បុគ្គលខ្លះ ឆ្លងកូវីដ១៩ ព្យាបាលតែ២ទៅ៣ថ្ងៃ ជាសះស្បើយ ខណៈបុគ្គលខ្លះទៀតព្យាបាលដល់ទៅរាប់ខែទើបមានអាការធូរស្បើយ។ ហេតុផល គឺអាចដោយសារតែស្ថានភាពសុខភាពរបស់បុគ្គលម្នាក់ៗខុសគ្នា និងមានរបៀបក្នុងការមើលថែសុខភាពខុសៗគ្នាដែរ។ ហេតុនេះហើយ ថ្ងៃនេះចាបបៃតងសូមរម្លឹកឡើងវិញពីរបៀបប្រើថ្នាំព្យាបាលកូវីដ១៩ដោយខ្លួនឯងនៅផ្ទះ ថាគួរប្រើរបៀបណាទើបជាសះស្បើយវិញលឿនបំផុត តាមរយៈសារលិខិតរបស់ក្រសួងសុខាភិបាល។
អាកាសធាតុប្រែប្រួល មនុស្សម្នាឈឺច្រើន ខណៈអ្នកឆ្លងកូវីដក៏នៅបន្តមានជារៀងរាល់ថ្ងៃ។ ជាពិសេសអ្នកឆ្លងជំងឺផ្តាសាយ គួរតែតាមដាននិងតេស្តបន្ថែមដើម្បីប្រាកដចិត្តថាខ្លួនឯង ឆ្លងជំងឺផ្តាសាយមិនមែនកូវីដ។ ប៉ុន្តែប្រសិនបើមិនមែនឆ្លងផ្តាសាយ តែជាការឆ្លងវីរុសកូវីដ១៩ CDCបញ្ជាក់ថាអ្នកនឹងមានរោគសញ្ញាដូចជា គ្រុនក្តៅឬញាក់, ក្អក ,ដង្ហើមខ្លី ឬពិបាកដកដង្ហើម, អស់កម្លាំង, ឈឺសាច់ដុំឬរាងកាយ, ឈឺក្បាល, ការបាត់បង់រសជាតិឬក្លិនថ្មី, ឈឺក, ការកកស្ទះឬហៀរសំបោរ, ចង្អោរឬក្អួត និងរាគជាដើម។ រីឯក្នុងករណីធ្ងន់ធ្ងរមួយចំនួនទៀតនឹងលេចចេញនូវរោគសញ្ញាដូចជា ពិបាកដកដង្ហើម, មានការឈឺចាប់ជាប់រហូត ឬសម្ពាធក្នុងទ្រូង, មានភាពច្របូកច្របល់, អសមត្ថភាពក្នុងការភ្ញាក់, ស្បែកស្លេក ប្រផេះ ឬពណ៌ខៀវ បបូរមាត់ ឬក្រចកជាដើម។
សម្រាប់វិធីព្យាបាលដោយប្រើថ្នាំកូវីដដោយខ្លួនឯងវិញ ក្រសួងសុខាភិបាលកម្ពុជាធ្លាប់បានប្រកាសឱ្យដឹងថា គួរលេបឱសថម៉ូលណាទ្រីសសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ ឱសថនេះផងដែរ ត្រូវលេបក្រោយទទួលទានអាហាររួចឬពេលពោះទទេរ ហើយគួរលេបទាំងមូលជាមួយនឹងទឹកធម្មតា ដោយកុំកិន កុំបំបែកឬកុំទំពារថ្នាំ។ ចំនួននៃការលេប គឺអាចលេប១ថ្ងៃ២ដង ម្តងចំនួន៤គ្រាប់ រៀងរាល់១២ម៉ោងម្តង។ ករណីសង្ស័យណាមួយ សូមទាក់ទងទៅកាន់សេវាសុខាភិបាលដែលនៅជិតលោកអ្នកបំផុត។
ក្នុងអំឡុងពេលមានផ្ទុកវីរុសកូវីដនៅក្នុងរាងកាយ អ្នកជំងឺគួរតែញ៉ាំអាហារណាដែលផ្តោតទៅលើការពង្រឹងប្រព័ន្ធភាពស៊ាំឱ្យខ្លាំងឡើងវិញដូចជា ទឹកក្តៅ តែខ្ញីទឹកដោះគោ យ៉ាអ៊ួរ តែបៃតង ស៊ុត ខ្ទឹម។ លើសពីនេះ អាចបន្ថែមវីតាមីនD វីតាមីនC ដល់រាងកាយបន្ថែមទៀតដូចជាខ្ញី ម្រេច ផ្សិត ល្ពៅ ដំឡូង ក្រូច ត្រីសាម៉ុនជាដើម។ល។
ប្រសិនបើអ្នកមានផ្ទុកវីរុសកូវីដ១៩ ហើយមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម ដកដង្ហើមបានខ្លីៗ ឬហត់ វង្វេងស្មារតី បាត់បង់ស្មារតីឬសន្លប់ ត្រូវប្រញាប់ស្វែងរកគ្រូពេទ្យជាបន្ទាន់ ឬខលទៅ១១៥៕
សូមអានលិខិតលម្អិតដូចខាងក្រោមបន្ថែមទៀត
អត្ថបទដោយ៖ កញ្ញា លីហួយ