហិតល្ហៃ ជារឿយៗ
-ហត់ៗពិបាកដកដង្ហើម ពេលនៅស្ងៀម ពេលធ្វើចលនាឬក៏ពេលគេងផ្ញារ
-ហើមជើងហើមដៃ
-ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ខុសធម្មតា។
តើធ្វើដូចម្ដេចទៅដើម្បីការពារជំងឺខ្សោយបេះដូង? ដើម្បីការពារសុខភាពអ្នកចៀសវាងជំងឺបេះដូងគឺអ្នកត្រូវតែព្យាយាមកាត់បន្ថយកត្តាដែលធ្វើឱ្យអ្នកងាយនឹងកើតជំងឺនេះដូចជា៖
-កាត់បន្ថយរបបអាហារដែលប្រៃ ផ្អែម អាហាសម្បូរខ្លាញ់អាក្រក់ អាហារសម្បូរកាបូអ៊ីដ្រាត អាហារកែច្នៃ កាត់បន្ថយការផឹកស្រាជាប្រចាំថ្ងៃ ឈប់ជក់បារី ។ តែកែប្រែមកញុំាអាហារល្អចំពោះសុខភាពរបស់បេះដូងវិញ មានដូចជា បន្លែ ផ្លែឈើ ត្រី ស៊ុតជាដើម។
-កាត់បន្ថយអារម្មណ៍ស្រ្តេស តានតឹងជាប្រចាំថ្ងៃ
-រក្សាគីឡូឱ្យបានល្អ កុំឱ្យធាត់ពេកឬក៏ស្គមពេក
-ព្យាយាមហាត់ប្រាណឱ្យបានត្រឹមត្រូវ និងទៀតទាត់ហាត់ជាប្រចាំកាន់តែល្អ
-ចំណុចសំខាន់១ទៀតគឺព្យាយាមព្យាបាលជំងឺប្រចាំកាយរបស់អ្នកដូចជាជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម។មួយវិញទៀត យោងតាមរយៈការចែករំលែករបស់ លោកវេជ្ជបណ្ឌិត ភួង សុភ័ក្រ្ត ឯកទេសជំងឺបេះដូង និងសរសៃឈាម បម្រើការនៅមន្ទីរសម្រាកព្យាបាលឯកទេសបេះដូង ហេមេត និងនៅផ្នែកសង្រ្គោះបន្ទាន់បេះដូងកម្រិតធ្ងន់ ប្រចាំការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើការចែករំលែកមកកាន់ចាបបៃតងថា ក្រុមមនុស្សដែលមានងាយនិងប្រឈមមានបញ្ហាបេះដូង ដូចជាជំងឺស្ទះសរសៃឈាមបេះដូង គឺ កត្តាអាយុ ធាត់លើសទម្ងន់ខ្លួន អ្នកជក់បារី អ្នកមិនសូវមានសកកម្មភាពច្រើនមិនសូវធ្វើលំហាត់ប្រាណ ដូចជាអ្នកអង្គុយធ្វើការច្រើនម៉ោង អ្នកដែលមានប្រវត្តិក្រុមគ្រួសារកើតជំងឺស្ទះសរសៃឈាម អ្នកមានជំងឺប្រចាំកាយ (លើសឈាម ទឹកនោមផ្អែម ជំងឺលើសខ្លាញ់) ។
មួយវិញទៀតរួមទាំងកត្តាហូបចុកប្រចាំថ្ងៃ ញុំាអាហារមិនអំណោយផលដល់សុខភាព ដូចជាអាហារប្រៃខ្លាំង អាហារកែច្នៃ អាហារខ្លាញ់ច្រើន គ្រឿងស្រវឹងលើសកំណត់ អាហារនិងភេសជ្ជៈផ្អែមៗ(ភេសជ្ជៈប៉ូវកម្លាំង) សុទ្ធសឹងអាហារដែលនាំឱ្យមានកត្តាជំងឺស្ទះសរសៃឈាមបេះដូង និងសុទ្ធសឹងជាកត្តាជម្រុញ និងកត្តាប្រឈមកើតជំងឺស្ទះសរសៃឈាមបេះដូង ដែលបងប្អូនគួរតែប្រយ័ត្នជាមួយរបបអាហារទាំងនោះ ព្យាយាមកាត់បន្ថយឱ្យបានច្រើន នូវអាហារដែលមិនអំណោយផលសម្រាប់សុខភាពកាន់តែច្រើន កាន់តែល្អ។
ដូច្នេះហើយប្រសិនណាបងប្អូន បានដឹងខ្លះពីរោគសញ្ញានិងកត្តាបង្កជាជំងឺនេះ សូមធ្វើការចៀសវាង និងព្យាយាមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ជាពិសេសប្រសិនណាមានការសង្ស័យអាការណាមួយលើខ្លួនឯងគួរតែប្រញាប់ទៅជួបពេទ្យជំនាញ ដើម្បីធ្វើរោគវិនិឆ្ឆ័យ និងទទួលការព្យាបាលជាមួយពេទ្យឱ្យបានត្រឹមត្រូវ៕