លោកអ្នកប្រាកដជាបានស្គាល់ហើយ តារាចម្រៀងស្រី Original Song កញ្ញា ចិត្ត កញ្ចនា ដែលជាតារាស្រីមួយរូបដែលធ្លាប់តែមានរូបរាងធាត់ មានសាច់ទ្រលុកទ្រលន់នោះ កាលពីម្សិលមិញនេះ តារារូបនេះបានបង្ហោះវីដេអូបង្ហាញប្រាប់ពីវិធីនៃការសម្រកទម្ងន់របស់ខ្លួន។
ជាការពិតណាស់ ការសម្រកគីឡូមិនមែនជាការងាយស្រួលនោះទេ ក៏ប៉ុន្តែអ្វីដែលរឹតតែអស្ចារ្យនោះគឺ តារារូបនេះបានសម្រកគីឡូស្រករហូតដល់ទៅ ១០គីឡូ ដែលក្នុងនោះនាងចំនាយពេលមិនដល់៩សប្ដាហ៍ផង។
នេះបើយោងតាម Facebook Page ផ្លូវការរបស់តារាចម្រៀងស្រុកខ្មែររូបនេះបានបង្ហោះវីដេអូក្នុងផេករបស់ខ្លួនដោយនិយាយរៀបរាប់យ៉ាងដូច្នេះថា៖ ការសម្រកគីឡូមិនមែនជាការងាយស្រួលនោះ ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែមានការតាំងចិត្តខ្ពស់ទើបអាចសម្រេចគោលដៅនៃការសម្រកគីឡូនេះបាន ។ តាមការពិតទៅ នាងខ្ញុំគឺតែងតែធ្វើរបបអាហារជាប្រចាំថ្ងៃសម្រាប់ខ្លួន ក្នុងនោះគឺមានដូចជា បន្លែ( ផ្កាខាត់ណា ប៉េងប៉ោះ ការ៉ុត ផ្សិត ) ហើយផ្លែឈើ ( ប៉ោម ចេក ស្រកានាគ ឪឡឹក ) ដែលអាចជូយសម្រួលដល់ការបន្ទរបង់ និងមិនមានជាតិកាល់ឡូរីខ្ពស់ឡើយ។
តារារូបនេះបានបន្តទៀតថា នៅពេលព្រឹក គឺនាងមានទម្លាប់ញ៉ាំទឹកក្ដៅមួយកែវ ឬ ច្របាច់ក្រូចឆ្មាជាមួយទឹកក្ដៅ និងស្ងោរស៊ុត២គ្រាប់ ក្នុងនោះនាងញ៉ាំពងមួយទាំងមូល និងមួយគ្រាប់ទៀតញ៉ាំតែពណ៌សតែប៉ុណ្ណោះ ហើយនាងព្យាយាមញ៉ាំដូចជា ចេក ប៉ោម ជំនួសវិញប្រសិនបើនាងមិនទាន់ឆ្អែត។
នាងបានបញ្ជាក់ថា អាហាររបស់នាង គឺមានរសជាតិសាប និងមិនមានប្រើប្រេងឆា ឬខ្លាញ់នោះទេ ប៉ុន្តែប្រសិនអាហារសាបពេកនោះនាងអាចប្រើ ទឹកស៊ីអ៊ីវ ឬប្រេងខ្យងបន្តិចបាន។ លើសពីនេះ នាងប្រាប់ថា ប្រសិនបើអាច សូមកាត់បន្ថយការប្រើប្រេងឆា ឬខ្លាញ់ ដោយព្យាយាមប្រើទឹកជំនួសវិញ ឬម្យ៉ាងទៀតអ្នកអាចប្រើជាមួយប្រេងអូលីវ ដែលវាមិនមានសារធាតុខូលេស្ដេរ៉ល់ ដែលធ្វើឱ្យយើងឡើងគីឡូឡើយ ហើយនាងតែងតែធ្វើបែបនេះ ៥ថ្ងៃក្នុង១អាទិត្យ ផុតពីនោះនាងអាចជ្រើសញ៉ាំដូចជាសាច់ត្រី និងប្រភេទសាច់ផ្សេងៗ។
ក្រៅពីរបបអាហារ៣ពេលដែលរៀបចំដោយខ្លួនឯងហើយនោះ នាងប្រាប់បន្តថា នាងតែងតែព្យាយាមហាត់ប្រាណ ។ ពីព្រោះគាត់ហាត់ប្រាណធ្វើឱ្យរាងកាយ និងសាច់ដុំឡើងកម្ដៅ ដូចនេះ វាអាចជួយដុតរំលាយជាតិខ្លាញ់នៅក្នុងខ្លួនបានល្អ និងជួយធ្វើឱ្យស្បែកតឹងណែនល្អ ជួយឱ្យបង្ហូរសរសៃឈាមរត់បានល្អផងដែរ។
នាងបន្ថែមថា តាមពិតទៅ ដើម្បីសម្រកគីឡូបាន គឺត្រូវផ្អែកលើរបបអាហារ៧០% និងការហាត់ប្រាណ៣០%ប៉ុណ្ណោះ។ លើសពីនេះការញ៉ាំទឹកក៏ជារឿងសំខាន់ក្នុងការជួយឱ្យអ្នកស្រកគីឡូផងដែរអញ្ចឹងហើយ ក្នុងមួយថ្ងៃនាងអាចញ៉ាំទឹកអស់ចាប់ពី១ ទៅ៣លីត្រ ប្រសិនបើនាងបានហាត់ប្រាណបន្ថែមទៀត។
ដូចនេះ ប្រសិនបើអ្នកចង់សម្រកគីឡូរបបអាហារប្រចាំថ្ងៃគឺជាជំហានទីមួយ ការហាត់ប្រាណជាជំហានទី២ និងត្រូវតែព្យាយាមញ៉ាំទឹកឱ្យបានច្រើនផងដែរ ។ អ្វីដែលល្អបំផុតនោះ គឺក្រោយពេលនាងអាចសម្រកបាន១០គីឡូ វាហាក់បីដូចជាការរីករាយមួយដែលមិនធ្លាប់នឹកស្មាន នាងអាចមានអារម្មណ៍ល្អ បញ្ហាសុខភាពក៏ល្អប្រសើឡើងវិញ និងមានរូបរាងនិងសម្រស់ស្រស់ស្អាតជាងមុនផងដែរ។
អត្ថបទដោយ៖ តឹក ស៊ីថា