ម៉ាក់ៗថ្មីថ្មងក្ដី ម៉ាក់ធ្លាប់សម្រាកកូនហើយក្ដី តែងតែមានកង្វល់ពីសុខភាពរបស់ខ្លួនក៏ដូចជាកូនក្នុងផ្ទៃ។ មែនទែនទៅម៉ាក់ៗគ្រប់រូបគួរតែ ធ្វើចិត្តឱ្យសប្បាយៗកុំព្រួយភ័យខ្លាំងពេក ព្រោះអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះងាយនឹងប៉ះទង្គិចណាស់។ គ្រាន់តែពិនិត្យសុខភាពឱ្យបានទៀងទាត់ ញ៉ាំអាហារល្អៗឱ្យបានច្រើន នោះមិនងាយមានបញ្ហាអ្វីកើតឡើងនោះទេ។ ស្ត្រីមានផ្ទៃពោះត្រូវការឱ្យរាងកាយរឹងមាំ មានកម្លាំង ថាមពល ជាពិសេសពេលកៀកជិតថ្ងៃសម្រាល។
សម្រាប់ម៉ាក់ចង់រក្សាសុខភាពឱ្យបានល្អ ឱ្យរាងកាយមានថាមពលពេញលេញ មានកម្លាំង ងាយស្រួលក្នុងការសម្រាលកូន ផ្អែកតាមគេហទំព័រ verywellfamily បានណែនាំថា គួរញ៉ាំអាហារទាំងនេះឱ្យបានច្រើន ល្អសម្រាប់ទាំងសុខភាពម្ដាយនឹងកូន៖
១ ប្រូតេអ៊ីន៖ អាហារដែលមានប្រូតេអ៊ីនល្អ ជួយជំនួសសុខភាពស្ត្រី ពិសេសពេលសម្រាលកូន។ ប្រូតេអ៊ីនសំខាន់ៗដែលម៉ាក់ៗគួរញ៉ាំអំឡុងពេលជិតសម្រាល មានដូចជាពពួកទឹកដោះគោ យ៉ាអ៊ួរ ឈីស គ្រាប់ធម្មជាតិក្រឡុក(ប្រភេទគ្រាប់ធម្មជាតិសុទ្ធដែលមិនឆ្លងកាត់ការចម្រាញ់ច្រើន) ប្រូតេអ៊ីនក្រឡុកដែលមាន ផ្លែឈើ លាយទឹកដោះស្រស់ និងគ្រប់ធញ្ញជាតិជាដើម។ ប្រភេទអាហារទាំងនេះ ត្រូវការរក្សាក្នុងសីតុណ្ហភាពត្រជាក់ ហេតុនេះបើម៉ាក់ៗទិញទុក គួរព្យាយាមរក្សាទុកក្នុងទូរទឹកកកឱ្យបានត្រឹមត្រូវ ចៀសវាងការខូចគុណភាព ប៉ះពាល់សុខភាព។
២ កាបូហាយដ្រេត Carbohydrates៖ កាបូហាយដ្រេតឬកាបូកអ៊ីត្រាត វាមានល្អនិងអាក្រក់។ កាបូហាយដ្រេតល្អ វានឹងជួយឱ្យម៉ាក់ៗមានកម្លាំង រក្សាថាមពលបានយូរ ជាហេតុធ្វើឱ្យងាយស្រួលក្នុងការសម្រាលកូន។ កាបូហាយដ្រេតល្អ វាមាននៅក្នុងធម្មជាតិ ដែលមានក្នុងនៅបន្លែបៃតង អង្ករសម្រូប ពពួកដំឡូង ពោត ក្រុមសណ្ដែក ប្រភេទនំបុ័ងធ្វើពីអង្ករសម្រូប ឬស្រូវសាឡីធម្មជាតិមិនចម្រាញ់ច្រើន ផាស្ដារធ្វើពីស្រូវសាឡី១០០% គ្រប់ធញ្ញជាតិធម្មជាតិ ដែលមិនឆ្លងកាត់ការចម្រាញ់ច្រើន និងពពួកផ្លែឈើជាដើម។ គួរចៀសវាងកុំញ៉ាំច្រើន នូវកាបូហាយដ្រេតដែលចម្រាញ់អស់ ដូចជាបាយស នំបុ័ងធ្វើពីម្សៅស(ម្សៅមី) ពពួកគេមី គុយទាវ ដែលធ្វើពីម្សៅមី នំធ្វើពីម្សៅច្រើនដែលបន្ថែមជាតិស្ករផ្អែមៗ ភេសជ្ជៈផ្អែមឬកំប៉ុងជាដើម។ អាហារដែលសម្បូរកាបូនហាយដ្រេតមិនល្អទាំងនេះ វាឆ្ងាញ់ដែលប៉ះពាល់សុខភាពទាំងម្ដាយនិងកូន ងាយធ្វើឱ្យកើតទឹកនោមផ្អែម លើសជាតិស្ករ និងជំងឺផ្សេងៗទៀតនៅថ្ងៃមុខ។
៣ ផ្លែឈើដែលក្រពះងាយរំលាយ៖ ម៉ាក់ៗគួរជ្រើសយកផ្លែឈើណាដែលក្រពះងាយរំលាយដូចជាចេក ត្រសក់ស្រូវ ទំពាំងបាយជូរ ពពួកផ្លែប៊ឺរី ដូចជាស្ត្រូបឺរី ប្លូបឺរី ឈើរី ផ្លែប័រជាដើម។ ម៉ាក់ៗក៏អាចយកផ្លែឈើទាំងនេះក្រឡុកចូលគ្នាធ្វើជាភេសជ្ជៈញ៉ាំផងដែរ ហើយមិនគួរបន្ថែមជាតិស្ករទេ។
៤ រក្សាជាតិទឹក៖ ម៉ាក់ត្រូវព្យាយាមញ៉ាំទឹកឱ្យបានច្រើនដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ ភេសជ្ជៈធម្មជាតិដែលសម្បូរអេឡិចត្រូវលីត្រសំខាន់ អាចជួយរក្សាជាតិទឹកបានល្អ គឺទឹកដូង។ ការញ៉ាំស៊ុបតៅហ៊ូ និងសារ៉ាយសមុទ្រ ក៏អាចជួយឱ្យរាងកាយរឹងមាំបានផងដែរ។ ម៉ាក់ៗគួរចៀសវាងការទទួលទានភេសជ្ជៈប៉ូវកម្លាំងកំប៉ុងផ្សេងៗ៕
អត្ថបទដោយ៖ Senghong