សត្វឆ្កែ គឺជាថនិកសត្វដ៏គួរឱ្យស្រលាញ់ស្មោះត្រង់មួយប្រភេទដែលមនុស្សរាល់គ្នាស្រលាញ់ និងចូលចិត្តចិញ្ចឹម។ ប៉ុន្តែគួរឱ្យសោកស្ដាយជាខ្លាំងដែលយើងគ្រប់គ្នាដឹងហើយថា មនុស្សមួយក្រុមតូចបានបរិភោគសាច់ឆ្កែជាចំណីអាហារ។ តើការបរិភោគសាច់ឆ្កែអាចបង្កគ្រោះថ្នាក់ដល់សុខភាពដែរឬទេ?
បើយោងតាមប្រភព VNEXPRESS-NET បានចុះផ្សាយផងដែរថា មនុស្សមិនគួរបរិភោគសាច់ឆ្កែជាអាហារនោះទេ ពីព្រោះសាច់ឆ្កែគ្មានជីវជាតិ ឬប៉ូវកម្លាំងដូចមនុស្សគ្រប់បានគិតនោះទេ។ ផ្ទុយទៅវិញ ការបរិភោគសាច់ឆ្កែអាចបង្កហានិភ័យចំពោះមនុស្សទៅវិញ ដោយសារតែនៅក្នុងសាច់ឆ្កែមានផ្ទុកពពួកដង្កូវប៉ារ៉ាស៊ីតម្យ៉ាងមានឈ្មោះថា Toxocara canis ដែលអាចបណ្ដាលឱ្យអ្នកដែលបរិភោគប្រឈមមុខនឹងការងងឹតភ្នែក រលាកសាច់ដុំបេះដូង និងប៉ះពាល់ដល់ផ្លូវដង្ហើម។
មិនតែប៉ុណ្ណោះទេ បើយោងតាមប្រភព ANIMAL WELFARE INSTITUTE បានចុះផ្សាយផងដែរថា ការបរិភោគសាច់ឆ្កែអាចធ្វើឱ្យអ្នកប្រឈមនឹងការឆ្លងប៉ារ៉ាស៊ីត E. Coli 107 និង salmonella(ប៉ារ៉ាស៊ីតទាំងនេះត្រូវបានរកឃើញនៅក្នុងសាច់ឆ្កែ)។ ប៉ារ៉ាស៊ីតទាំងនេះនឹងបង្កឱ្យអ្នកបរិភោគងាយក្នុងការឆ្លងបាត់តេរីធ្ងន់ធ្ងរ និងកើតជំងឺរលាកថ្លើមទៀតផង។
បើយើងក្រឡេកមកមើលប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសស៊ីវីល័យក៏ធ្លាប់មានប្រពៃណីនិងទំនៀមទម្លាប់បរិភោគសាច់ឆ្កែជាអាហារដែរ ប៉ុន្តែបច្ចុប្បន្ននេះគ្រប់យ៉ាងនៅប្រទេសកូរ៉េត្រូវបានផ្លាស់ប្ដូរ គេឈប់បរិភោគ។ នៅក្នុងឆ្នាំ ២០១៦ គេបានធ្វើការស្ទង់មតិរកឃើញថា នៅក្នុងចំណោមយុវជនកូរ៉េខាងត្បូង៦០%មិនបរិភោគសាច់ឆ្កែនោះទេ ផ្ទុយទៅវិញពួកគេបានទុកសាច់ឆ្កែជាមិត្ត មិនមែនជាអាហារ។
ដូច្នេះអ្នកគួរតែបញ្ឈប់ការបរិភោគសាច់ឆ្កែ ប្ដូរមកបរិភោគសាច់គោ សាច់ជ្រូក សាច់មាន់វិញ ទើបមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ។ មួយវិញទៀត ហេតុអ្វីបានជាអ្នកបរិភោគសាច់ឆ្កែ? បើយោងតាមការចុះផ្សាយរបស់ VNEXPRESS-NET បានឱ្យដឹងថា សត្វឆ្កែគឺជាសត្វដែលមានភាពវៃឆ្លាត និងស្មោះត្រង់បំផុតចំពោះម្ចាស់វា។ ដូច្នេះអ្នកមិនគួរបរិភោគនោះទេ៕
អត្ថបទដោយ៖ Daddy_Rath